ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តនានា ដើម្បីចូលរួមកំសាន្តទស្សនា ព្រះរាជបុណ្យ អុំទូក អកអំបុក សំពះព្រះខែ បានធ្វើការរអ៊ូរទាំជាខ្លាំង ចំពោះកន្លែងផ្ញើម៉ូតូដែលបានទារ ថ្លៃខុសពីថ្ងៃធម្មតាមួយទ្វេជាពីរ គឺផ្សាររាត្រីយក៤០០០រៀល ក្នុងគ្រាដែលផ្សារចាស់យក ៣០០០រៀល។
គេសង្កេតឃើញថា រាល់មានកម្មវិធីបុណ្យជាតិធំៗ នៅកម្ពុជាទំនិញតាមទីផ្សារ នៅទូទាំង ប្រទេស មានការឡើងខុសពីសព្វមួយដង ជាក់ស្តែក្នុងព្រះរាជពិធីអុំទុកក្នុងឆ្នាំនេះ បន្ទាប់ ពីការអាកខានអស់រយៈពេល៣ឆ្នាំកន្លងមកនោះ ទំនិញ និងរបស់របរប្រើ ប្រាស់ផ្សេង ក៏បាន ឡើងថ្លៃដូចគ្នាដែលបញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋមកពីខេត្តមានការលំបាក ក្នុងការ ចំណាយថវិកាសម្រាប់ទិញរបស់ទាំងនោះ។
បុរសម្នាក់បានឲ្យដឹងថា គាត់បានយកម៉ូតូម៉ាក់វីវាទៅផ្ញើផ្សាររាត្រី ដើម្បីនាំប្រពន្ធកូនទៅ មើលការបណ្តែតប្រទីប កាលពីរាត្រីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលជាថ្ងៃបុណ្យ អុំទូកទី១។បន្ទាប់ពីវិលត្រឡប់មកវិញដើម្បីយកម៉ូតូជិះ ទៅផ្ទះស្រាប់តែ ម្ចាស់ផ្ញើទាររហូតដល់៤០០០រៀលធ្វើឲ្យគាត់មានការ ហួសចិត្តជាខ្លាំង។
ចំណែកស្រ្តីម្នាក់ទៀតដែលបានយកម៉ូតូផ្ញើនៅផ្សារចាស់វិញបានឲ្យដឹងស្រដៀងគ្នាដែរ រាល់ដងនាងយកម៉ូតូផ្ញើនៅកន្លែងផ្សារ ចាស់យកថ្លៃត្រឹម១៥០០រៀល ក្នុងមួយយប់ ប៉ុន្តែព្រឹកមិញនាង បានទៅយកម៉ូតូស្រាប់តែគេទារ៣០០០រៀល។
ស្រ្តីខាងលើបានឲ្យដឹងថា «ខ្ញុំក៏បានសួរទៅអ្នកទារលុយនោះថា ម៉េចក៏យកថ្លៃ ម្ល៉េះអ្នកទារដែលជាឈ្នួល បានប្រាប់ថា ថៅកែឲ្យយកថ្លៃ៣០០០រៀល ក្នុងរយៈពេលេ៣ថ្ងៃនៃបុណ្យអុំទូក»។
ដោយឡែកយុវជនឈ្មោះ ឡី បានប្រាប់ឲ្យដឹងថា ខ្លួនបានយកម៉ូតូទៅផ្ញើនៅក្រោយ វត្តលង្ការម្ចាស់ផ្ញើបានទារ ថ្លៃរហូតទៅដល់៥០០០រៀល។
ទាក់ទងទៅបញ្ហាទាំងអស់នេះ លោក ឡុង ឌីម៉ង់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ថា លោកមិនដឹងរឿង ទាំងអស់នេះទេ ព្រោះមិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកទេ ព្រោះស្ថិតនៅក្រោមការគ្រប់គ្រង របស់ខណ្ឌនីមួយៗ៕