Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំង នគរបាល ទូទាំង ខេត្តបន្ទាយ មានជ័យ បើកប្រតិបត្តិការ ចុះត្រួត ពិនិត្យរដ្ឋបាល ពង្រឹង សន្តិសុខ ជូនប្រជាពលរដ្ឋ

$
0
0

- ជាលទ្ធផល មុខសញ្ញា ចែកចាយ គ្រឿងញៀន និងជនប្រើអាវុធ ខុសច្បាប់ មួយចំនួន ត្រូវបានឃាត់ខ្លួន

បន្ទាយមានជ័យ ៖ តបតាមអ្វី ដែលខ្លួនបាន បើកកិច្ចប្រជុំ ដាក់ផែនការ ការពារ សន្តិសុខ នៅទូទាំងខេត្ត ក្នុងព្រះ រាជពិធីបុណ្យអុំទូក និងពិធីបុណ្យឯករាជ្យជាតិ កាលពីប៉ុន្មានថ្ងៃ កន្លងមកនោះ កម្លាំងនគរបាល ទូទាំងខេត្តបន្ទាយ មានជ័យ ទាំងថ្នាក់ ស្នងការ ដ្ឋាន នគរបាលខេត្ត នគរបាល តាមបណ្តា ស្រុក-ក្រុង ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការ នគរបាល លោកឧត្តមសេនីយ៍ អាត់ ខែម បានបើក ប្រតិបត្តិការ ចុះធ្វើរដ្ឋបាល ទាំងយប់ នៅ តាមដងផ្លូវ ដើម្បីឆែក អាវុធជាតិផ្ទុះ និងឃាត់ខ្លួន មុខសញ្ញាផ្សេងៗ ដែលធ្វើដំណើរ ឆ្លងកាត់ ។

ជាលទ្ធផល ដែលទទួលបាន ពីយុទ្ធនាការ នៃការចុះធ្វើរដ្ឋបាល តាមដងផ្លូវ សាធារណៈ ខាងលើនេះ កម្លាំងនគរបាល បានឃាត់ខ្លួន ជនសង្ស័យ មួយចំនួន ពាក់ព័ន្ធ ទៅនឹងសកម្មភាព ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន និងមុខសញ្ញា ដែលមានអាវុធខ្លី នៅក្នុងដៃទៀតផង ។

ក្រោយពីការឃាត់ខ្លួន កម្លាំងសមត្ថកិច្ច ក៏បានដកហូត វត្ថុតាងជា គ្រឿងញៀន កាំភ្លើងខ្លី និងម៉ូតូ ជិះធ្វើសកម្មភាព ផងដែរ ។

ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ លោកឧត្តម សេនីយ៍ អាត់ ខែម បានបញ្ជាក់ថា នេះជាវិធានការ ធ្វើរដ្ឋបាល ធ្វើជំរឿន និងឆែកអាវុធជាតិ ផ្ទុះនៅ ទូទាំងខេត្ត ហើយយកគោលដៅ ពីរធំៗ គឺក្រុងសិរីសោភ័ណ នៅទីរួមខេត្ត និងនៅ ក្រុងប៉ោយប៉ែត ហើយគោលដៅខ្លះ ក៏មានការចូលរួម ពីកម្លាំងអាវុធហត្ថ ផងដែរ ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា «នេះគឺជាសកម្មភាពមួយ ដែលយើងធ្វើឡើង ដើម្បីបង្កា និងបង្កើន បញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក ក៏ដូចជា វិធានការ ទប់ស្កាត់ និងបង្កា បទល្មើស នៅក្នុងពិធីបុណ្យ ឯករាជជាតិ ថ្ងៃទី៩វិច្ឆិកា នាពេលខាងមុខនេះ» ។

បើតាម លោកស្នងការ ក្រោយពីចុះត្រួត ពិនិត្យរដ្ឋបាល និងឆែកអាវុធជាតិ ផ្ទុះរួចមក កម្លាំងសមត្ថកិច្ច របស់លោក បានឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ជិត១០នាក់ ដែលជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាព ចែកចាយ គ្រឿងញៀន និងការប្រើប្រាស់ អាវុធខុសច្បាប់ ហើយវត្ថុតាងទាំងនេះ ត្រូវបានរកឃើញ នៅក្នុងខ្លួន និងនៅក្នុងម៉ូតូ របស់ពួកគេ។ ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន នៅក្រុងប៉ោយប៉ែត ខណៈកំពុងចុះធ្វើ រដ្ឋបាល កាលពីយប់មិញ។

អធិការនគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល ដែលដឹកនាំ កម្លាំងនគរបាល ចុះធ្វើរដ្ឋបាល កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានថ្លែងឲ្យដឹងថា ជនសង្ស័យ ចំនួន៤នាក់ ក្នុងនោះ ស្រីម្នាក់ត្រូវបាន ឃាត់ខ្លួន នៅចំណុចមុខ សាលា សង្កាត់ប៉ោយប៉ែត ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ។

លោកអធិការនគរបាល ក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀតថា ក្រោយការចាប់ខ្លួន ជនសង្ស័យ ទាំងនេះ កម្លាំងនគរបាល របស់លោក បានដកហូតថ្នាំញៀន ប្រភេទ ម៉ាទឹកកក ចំនួន១៦ កញ្ចប់តូច និងម៉ូតូម៉ាក សេ១២៥មួយគ្រឿង ផងដែរ ។

លោកអធិការក្រុង អ៊ុំ សុផល បានបន្តទៀតថា សម្រាប់ការ ចុះធ្វើរដ្ឋបាល នៅមុខផ្លូវចូល ភូមិដុងអារ័ញ្ញ កម្លាំងនគរបាល របស់លោក ក៏បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ផងដែរ ពីបទប្រើប្រាស់ កាំភ្លើងខ្លីជ័រ។

ជនសង្ស័យរូបនេះ មានឈ្មោះ លៀង ឡុង អាយុ២១ឆ្នាំ ។ ដោយឡែក កម្លាំងនគរបាល នៅប៉ុស្តិ៍ប្រជាការពារ ព្រហ្មនិមិត្ត បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដោយដកហូតថ្នាំញៀន ប្រភេទ ម៉ាទឹកកក១កញ្ចប់តូច និងម៉ូតូ ម៉ាកសេ១២៥ មួយគ្រឿងផងដែរ ។ ជនសង្ស័យរូបនេះ មានឈ្មោះ គិត រិទ្ធីសែន អាយុ៣២ឆ្នាំ ។

សូមបញ្ជាក់ថា ដើម្បីប្រឈម ទៅនឹងការ ទប់ស្កាត់ ក៏ដូចជា រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ និងអ្នក រកស៊ីទាំងឡាយ នៅក្នុងខេត្ត ឲ្យមានអារម្មណ៍ ស្រួលចិត្តនោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម កាល ពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបើកកិច្ច ប្រជុំមួយ ដើម្បីណែនាំ ដាក់ផែនការ និងជំរុញលើការងារ ទាំងនេះ ឲ្យកាន់ តែមានប្រសិទ្ធ ភាព ខ្លាំងឡើង។

កិច្ចប្រជុំដែលធ្វើឡើង នៅស្នងការដ្ឋាន នគរបាលខេត្ត មានការអញ្ជើញ ចូលរួមពីសំណាក់ស្នងការរង ទទួលផែនស្ថិតិ ស្នងការរង ទទួលផែន ព្រហ្មទណ្ឌ នាយការិយាល័យជំនាញ អធិការនគរបាល តាមបណ្តាស្រុកក្រុង និងនាយ នគរបាល តាមបណ្តាប៉ុស្តិ៍រដ្ឋបាល ទាំង៦៥ នៅក្នុងខេត្តផងដែរ។

នៅក្នុងកិច្ច ប្រជុំខាងលើនេះ លោកឧត្តមសេនីយ៍ អាត់ ខែម បានផ្តោតសំខាន់ លើការ ការពារ សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាម ភូមិឃុំ ជាពិសេសនោះ គឺនៅតាមផ្សារធំៗ និងទីប្រជុំជន ដែលមាន កន្លែង ដូរលុយ កន្លែងលក់មាស ជាដើម ។

លោកឧត្តមសេនីយ៍ស្នងការ បាន បញ្ជាក់ថា «យើងត្រូវពង្រឹង ប៉ុស្តិ៍រដ្ឋបាលឡើងវិញ អំពីបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ដែលត្រូវការពារ ក្នុងព្រះរាជពិធីបុណ្យអុំទូក ហើយដើរល្បាត រឹតបន្តឹងយាមកាម តាមឃុំសង្កាត់ តាមស្រុកក្រុងណា មានផ្សារ មានទូមាស មានកន្លែងដូរលុយ ត្រូវមានការប្រុងយ័ត្ន ដោយសារតែ ក្រុមចោរ អាចមានឧបាយកល បុកទៅកន្លែងទូមាស ដូរលុយ ដូចកើត មានឡើង នៅតាមខេត្តផ្សេងនោះ»។

លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថាទៀត «កម្លាំងនគរបាលរបស់យើង ត្រូវមានអាវុធគ្រប់ដៃ នៅតាមកន្លែង យាមកាមទាំងនោះ ដើម្បីជួយអន្តរាគមន៍ភ្លាមៗ នៅពេលបាន សភាពការណ៍ អ្វីមិនស្រួលនោះ»។

ដោយឡែក លើការជំរុញ នៃការ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានោះ ជាពិសេស ចំពោះអ្នកមាន ទ្រព្យសម្បត្តិច្រើន និងអ្នករកស៊ីធំៗ លោកស្នងការខេត្តបន្ទាយមានជ័យ បានប្រាប់ទៅមន្រ្តី នគរបាលទាំងអស់ បង្កើនការចែកមូលប័ណ្ណ ទាក់ទង តាមបណ្តា ប៉ុស្តិ៍រដ្ឋបាល និងតាមអធិការដ្ឋាន នគរបាល តាមបណ្តាស្រុកក្រុង ងាយស្រួល ដល់ប្រជាពលរដ្ឋ ស្វែងរកជំនួយពីយើងភ្លាមៗ។

ជាមួយគ្នានេះ មូលប័ណ្ណ របស់ស្នងការដ្ឋាន នគរបាលខេត្ត ក៏ត្រូវបង្កើនការចែកចាយ ជូនប្រជាពលរដ្ឋ ផងដែរ ដើម្បីឲ្យពួកគាត់ ចូលរួមទាំងអស់គ្នា និងរាយការណ៍ ភ្លាមៗ តាមរយះលេខទូរស័ព្ទ នៅពេលមាន បទល្មើសអ្វីមួយ កើត ឡើង។

កត្តាពង្រឹងបញ្ហាសន្តិសុខ ខាងលើនេះ ត្រូវបាន លោកស្នងការលើកឡើងថា ដើម្បីធានាសន្តិសុខកាន់តែល្អ ទាំងការដើរហើរ រស់នៅ រកស៊ី របស់ ប្រជាពលរដ្ឋ ឲ្យមានអារម្មណ៍ស្រួលចិត្ត។

ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ បានអះអាងថា« ជាទូទៅនៅ ក្នុងខេត្តបន្ទាយមានជ័យយើង មានសន្តិសុខល្អ ប្រសើរ ដែលប្រជាពលរដ្ឋ មានជំនឿទុកចិត្ត លើកម្លាំង នគរបាលយើង ដោយយើងបានចុះល្បាត តាមភូមិឃុំសង្កាត់ ទាំងយប់ ទាំងថ្ងៃ និងតំបន់ស្មុគស្មាញ ហើយយើងកំពុងជំរុញ ឲ្យមានការ ធ្វើវេទិកា សាធារណៈភូមិឃុំ មានសុវត្ថិភាពបន្តទៀត ដើម្បីស្តាប់សំណូមពរ និងការលើក ឡើងផ្សេងៗ របស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន »៕

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម កំពុងដាក់បទបញ្ជា ដល់កម្លាំងនគរបាល លើការពង្រឹងសន្តិសុខ


Viewing all articles
Browse latest Browse all 8042

Trending Articles