បាត់ដំបង ៖ កម្លាំងនគរបាល ក្រុងបាត់ដំបង បានចាប់បញ្ជូនជនសង្ស័យ ២នាក់ ទៅស្នងការខេត្ត នៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ពីបទ បំផ្លាញទ្រព្យអ្នកដទៃ បន្ទាប់ពីជនសង្ស័យបានប្រព្រឹត្ត យកដាវវ៉ៃកម្ទេចម៉ូតូជនរង គ្រោះ កាលពីវេលាម៉ោង ២២និង២០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចក្រុមទី៩ ភូមិ សង្កាត់ទួលតា ឯក ក្រុងបាត់ដំបង កន្លងទៅ ។
លោក ស៊ន កុសល នាយផ្នែកនគរបាល ព្រហ្មទណ្ឌក្រុងបាត់ដំបង បានឱ្យដឹងថា កាលពីវេលាម៉ោង ២២និង២០នាទី យប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចក្រុមទី ៩ ភូមិ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានករណីហិង្សាមួយ បានកើតឡើង បង្កដោយជនសង្ស័យ៣នាក់ បានយកដាវសាម៉ូរ៉ៃ ២ដើម ដេញកាប់ជនរងគ្រោះ និងបានកាប់ម៉ូតូរបស់ ជនរងគ្រោះបណ្តាលឱ្យខូចខ្ទេចស្ទើរទាំងស្រុង ដោយសារតែគំនុំចាស់ រួចគេចខ្លួនបាត់ ។ បន្ទាប់កើតហេតុហើយ ជន រងគ្រោះបានប្តឹងទៅសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ។ បន្ទាប់ពីបានទទួលបណ្តឹងហើយ សមត្ថកិច្ចបានស្រាវជ្រាវ ឈាន ដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់មាន ៖ទី១ ឈ្មោះ ផាន សុវណ្ណារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ អញ្ចាញ សង្កាត់អូចារ ក្រុងបាត់ដំបង ទី២ ឈ្មោះ អឿន ចាន់រស្មី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ សង្កាត់ទួលតា ឯក ក្រុងបាត់ដំបង និងទី៣ ឈ្មោះ តេស ភេទប្រុស អាយុ១៨ឆ្មាំ គ្មានទីលំនៅពិតប្រាកដ បានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះមានឈ្មោះ ថា វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន និងរឹបអូសបានដាវសាម៉ូរ៉ៃ២ដើម នាំយកមកសាកសួរនៅអធិការក្រុង ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់បំផ្លាញម៉ូតូជនរងគ្រោះពិតប្រាកដមែន ដោយសារ គំនុំចាស់ធ្លាប់ទាស់សម្តីគ្នាកន្លងមក ។ បច្ចុប្បន្នមន្រ្តីជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាងទៅស្នងការ ខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕