Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មេដឹកនាំ បណ្តាញព្រះសង្ឃ ឯករាជ្យ បដិសេធ ការចូលស្បថ តទល់ជាមួយ លោក ឈាង វុន

$
0
0

ភ្នំពេញ៖ មេដឹកនាំ បណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានបដិសេធ ការចូលស្បថ តទល់ជាមួយនឹង លោក ឈាង វុន តំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា និងជា សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ប៉ុន្តែព្រះសង្ឃអង្គនេះ បានមានថេរដីកាថា បណ្តាញ ព្រះសង្ឃឯករាជ្យ នឹងបើកយុទ្ធនាការមួយ រួមទាំង ធ្វើការជាមួយ គណៈកម្មការទី៧ នៃរដ្ឋសភា ដើម្បីទាមទារ ឱ្យលោក ឈាង វុន សុំទោសជាសាធារណៈ រឿងប្រមាថមើលងាយ ចំពោះព្រះសង្ឃ កន្លងមក ។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមានសង្ឃដីកា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា “យើងអត់មាន ត្រូវស្បថអី ជាមួយលោក ឈាង វុន ព្រោះយើងមិនធ្វើការជាមួយ ឈាង វុន ទេ យើងធ្វើការជាមួយ គណៈកម្មការទី៧ និង ប្រធានរដ្ឋសភា យើងនឹងដាក់ញត្តិ ទៅប្រធានសភា តាមរយៈគណៈកម្មការទី៧ ឱ្យអប់រំ អ្នកតំណាងរាស្រ្ត ២៥ឆ្នាំ (នេះ)”។

លោក ឈាង វុន តំណាងរាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា និងជា សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា កាលពីថ្ងៃពុធ កន្លងទៅ បានអះអាងថា លោកហ៊ានចូលស្បថ នៅខាងមុខ ព្រះអង្គដង្កើ ជាមួយនឹង ក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីបញ្ជាក់ការពិត ជុំវិញបញ្ហាដែល បណ្តាញព្រះសង្ឃឯករាជ្យចោទថា លោកបានប្រមាថមើលងាយ ព្រះសង្ឃ និងសាសនា។

លោកឈាង វុន បានមានប្រសាសន៍ថា “បើសិនជាខ្ញុំមុសា ឱ្យខ្ញុំចុះនរក តែបើសិនជាព្រះអង្គមុសា ព្រះអង្គដាច់អប្បត្តិហើយចុះនរក លោកហ៊ានទេ អាហ្នឹង? បើលោកហ៊ាន អាហ្នឹង កន្លែងមានពីរ នែ! ថ្ងៃនេះក៏បាន ថ្ងៃស្អែកក៏បាន កំពុងតែមនុស្សពេញហើយ គឺព្រះអង្គដង្កើ ទៅព្រះអង្គដង្កើជាមួយខ្ញុំ ក្រុមរបស់លោកហ្នឹង ! ហើយបើមិនអញ្ចឹងទេ ហែរបាតុកម្ម កៀងគរគ្នា ទៅរដ្ឋសភា ទៅ! ខ្ញុំទទួល នៅរដ្ឋសភា ហើយនៅក្នុងនោះ មានព្រះអង្គៗធំណាស់ ជាទីសក្ការៈរបស់អ្នកតំណាងរាស្រ្ត យើងតែងតែ អុចធូប យើងនិមន្តលោក ចូលទៅក្នុងហ្នឹង គឺលោក ទិញ ទៅអុចធូប ហើយស្បថទៅ” ។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ លោក ឈាង វុន ត្រូវបានក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ចោទប្រកាន់ថា លោកបានប្រមាថដល់ ព្រះសង្ឃមួយអង្គព្រះនាម ណុប វណ្ណី ជាសមាជិក របស់ បណ្តាញព្រះសង្ឃឯករាជ្យ ព្រោះតែប្រាប់ឱ្យព្រះសង្ឃអង្គនេះ ដោះស្បង់ចីពរចេញ ខណៈមានទំនាស់ ពាក្យសម្តីគ្នា ពេលដែលរូបលោកចុះជួបសួរសុខទុក្ខជាមួយនឹង អ្នកមានជម្លោះដីធ្លីជាង១០០នាក់ មកពីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដែលបានមកស្នាក់នៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា ដើម្បីរកដំណោះស្រាយ នៅភ្នំពេញ។ លើសពីនេះ ព្រះសង្ឃទាំងនោះ ក៏បានចោទប្រកាន់ថា លោកឈាងវុន បានទិញស្រាបៀរឱ្យកីឡាករមកអុំទូក ដែលស្នាក់នៅក្នុងវត្ត ផឹកនៅក្នុងវត្តចាស់ ដែលធ្វើឱ្យខុសសីលធម៌ ប្រពៃណីទំនៀមទំលាប់សាសនាខ្មែរ។ ក្រុមព្រះសង្ឃទាំងនេះ ក៏គ្រោង នឹងបើក យុទ្ធនាការមួយ ដើម្បីឱ្យលោក ឈាង វុន សុំទោសជាសាធារណៈ ចំពោះរឿងទាំងនេះ ផងដែរ ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ឈាង វុន បានបដិសេធ នូវការចោទប្រកាន់ខាងលើ ហើយថា រឿងទាំងនេះ ជាការប្រឌិតមុសា ដើម្បីបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក៕


Viewing all articles
Browse latest Browse all 8042

Trending Articles