ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលតែងធ្វើសកម្មភាព លួចកាត់សោ និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ យ៉ាងសកម្ម នៅ ក្នុងភូមិសាស្រ្តសង្កាត់បឹងទំពុន និងអ្នកទិញផលចោរកម្មម្នាក់ ត្រូវបាននគរបាល ប៉ុស្តិ៍ចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្ម ភាពគាស់ កាត់សោផ្ទះលួច កាលពីយប់ ហើយបានជិះម៉ូតូដែលលួចបាន ទៅដេកនៅក្នុងផ្ទះជួល ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
លោកអនុសេនីយ៍ទោ ឡូ ភារម្យ បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងរបស់លោកឃាត់ខ្លួននេះ ម្នាក់ឈ្មោះ បូរ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀត ឈ្មោះ ភីយ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ។ ទាំង២នាក់នេះ ស្នាក់នៅផ្ទះជួលភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកម្ចាស់ម៉ូតូ ដែលដេក មិនដឹងចោរកាត់សោ និង គាស់ទ្វារផ្ទះលួចយកម៉ូតូ ឈ្មោះ តែ សុភ័ក្រ ភេទប្រុស អាយុ ៣០ឆ្នាំ ជានិស្សិត ស្នាក់ផ្ទះកើតហេតុ ក្នុងភូមិត្នោតជុំ ផ្លូវ លេខ ៨៩បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ដោយឡែកអ្នកទិញផលចោរកម្ម មិនស្គាល់ឈ្មោះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បូរ៉ា បានសារភាពថា កាលវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ រូបគេបានធ្វើសកម្មភាពគាស់ផ្ទះមួយ ដែលម្ចាស់ផ្ទះចាក់ សោចោល ហើយក៏ចូលលួចម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-0076 ពេលលួចបានហើយ ជិះម៉ូតូនេះមកសម្ងំដេកនៅផ្ទះ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ លុះព្រឹកឡើង ត្រូវសមត្ថកិច្ចព័ទ្ធចាប់បានតែម្ដង។
នាយនគរបា លប៉ុស្តិ៍បឹងទំពុន លោក ឡូ ភារម្យ បានបញ្ជាក់ថា កន្លងមកជនសង្ស័យ ធ្លាប់បានប្រើប្រាស់គ្រឿងញៀននិងធ្លាប់ធ្វើសកម្មភាពជាមួយបក្ខពួក ២នាក់ទៀត ។ លោកនាយនគរបាលប៉ុស្តិ៍ បានបញ្ជាក់ថា ការឈានដល់ចាប់ បានជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុន គឺដោយសារតែ ជនរងគ្រោះ ជាម្ចាស់ម៉ូតូបានប្តឹងមកប៉ុស្តិ៍ រួចហើយជនរងគ្រោះ បង្ហាញប្រព័ន្ឋតាមដាន ដែលបានភ្ជាប់នឹងម៉ូតូ ទើប ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ ដល់កន្លែងលាក់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំ រឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ៕