បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ជិត១០០នាក់ បានរួមគ្នា បើកយុទ្ធនាការ ចុះសំអាតអនាម័យ និងបាញ់ទឹកលាងសំអាត នៅតាម តំបន់សំខាន់ៗ ក្នុងទីរួមខេត្ត ដូចជា កន្លែង រូបសំណាក ព្រះបាទជ័យ វរ្ម័នទី៧ជាដើម ។
យុទ្ធនាការខាងលើនេះ បានធ្វើឡើង ក្រោយទីរួមខេត្ត មួយនេះ បានទទួលមនុស្ស រាប់ពាន់នាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលបាន បញ្ចប់ទៅ កាលពីថ្ងៃម្សិលមិញនោះ។
មន្រ្តីនគរបាល ខេត្ត បន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ក្រោយមានការណែនាំ ពីសំណាក់ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម រួចមក ស្នងការរង នគរបាល ចំនួន២នាក់ គឺលោក វង្ស ប្រាថ្នា ទទួលបន្ទុក ការងារ សន្តិសុខ និងលោក វង្ស វិត ទទួលផ្នែក អត្តសញ្ញាណប័ណ្ណ បានដឹក នាំកម្លាំង នគរបាលប្រមាណ៨០នាក់ ដើររើសសំរាម កាកសំណល់ផ្សេងៗ និងបាញ់ ទឹកលាងសំអាត នៅតាមទីសាធារណៈ ក្នុងក្រុងសិរីសោភ័ណ ដើម្បីលើកកម្ពស់ បញ្ហាបរិស្ថាន និងសោភ័ណឡើងវិញ។
មន្រ្តីនគរបាល ដដែលបានបញ្ជាក់ថា «កម្លាំងនគរបាលខេត្ត ជិត១០០នាក់ បានចាត់ចែង ការសំអាត នៅជុំវិញ កន្លែងដែលយើងរៀបចំ ពិធីបុណ្យជាតិ ហើយក្រៅ ពីនេះយើង បានសំអាត នៅកន្លែងមន្ទីរបក្ស»។
មន្រ្តីនគរបាលបន្តទៀតថា «យើងបានរៀបចំ កន្លែងពិព័រណ៌ ៩ វិច្ចិកា ស្អែកនេះដើម្បី ដែលជាពិព័រណ៌ របស់ស្នងការ និងមានពិព័រណ៌ ច្រើនទៀតនិង ស្តង់គ្រប់ប្រភេទ និងប្រទីប របស់ស្នងការនោះផង»។
ជុំវិញយុទ្ធនាការ សំអាតអនាម័យ ខាងលើនេះ ផងដែរ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងឲ្យដឹងថា «ការងារនេះដើម្បីរួមចំណែក ក្នុងការជួយ ឲ្យមាន សោភ័ណភាព នៅក្នុងក្រុង សិរីសោភ័ណ ពីសំណាក់កម្លាំងនគរបាល ដែលមានរាប់សិបនាក់ ។ ក្រៅពីការចូលរួមលើការងារ សន្តិសុខ យើងបានចូលរួម ការងារសំអាត បរិស្ថាន នៅក្នុងក្រុងតែម្តង»៕