ព្រះសីហនុ៖ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាស្រុកព្រៃនប់ មានរៀបចំពិធី ប្រកាសតែងតាំង អភិបាលរង ស្រុកព្រៃនប់ ដែលពិធីនេះប្រព្រឹត្ត ទៅក្រោមអធិបតីភាពលោក ឈិត សុខុន អភិបាល ខេត្តព្រះសីហនុ ។ អញ្ជើញចូលរួម ក្នុងពិធីនេះមានលោក គង់ ផល្លា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក លោកស្រី អភិបាលរងខេត្តព្រះសីហនុ មន្រ្តីសាលាខេត្ត និងមន្រ្តី កងកំលាំងប្រដាប់អាវុធស្រុកព្រៃនប់ ជាច្រើនរូបទៀត ។
បន្ទាប់ពីលោក ទិត វុទ្ធី អភិបាល ស្រុកព្រៃនប់ បានឡើងអានរបាយ ការណ៍ស្តីពីការសំរេចបាន របស់សាលាស្រុក កន្លងមក លោក អៀម សារិន នាយក ការិយាល័យ ធនធានមនុស្ស សាលាខេត្តព្រះសីហនុ បានឡើងអានប្រកាស របស់ក្រសួងមហា ផ្ទៃលេខ៤៣២៨ ប្រក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ បានសំរេចតែងតាំងលោក សរ កក្កដា ជាអភិបាលរងស្រុកព្រៃនប់ ។ ក្រោយពីបានទទួលលិខិតប្រកាស តែងតាំងរួចមកលោក សរ កក្កដា បានឡើងធ្វើការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង រួមចំណែក ក្នុងការអភិវឌ្ឍ ភូមិ ឃុំ អោយមានការរីកចំរើន ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ។ បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពអោយមានប្រសិទ្ធិភាពបន្ថែមទៀត ។
លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានថ្លែងណែនាំក្នុងពិធីនេះថា គ្រប់មន្រ្តីចំណុះអោយសាលាស្រុកព្រៃនប់ ត្រូវចេះសហការ សាមគ្គីគ្នា ប្រមូលផ្តុំបញ្ញាញាណធ្វើការួមគ្នា ដើម្បីកសាងមូលដ្ឋានអោយកាន់តែមានការ រីកចំរើនបន្ថែមទៀត៕