ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ច ជាផ្លូវការទៅកាន់ ប្រទេសអូស្ត្រាលី នាពេលឆាប់ៗខាងមុខនេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី តូនី អាប៊ត ក្នុងអំឡុង ពេលកិច្ចពិភាក្សា ទ្វេគ្នាមួយគ្រាដែលថ្នាក់ដឹកនាំ ទាំងពីរចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី២៥ នាប្រទេសមីយ៉ាន់ម៉ា។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ថា សម្តេចតេជោ និងលោកអាប៊ត បានឯកភាពគ្នាលើការពង្រឹងការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ លើបញ្ហាជនភៀសខ្លូន នៅក្នុងប្រទេសកម្ពុជា។
ប្រភពដដែលបានដកស្រង់សេចក្តីរាយការណ៍ពី ទូរទស្សន៍ជាតិកម្ពុជា ឱ្យដឹងទៀតថា មេដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការបង្រ្កាបការជួញដូរគ្រឿងញៀននិងភេវរកម្មផងដែរ។
សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី សម្តេចតេជោ បានស្នើឱ្យក្រុមការងារប្រទេសទាំងពីរ បន្តពិភាក្សានិងកំណត់ពេលវេលាជាក់លាក់ផងដែរ៕