យូអិន ៖ អ្នកនាំពាក្យ របស់អង្គការ សហប្រជាជាតិ លោក Stephane Dujarric បាននិយាយនៅ ថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ថា អគ្គលេខាធិការនៃអង្គការ សហប្រជាជាតិ លោក បាន គីមូន នឹងចាកចេញពីទីក្រុង ញ៉ូវយ៉ក នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និង អូស្រ្តាលី ដើម្បីចូលរួមកិច្ចប្រជុំក្នុង តំបន់និមួយៗ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយស្រង់ សម្តីអ្នកនាំពាក្យខាងលើបានឲ្យដឹងទៀតថា លោក បាន គីមូន នឹងធ្វើដំណើរទៅកាន់ ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា មុនគេ ដើម្បីចូលរួមកិច្ចប្រជុំ រវាង អង្គការសហប្រជាជាតិ និងអាស៊ាន លើកទី ៦ រួចហើយ ចូលរួមក្នុងកិច្ចប្រជុំអាស៊ីបូព៌ា លើកទី ៩។
លោក Stephane Dujarric បាននិយាយទៀតថា « លោក បាន នឹងជួបជាមួយមេដឹកនាំទាំងអស់ នៅក្នុង កិច្ចប្រជុំទាំងនេះ ហើយលោក នឹងជួបពិភាក្សាជាមួយ មន្ត្រីជាន់ខ្ពស់របស់ រដ្ឋាភិបាលភូមា ក៏ដូចជាមន្រ្តីរដ្ឋាភិបាលប្រទេសឯទៀតផងដែរ»។
បន្ទាប់ពី អគ្គលេខាធិការ អង្គការសហប្រជាជាតិ បញ្ចប់កិច្ចការរួចរាល់ នៅក្នុងប្រទេសភូមា លោកនឹងបន្តទៅកាន់ ប្រទេសអូស្រា្តលី ដើម្បីចូលរួមកិច្ចប្រជុំប្រទេសជាសមាជិក G20 ដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុង ប្រ៊ីសប៊ែន។
គួរបញ្ជាក់ផងដែរថា លោក Stephane Dujarric បានបញ្ជាក់ថា លោក បាន គីមូន នឹងជួប ពិភាក្សាទ្វេភាគីជាមួយ មេដឹកនាំដែលមកចូលរួមកិច្ចប្រជុំ G20 ទាំងអស់ ហើយលោកនឹងវិល ត្រលប់មកកាន់ទីក្រុង ញូយ៉ក វិញ នៅថ្ងៃទី១៧ ខែវិច្ឆិកា៕