ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ហ្សង់-ក្លូដ ពាំបឺហ្វ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ បានបំពាក់គ្រឿងឥស្សរិយយស ជាតូបការ ថ្នាក់អស្សឫទ្ធិរបស់បារាំង ដល់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់ សង្គ្រាម (NPMEC) ។
សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំង ប្រចាំកម្ពុជាដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅ ថ្ងៃទី១១ វិច្ឆិកា បានឲ្យដឹងថា គ្រឿងឥស្សរិយយសនេះ គឺសម្រាប់ ផ្តល់ជូនបុគ្គលដ៏ស័ក្តិសម ទោះជាទាហានក្តី ឬស៊ីវិលក្តី ដែលមានស្នាដៃចំពោះ ប្រទេស បារាំង។
ពិធីនេះបានប្រព្រឹត្តទៅនៅស្ថានទូតបារាំង ដោយមានការចូលរួម ពីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង ប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណកម្មាធិការជាតិសម្រប សម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួម បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងវត្តមានឥស្សរជនកម្ពុជា និងបរទេសជាច្រើន រូបទៀត។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំងបានរំលឹកឡើងវិញអំពីស្នាដៃ និងប្រវត្តិការងារ គម្រូរបស់ នាយឧត្តម សេនីយ៍ សែម សុវណ្ណនី ក៏ដូចជាការខិតខំប្រឹងប្រែងមិនចេះនឿយហត់ របស់លោកក្នុងការអភិវឌ្ឍ មជ្ឈមណ្ឌល NPMEC។
បន្ទាប់ពីដឹកនាំមជ្ឈមណ្ឌលនេះតាំងពីឆ្នាំ២០០៣មក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានដើរតួនាទី យ៉ាងសំខាន់ក្នុងការបញ្ជូន កងយោធពលខេមរភូមិន្ទទៅចូលរួមក្នុងបេសកកម្ម ថែរក្សាសន្តិភាពអង្គការ សហប្រជាជាតិនៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងថ្មីៗនេះនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ សកម្មភាពសាមគ្គីភាពនេះមានលក្ខណៈគួរឲ្យកត់សម្គាល់ជាពិសេស ហើយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ កម្ពុជាលើឆាកអន្តរជាតិ រយៈពេលពីរទសវត្សរ៍បន្ទាប់ពីកម្ពុជា ខ្លួនឯងធ្លាប់បានទទួលជំនួយដ៏សន្ធឹកសន្ធាប់ ពីអង្គការ សហប្រជាជាតិ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១។
លោកឯកអគ្គរដ្ឋទូតក៏បានកោតសរសើរផងដែរដល់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលបានផ្តល់សារ សំខាន់ចំពោះការបង្រៀនភាសាបារាំងដល់ទាហានខ្មែរ។ លោកទូតមានប្រសាសន៍ថា ការបណ្តុះបណ្តាល ភាសាបារាំង ដែលជាផ្នែកមួយនៃ ការលើក ស្ទួយហ្រ្វង់កូហ្វូនីនៅកម្ពុជា ហើយក៏បង្ហាញពីលក្ខណៈអាជីព និងប្រសិទ្ធភាពការងារ របស់ កងទ័ពកម្ពុជា រហូតធ្វើឲ្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ទទួលបាន ការកោតសរសើរយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន៕