ថាណាលេង(ឡាវ)- ណងខៃ(ថៃ) ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន បានអញ្ជើញមន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួង មហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ឆាយ ប៊ុនណា និងក្រុមការងារចំនួន ២នាក់ទៀត និងមានការចូលរួម យកព័ត៌មាន ពីសំណាក់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលផងដែរ ដើម្បីសិក្សាស្វែងយល់ការងារ គ្រប់គ្រងការឆ្លងកាត់ចេញ-ចូល របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ នៅច្រកទ្វារអន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ រវាងចក្រទ្វារអន្តរជាតិណងខៃ ខេត្ត ឧត្តនថានី ប្រទេសថៃ ដែលប្រទេសទាំង២ បាន តភ្ជាប់ដោយស្ពានឆ្លងកាត់ទន្លេយ៉ាងវែង ដែលបានសាងសង់ កាលពីជិត២០ឆ្នាំកន្លងទៅ សម្រាប់តភ្ជាប់ ប្រទេសទាំង ២ ។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រុមហ៊ុន បានស្វែងយល់ ឃើញថា ការប្រើប្រាស់ E-Card ដែលបានកំពុងដាក់ឲ្យប្រើប្រាស់ ក្នុងការគ្រប់គ្រងភ្ញៀវទេសចរជាតិ អន្តរជាតិ ឆ្លង កាត់ច្រកទ្វារអន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទនោះ ជាការគ្រប់គ្រងនូវចំនួនភ្ញៀវទាំងអស់ ដែល បានឆ្លងកាត់ច្រកទ្វារនេះ ហើយបានបង់អាករលើកម្រៃឆ្លងកាត់ច្រកទ្វារ ដើម្បីថែទាំ គ្រប់គ្រង និងសាងសង់បន្ថែមនូវ ហេដ្ឋារចនាសម្ព័ន្ធ តម្រូវការមួយចំនួនរបស់ស្នាក់ការច្រកទ្វារ រួមទាំងកន្លែងបំពេញបែបបទ របស់សមត្ថកិច្ចទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងស្នាក់ការច្រកទ្វារនេះ។ និយាយរួមកម្រៃដែលបានមកពី E-Card នេះ ជាថវិកាថែទាំ និងចំណាយលើការគ្រប់គ្រង ស្នាក់ការច្រកទ្វារទាំងមូល របស់ប្រទេសឡាវ ។
លើសពីនេះទៅទៀតនោះ ក្នុងការចុះត្រួតពិនិត្យជាក់ស្តែង ក្រុមការងារបានឃើញថា ការបង់កម្រៃលើអាករ E-Card ដែលកំពុងប្រើប្រាស់ នូវច្រកទ្វារអន្តរជាតិថា ណាលេង (ឡាវ) មានតម្លៃ ៤៥បាត ស្មើនឹង ១,៥ដុល្លារអាមេរិក ពីគ្រប់ សមាសភាពឆ្លងកាត់ចេញ-ចូល ហើយអនុញ្ញាតឲ្យចូល និងចេញដោយបង់ប្រាក់តែម្តងក្នុងរយៈពេល ៤ម៉ោង លើស ពីនេះត្រូវទិញ E-Card ថ្មី ។
ភ្ញៀវទេសចរ ដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិថា ណាលេង ត្រូវបំពេញបែបបទរដ្ឋបាលឆ្លងដែនដូចធម្មតា បន្ទាប់មក បន្តដំណើរទៅទិញ E-Card រួចយកបែបបទនេះទៅប្រគល់ជូន មន្ត្រីអន្តោប្រវេសន៍ ត្រួតពិនិត្យ និងបោះត្រាលើលិខិត ឆ្លងដែនចូល និងចេញ ។ ក្រោយត្រួតពិនិត្យរួចភ្ញៀវទេសចរ អាចបន្តដំណើរដោយស៊ក E-Card ទៅម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីឲ្យបើកច្រកចេញបាន ។
សូមជម្រាបថា ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើង ក្រោយពេលដែលក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន បានរៀបចំ បទបង្ហាញដល់មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៤ នៅកម្ពុជា ។
លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន គ្រោងនឹងវិនិយោគលើប្រើប្រាស់ ប្រព័ន្ធ E-Card ក្នុងការគ្រប់គ្រង ការចេញ-ចូល ច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីជួយសម្រួលដល់ដំណើរការឆ្លងកាត់ ព្រំដែនឲ្យកាន់តែមានសណ្តាប់ធ្នាប់ល្អ រហ័ស ជាពិសេសងាយស្រួលគ្រប់គ្រងទិន្នន័យភ្ញៀវចេញ-ចូល ។
លោកបន្តថា ការគ្រប់គ្រង និងចាត់ចែងលើការចេញ-ចូល តាមបរិវេណចំណុចឆ្លងកាត់ផ្សេងៗ តាមព្រំដែនតាមប្រព័ន្ធ ព័ត៌មានវិទ្យា (IT) នេះ នឹងធ្វើឲ្យដំណើរឆ្លងកាត់មានសណ្តាប់ធ្នាប់ល្អ មានការបែបចែកច្បាស់លាស់ រវាងអ្នកដំណើរ ក្នុងស្រុក និងអ្នកដំណើរបរទេស រួមទាំងរថយន្តផងដែរ ។
លោកបន្ថែមថា «ច្រកដែលក្រុមហ៊ុននឹងធ្វើការវិនិយោគដោយប្រើប្រាស់ E-Card ជាច្រកគ្រប់គ្រងការចេញ-ចូល អន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ប្រយោជន៍មិនត្រឹមតែមានសណ្តាប់ធ្នាប់ និងការគ្រប់គ្រងចំនួនច្បាស់លាស់ប៉ុណ្ណោះ ទេ ថែមទាំងមានចំណូលសម្រាប់ថវិកាជាតិទៀតផង»៕