ភ្នំពេញ ៖ ក្រុមអាជីវករ ជាអ្នកលក់ដូរ តាមដងផ្លូវ ជាពិសេស ក្នុងទឹកដី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បាននាំ គ្នាត្អូញត្អែរ ចំពោះការទារភាស៊ី ថ្លៃហួសហេតុ របស់អាជ្ញាធរ ទាំងសង្កាត់ និងខណ្ឌ ខណៈដែលការ លក់ដូរ របស់ពួក គាត់ មិនសូវចំណេញ និងមិនសូវដាច់ ។
អាជីវករ មួយរូប ដែលរកស៊ី ដាក់គប់ប៉េងប៉ោង គ្រឿងហូបចុក និងភេសជ្ជៈ ជាដើម នៅតាមផ្លូវសុធារស ទល់មុខ ទីស្នាក់ការ ប៉ុស្តិ៍នគរបាល ទន្លេបាសាក់ ខណ្ឌចំការមន ដែលដាក់តាំងលក់ និងរកស៊ី ក្នុងព្រះរាជ ពិធីបុណ្យអុំទូក ខាងលើនេះ បានត្អូញត្អែរថា អាជ្ញាធរ បានមកទារលុយ ពីពួកគាត់ ចំនួន៥០០ ដុល្លារ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យជាតិមួយនេះ ហើយបើទោះបីជាពួកគាត់ សុំត្រឹម២០០ ដុល្លារ ឬជាងនេះបន្តិចបន្តួច ក៏អាជ្ញាធរមិន យល់ព្រមដែរ ។
តាមការលួចបង្ហើប របស់អាជីវករ រកស៊ីតាមដងផ្លូវ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានឱ្យដឹងថា អ្នកដែល មកទារភាស៊ី គឺអាជ្ញាធរ សង្កាត់ទន្លេបាសាក់ និងអាជ្ញាធរខណ្ឌចំការមន ។
ពួកគាត់និយាយថា បើមួយថ្ងៃលក់បាន ១លាន-២លាន ទើបអាចរួចខ្លួន តែបើជាក់ស្តែង លក់បាន ត្រឹម៣០ម៉ឺន ទៅ៥០ម៉ឺននោះ ច្បាប់ជាឡុងចុង មិនខានឡើយ ពីព្រោះថ្លៃភាស៊ី រហូតទៅ ដល់៥០០ដុល្លារ ឯណោះ រយៈពេល៣ថ្ងៃនេះ ។
ដោយឡែក ក្រុមអាជីវករ ដែលរកស៊ីលក់កាហ្វេ និងគ្រឿង ហូបចុកដូចជាមីឆា លតឆា និងបាយឆាជាដើម នៅតាមបណ្តោយផ្លូវ ខាងជើងរបង ស្ថានទូត រុស្ស៊ី ក៏បានត្អូញត្អែរ ផងដែរ ចំពោះបញ្ហានេះ ដែលធ្វើឱ្យពួកគាត់ មានការលំបាក និង ប្រឈមមុខ ក្នុងជីវភាព ប្រចាំថ្ងៃ ។
ក្រុមអាជីវករទាំងនេះ បាននិយាយថា រយះពេលមួយថ្ងៃ គឺខាងអាជ្ញាធរតម្រូវឲ្យបង់ចំនួន៣០ដុល្លារ ដូច្នេះរយះពេល៣ថ្ងៃ គឺមានចំនួន៩០ដុល្លារ។ ក្រុមអាជីវករទាំងនេះ សូមធ្វើការ អំពាវនាវដល់ ថ្នាក់ដឹកនាំ មេត្តាត្រួតពិនិត្យ បញ្ហានេះផង ថាតើមានការគោលការណ៍ពីលើ ឲ្យទារភាស៊ីថ្លៃៗយ៉ាងនេះឫមួយអត់?