ភ្នំពេញៈ ខណៈដែលកំពុងបើកបរក្នុងល្បេឿនលេឿន យុវជនវ័យក្មេងម្នាក់មិនអាចគ្រប់គ្រងដៃចង្កូត ក៏ជ្រុលទៅបុកផ្ទុបនឹងរថយន្តមួយគ្រេឿង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ នៅម៉ោង ២១៖១០ នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវលេខ៣៤៨ កែងផ្លូវលេខ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា យុវជនរងគ្រោះ ឈ្មោះ រ៉េន សុគា អាយុ២៦ឆ្នាំ បានស្លាប់នៅនឹងកន្លែង កើតហេតុក្នុងហេតុការណ៍គ្រោះថ្នាក់ចរាច បន្ទាប់ពីបានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1-K8203 ជ្រុលចង្កូតបុកជាមួយរថយន្ត វីហ្គូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-7435។
មន្រ្តីនគរបាលបានបញ្ជាក់ថា យុវជនរងគ្រោះ មានស្រុកកំណើតនៅភូមិជុំរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេកគ្រោះថ្នាក់ ជនរងគ្រោះបានជិះម៉ូតូយ៉ាងលេឿនតាមផ្លូវលេខ៣៤៨ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបុកផ្ទប់នឹងរថយន្តដែលធ្វើដំណើរតាមផ្លូវ១៩៣ ពីជើង ទៅត្បូងយ៉ាងពេញទំហឹង។
សាក្សីបន្តទៀតថា យុវជនរងគ្រោះបានផ្លោង ទៅបោកផ្ទប់នឹងរថយន្ត ហើយដួលបោកក្បាលនឹងថ្នល់បែកក្បាល ស្លាប់ភ្លាមៗ ដោយឡែកម៉ូតូ និងរថយន្តសុទ្ធតែរងការខូចខាតច្រើនដូចគ្នា។
ក្រោយហេតុការណ៍នេះបន្តិច កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង រួចយកម៉ូតូ និងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយពេលក្រោយ តាមនីតិវិធីច្បាប់ ឯសពជនរងគ្រោះសមត្ថកិច្ចក៏បានធ្វើការទាក់ទងសាច់ញាតិដើម្បីទទួលយកទៅធ្វើបុណ្យផងដែរ។
បើតាមអ្នកដំណើរតាមផ្លូវម្នាក់បានបញ្ជាក់ថា ហេតុការនេះអាចបង្កឡើងដោយសារភាគីម៉ូតូ ដោយយុវជនរងគ្រោះបើកបរដោយខ្វះការប្រុងប្រយ័ត្ន បើកលេឿន ដល់ផ្លូវកែងមិនព្រមបន្ថយល្បេឿន ទើបមិនអាចគ្រប់គ្រងបានរួចជ្រុលចង្កូតបុករថយន្តតែម្តង៕