Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ដើរកម្សាន្ត រយៈពេលខ្លីលើទឹកដី វៀងច័ន្ទ ជួបព្រះភ្រ័ករូបសំណាក ស្ដេចខ្មែរ ជ័យ ជេដ្ឋាទី១

$
0
0

ដោយ ៖ សយ សុភាព

វៀងច័ន្ទ ៖ ដោយមិនបានគ្រោងទុក ខ្ញុំបានធ្វើដំណើរទៅដល់ទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ដោយឆ្លងកាត់ច្រកព្រំដែនអន្ដរជាតិ ណងថៃ ខេត្ដឧត្ដថានី នៃប្រទេសថៃ ទល់និងច្រកអន្តរជាតិថាណាឡាង រដ្ឋធានីវៀងច័ន្ទ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លង ទៅនេះ នៅក្នុងដំណើរបេសកកម្ម ស្វែងយល់ពីរបៀបប្រើអ៊ីខាត (E-Card) គ្រប់គ្រងច្រកព្រំដែន យើងខ្ញុំបានឆ្លង កាត់ព្រំដែនចូលប្រទេសឡាវ ដែលមានមន្ដ្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោកឧត្ដមសេនីយ៍ឆាយ ប៊ុណ្ណា ប្រធាននាយកដ្ឋានអន្តោប្រវសន៍ និងសហការីពីររូប ព្រមទាំងលោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអេប៊លម៉ាធីសូលូសិន និងក្រុមការងារ ។

រថយន្ដទេសចរណ៍១២កៅអី បានដឹក ក្រុមការងារយើងខ្ញុំ ចូលមកទទួលទានអាហារ ថ្ងៃត្រង់ នៅក្នុងទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ដែលមានចម្ងាយត្រឹមតែជាង ៤០គីឡូម៉ែត្រ ពីព្រំដែនប្រទេសថៃប៉ុណ្ណោះ ។ នៅពេលធ្វើដំណើរតាមផ្លូវ ខ្ញុំបានសង្កេតមើលនូវទិដ្ឋភាពទាំងឡាយ ដែលបានឆ្លងកាត់ ធ្វើឱ្យខ្ញុំនឹកឃើញ ភ្លាមមកដល់មាតុភូមិកម្ពុជា របស់ខ្ញុំ ដែលអាចនិយាយបានថា របៀបរបបរស់នៅរបស់ប្រជាពលរដ្ឋឡាវ និងប្រជាពលរដ្ឋខ្មែរ មិនខុសគ្នាប៉ុន្មាននោះឡើយ ជាពិសេសសំណង់អគារ វត្ដអារាម ផ្ទះសម្បែង គឺស្ទើរតែដូចគ្នាបេះបិទ ។ បើទោះបីប្រទេសឡាវ បានមានសន្ដិភាពចាប់តាំងពីចុងឆ្នាំ១៩៧៥មកដល់ពេលបច្ចុប្បន្នក្តី តែ ការអភិវឌ្ឍ ហាក់បីដូចជានៅយឺតជាងប្រទេសកម្ពុជា  ដែលទើបតែបញ្ចប់សង្គ្រាមទាំង ស្រុងនៅថ្ងៃទី០២ធ្នូ ឆ្នាំ១៩៩៨ ។ មកដល់ត្រឹមចំណុចនេះ ខ្ញុំហាក់ដូចជាមានមោទនភាពចំពោះជាតិ បើទោះបីនៅក្នុងប្រទេស យើងតែងតែ ឮពាក្យថា អភិវឌ្ឍន៍យឺតបញ្ហាអយុត្ដិធម៌ក្នុងសង្គមច្រើន យ៉ាងណាក្តី ប៉ុន្ដែ ប្រៀបធៀបជា មួយប្រទេសឡាវ ដែលរស់នៅក្នុងសុខសន្ដិភាពជាង ៤០ឆ្នាំមកនោះ ខ្ញុំត្រូវតែមានមោនទភាព ចំពោះប្រជាជាតិកម្ពុជា ដ៏កម្សត់ ដែលបាននឹង កំពុងពួតដៃគ្នាអភិវឌ្ឍន៍ប្រទេស រួមទាំងរកយុត្ដិធម៌ជូន សង្គម ពីគ្រប់ខ្មែរនិន្នាការទាំងអស់ ។ មានន័យ ថា យើងជាខ្មែរត្រូវមានតែមានមោទនភាព ចំពោះខ្លួន ហើយនាំគ្នាធ្វើបន្ដទៀត ដើម្បីរំលំសត្រូវនៅចំពោះមុខរបស់ យើង នោះគឺភាពអយុត្ដិធម៌ក្នុងសង្គម ។

ក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្ដ អ្នកបកប្រែម្នាក់ បាននិយាយប្រាប់ពួកយើង ទាំងអស់គ្នាថា ទៅមុខបន្ដិចទៀត យើងនឹង បានឃើញនិវេសនដ្ឋានឯកអគ្គរាជទូតខ្មែរនៅខាងឆ្វេងដៃ នៅទីក្រុងវៀងច័ន្ទ ដែលស្ថិតនៅតាមដងផ្លូវ ធ្វើដំណើរពីព្រំដែន បន្ទាប់មកឆ្ពោះទៅមុខបន្ដិចទៀត យើងនឹងឃើញស្ថានឯកអគ្គរាជទូតខ្មែរនៅខាងស្ដាំដៃ ។ រំពេចនោះ ខ្ញុំក៏បាននឹកគិតភ្លាមថា ឯកអគ្គរាជទូតប្រចាំនៅប្រទេសឡាវ ខ្ញុំស្គាល់ នោះ គឺលោកហាស់ សេរីធុន ដែលជាមន្ដ្រី ជំនាញជាន់ខ្ពស់មួយរូបនៅក្រសួងការបរទេស ដែលទើបនឹងត្រូវបាន បានតែងតាំងជាឯកអគ្គរាជទូត ប្រចាំនៅទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ជាង១០ខែប៉ុណ្ណោះ បន្ទាប់ពី រូបលោកបានបញ្ចប់តំណែង ជាឯកអគ្គរាជទូតនៅប្រទេសហ្វីលី ពីន កាលពីចុងឆ្នាំ២០១២ ដោយសារតែ នយោបាយការបរទេសកម្ពុជា-ហ្វីលីពីន មិនចុះសម្រុងគ្នា ជុំវិញបញ្ហា សមុទ្រចិនខាងត្បូង ក្នុងពេល ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលវិលជុំអាស៊ាន កាលពីចុងឆ្នាំ២០១២ ។ ខ្ញុំក៏បានប្រាប់ទៅអ្នកបកប្រែឱ្យប្រាប់អ្នកបើករថយន្តថា ខ្ញុំមានបំណងចង់ជួបលោកទូត ដោយសុំឱ្យឈប់រថយន្ត នៅមុខស្ថានទូតនៅពេលទៅដល់ ។ ១០នាទីក្រោយមក គឺនៅក្នុងវេលាម៉ោង១០និង៥០នាទី ថ្ងៃទី១២ ខែវិច្ឆិកា បន្ទាប់ពីឆ្លងព្រំដែននៅវេលាម៉ោង១០និង៣០នាទី រថយន្ដបានឈប់មុខស្ថានទូត ហើយខ្ញុំបានចូលទៅក្នុងស្ថានទូត រួចក៏ជួបមន្ដ្រីពីររូប ដែលកំពុងធ្វើការនៅទីនោះ ហើយខ្ញុំក៏បានឧទ្ទេសនាម ខ្លួនខ្ញុំ និងសួររកលោកទូតថា នៅក្នុងការិយាល័យដែរឬទេ? ។ ដោយមិនបង្អង់យូរភាពរួសរាយរាក់ទាក់នៃមន្ដ្រីការទូតខ្មែរ ក៏បានឆ្លើយតបវិញថា ឯកឧត្ដមឯកអគ្គរាជទូត អញ្ជើញចេញទៅខាងក្រៅ ជូនដំណើរភ្ញៀវខ្មែរ ត្រឡប់ទៅភ្នំពេញវិញ នៅព្រលានយន្ដហោះ ទីក្រុង វៀងច័ន្ទ។ ខ្ញុំក៏សុំអនុញ្ញាតឱ្យលេខាទូតផ្ដល់លេខទូរស័ព្ទរបស់ លោកទូត ដើម្បីខ្ញុំទូរស័ព្ទរកលោក ក្នុងគោលបំណងអញ្ជើញលោកទទួលទានអាហារថ្ងៃ ដោយមិនបានព្រាងទុកជាមុន ព្រោះគិតថា ខ្ញុំនឹង លោកទូត បានរាប់អានជិតស្និទ្ធ នឹងគ្នាជិត២០ឆ្នាំមកហើយ ម្យ៉ាងគិតថា លោកទូត នឹងមានកាយវិការ ទន់ភ្លន់មិនជំទាស់ ទៅនឹងការអញ្ជើញភ្លាមៗ ដោយមិនបានណាត់ជាមុននោះដែរ។ ក្រោយពីលោកទទួលការហៅទូរស័ព្ទរបស់់ខ្ញុំ ដូចខ្ញុំរំពឹងទុកមែន លោកទូត គ្រាន់តែឮសូរសំឡេងរបស់ខ្ញុំ និងការប្រាប់ឈ្មោះថា ខ្ញុំសយ សុភាព ទើបមកដល់ទីក្រុងវៀងច័ន្ទ ដោយគ្មានការគ្រោង ទុក និងកំពុងស្ថិតនៅក្នុងស្ថានទូត លោកទូត សម្ដែងការភ្ញាក់ផ្អើលនិងរីករាយ ហើយទទួលយកការអញ្ជើញ ទទួល ទានអាហារថ្ងៃត្រង់របស់ខ្ញុំ (ការគិតរបស់ខ្ញុំ ពិតជាមិនខុសមែន ហើយនេះពិតជាមន្ដ្រីការទូត ដ៏ល្អ ដែលរាជរដ្ឋាភិ បាលខ្មែរ តាមរយៈក្រសួងការបរទេស តែងតាំងឱ្យធ្វើជាឯកអគ្គរាជទូតមិន ខុសបំណងឡើយ) ។

ពេលវេលាអាហារថ្ងៃត្រង់ម៉ោង១២ ក៏បានមកដល់ នៅឯភោជនីយដ្ឋាន ដ៏ល្បីឈ្មោះខួងឡាវ  ដែលអ្នកបកប្រែ និង អ្នកបម្រើនៅក្នុងភោជនីយដ្ឋានប្រាប់ថា កន្លែងនេះថ្នាក់ដឹកនាំប្រទេសជាច្រើន រួមទាំងព្រះអង្គម្ចាស់ក្សត្រីយសារិនដន ប្រទេសថៃ និងមន្ដ្រីការទូតជាន់ខ្ពស់ នៃប្រទេសកម្ពុជា បានអញ្ជើញ និងយាងទៅ សោយភោជនាអាហារនៅទីនោះ ដោយសារតែមុខម្ហូបឆ្ងាញ់ៗ ដូចជា អាម៉ុក ឡាប ជាដើម ប៉ុន្ដែសំណង់អគារភោជនីយ ដ្ឋាននោះ មិនទំនើបទេ ការតុប តែងប្រៀបដូចជាភោជនីយដ្ឋានធម្មតាតែ ប៉ុណ្ណោះ បន្ទប់ទឹក រិតតែអន់ទៅទៀត ។

លោកទូត និងអ្នកស្រីសឿ ចន្ទធាវី ដែលរស់នៅក្នុងប្រទសឡាវ ហើយស្វាមី របស់អ្នកស្រី ជាអ្នកបើកយន្តហោះនៃក្រុមហ៊ុនអាកាសចរឡាវ ដែលខ្ញុំធ្លាប់បាន ស្គាល់ជាយូរឆ្នាំមកហើយ ក៏បានអញ្ជើញមក ដល់ដោយក្រុម ការងារ យើង ខ្ញុំ បានរៀបចំ មុខម្ហូបរួចជាស្រេច ដើម្បីទទួលឱ្យសម ឋានៈលោកជាឯកអគ្គរាជទូត និងការគោរព ពីក្រុមការងារយើងខ្ញុំ ដោយចាត់ទុកលោក ជាមន្ដ្រីការទូតជាន់ខ្ពស់កម្ពុជា ប្រចាំនៅ បរទេស ។ រីឯលោកទូត ក៏បានបង្ហាញនូវ ការបដិសណ្ឋាកិច្ច តាមបែបការទូត ដែល លោកតែងតែធ្វើ ចំពោះ ភ្ញៀវដទៃទៀត មិន ថាតែពេលលោកបំពេញការងារ ជាអ្នកការទូតទេ  សូម្បីតែនៅក្នុងប្រទេស ក៏ដោយ តែងតែទទួលស្វាគមន៍ភ្ញៀវ តាមរបៀបជាអ្នកការទូតដែរ អាចនិយាយថា នេះជារបៀបរៀបរយទូទៅនៃ មន្ដ្រី នៅក្រសួងការបរទេសខ្មែរ ។ នៅក្នុងពេលបាយនោះ ជាធម្មតា ខ្ញុំជាអ្នកសារព័ត៌មាន នៅពេលដែល បានជួបជាមួយមន្ដ្រីសំខាន់ៗ ខ្ញុំពុំបានរំលងនៃការជជែកសួរដេញដោលអំពីកិច្ចការសំខាន់ៗ ដែលលោក ទូតបានធ្វើ នោះទេ ព្រោះនេះជាទម្លាប់របស់អ្នកសារព័ត៌មាន រីឯលោកទូត ក៏ពុំមានចិត្ដទើសទាល់ដែរ ព្រោះលោកដឹងថា តែកាលណាជួបជាមួយ អ្នកសារព័ត៌មាន ត្រូវតែត្រៀមលក្ខណៈរួចជាស្រេច ដើម្បី ឆ្លើយទៅនឹងសំណួររបស់អ្នកកាសែត ។ ខ្ញុំ និងលោកទូតហាក់បីដូចជាទទួល ទានអាហារបានតិចជាងគេ ដោយខ្ញុំ ចំណាយពេលស្ដាប់ លោកទូតរៀបរាប់ អំពីកិច្ចការដែលបានបំពេញ ក្នុងនាមជាអ្នក សារព័ត៌មាន ដើម្បីយកព័ត៌មានដ៏មានសារសំខាន់ មកផ្សព្វផ្សាយជូនអ្នកអានគេហទំព័រ ដើមអម្ពិល កាសែត ដើមអម្ពិល និងវិទ្យុដើមអម្ពិល ។

របៀបវារៈដំបូង ខ្ញុំបានសួរលោកទូត អំពីទំនាក់ទំនង រវាងប្រទេសឡាវ  និងកម្ពុជា រាប់ទាំងរដ្ឋាភិបាល និងបក្សកុម្មយនីស្ដឡាវ តើយ៉ាងម៉េចដែរ  ?

លោកទូត បានងក់ក្បាល ជាការបង្ហាញ នូវការពេញចិត្ដចំពោះសំណួរ រួចញញឹមបន្ដិច ហើយឆ្លើយ ដោយមានអត្ថន័យច្បាស់ៗថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ រាប់ទាំងបក្សកុម្មុយនិស្ដរបស់ឡាវ គឺមានភាពស្និតស្នាលណាស់ ប្រទេសទាំងពីរ ចាត់ទុកគ្នាជាបងប្អូន ខណៈដែលប្រទេសថៃ ជាភូមិផង របងជាមួយ និងប្រទេសវៀតណាម ចាត់ទុកជាមិត្ដ របស់កម្ពុជា ។ ថ្នាក់ដឹកនាំឡាវខ្លះ បានសម្ដែង ពីការដឹងគុណ ចំពោះកម្ពុជា ក្នុងនោះរួមមាន អតីតព្រះមហាក្សត្រដ៏ល្បាញល្បី ព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ  ដែល បានគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងតស៊ូរបស់ឡាវ រួមទាំងការផ្ដល់នូវអាហារូបករណ៍ ដល់និស្សិតឡាវ ដែលរហូតមកដល់ពេលនេះ មាននៅក្នុងចំណោមពួកគេ បានក្លាយទៅជាថ្នាក់ដឹកនាំ នៅក្នុងរដ្ឋាភិបាលឡាវសព្វថ្ងៃ ។ ចំណែកបច្ចុប្បន្ន សូម្បីតែបញ្ហាព្រំដែន ក៏យើងដោះស្រាយគ្នា បានល្អ ឈរទៅលើការចរចាដោយសន្ដិវិធី ។ លោកទូត ក៏បានបង្ហើបថា នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះ សម្ដេចហ៊ុន សែន នាយក រដ្ឋ មន្ដ្រីកម្ពុជា នឹងបំពេញទស្សនកិច្ចនៅទីក្រុងវៀងច័ន្ទ  ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាង នាយករដ្ឋមន្ដ្រីប្រទេសកម្ពុជា ឡាវ វៀតណាម ផ្ដោតទៅលើកិច្ចអភិវឌ្ឍន៍តំបន់ត្រីកោណ ។ លោកហាស់ សេរីធុន បានបញ្ជាក់ថា កិច្ច ប្រជុំនេះមានសារសំខាន់ណាស់ ជាពិសេស ការអភិវឌ្ឍន៍ តំបន់ត្រីកោណ ដែលកម្ពុជា មានខេត្ដស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជាដើម ។

លោកទូត ក៏បានឱ្យដឹង ទៀតថា យើង បំពេញការងារសព្វថ្ងៃ គឺពិតជាបានបង្ហាញឱ្យឃើញ ថា ប្រទេសរបស់ យើងជាប្រទេសឯករាជ្យ ពេញលេញ ដោយបរិបូរណ៍ គ្មានរណបប្រទេសណាមួយទេ ជាពិសេស នៅពេលដែលប្រទេសកម្ពុជា បានធ្វើជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេស និងកិច្ចប្រជុំ កំពូលអាស៊ាន ចុងឆ្នាំ ២០១២ ។ លើសពីនេះទៀត លោកទូត ក៏បានបង្ហើបឱ្យដឹងថា  ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ លោកហោ ណាំហុង បានណែនាំមិនឱ្យអ្នកការទូតរបស់ យើង “ប្រើពាក្យ ឥណ្ឌូចិន ទៅកាន់អ្នកការទូត បរទេសឬប្រទេសជាម្ចាស់ផ្ទះនោះទេ កាលណានិយាយអំពើប្រទេសទាំងបី ក្នុង ពេលដែលបារាំងបានដាក់អាណានិគម ពោលគឺ ឱ្យប្រើពាក្យប្រទេសកម្ពុជា ឡាវ វៀតណាម ”។

បន្ទាប់ពីលោកទូតបានអត្ថាធិប្បាយត្រួសៗ ស្ដីអំពីកិច្ចសហប្រតិបត្ដិការ ក្នុងក្របខណ្ឌនយោបាយនិង សេដ្ឋកិច្ច រវាងប្រទេសទាំងពីររួចមក លោកទូតក៏បានឱ្យដឹងថា សព្វថ្ងៃប្រទេសចិន វិនិយោគលំដាប់ទី២ បន្ទាប់ពីប្រទេសវៀតណាម នៅក្នុងប្រទេសឡាវ ដោយសំណង់អគារខ្ពស់ៗ កំពុងចាប់ផ្ដើមសាងសង់ ហើយអនាគតទៅមុខ ចិននឹងក្លាយទៅជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវ ខណៈដែលសព្វថ្ងៃ ឡាវ មានទំនាក់ទំនងស្និទ្ធជាមួយវៀតណាម ។ រីឯសហរដ្ឋអាមេរិក ប្រទេសឡាវ ចាត់ទុកត្រឹមតែជាមិត្ដធម្មតា ហើយសហរដ្ឋអាមេរិក ក៏គ្មានគោលនយោបាយយុទ្ធសាស្ដ្រ ដូចជា វៀតណាម និងថៃ និងប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ានដែរ ។

សូមបញ្ជាក់ថា លោកហាស់ សេរីធុន ជា មន្ដ្រីជំនាញជាន់ខ្ពស់មួយរូប នៅក្រសួងការ បរទេស ចាប់តាំងពីដើមទសវត្សរ៍ទី៨០ ។ ដោយមានដើមកំណើតជាខ្មែរកម្ពុជាក្រោម លោកចេះវៀតណាម យ៉ាងស្ទាត់ជំនាញ ភាសាបារាំង និងអង់គ្លេស លោកធ្លាប់ត្រូវបានថ្នាក់ដឹកនាំ ក្រសួងការបរទេស និងរាជរដ្ឋាភិបាលខ្មែរ បញ្ជូនឱ្យទៅបំពេញការងារជាមន្ដ្រីការទូត ប្រចាំនៅប្រទេសឥណ្ឌា ហ្វីលីពីន និងបច្ចុប្បន្ន ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។ លោកទូតបានឱ្យដឹងថា ក្នុងបេសកកម្មការទូតរយៈពេល៥ឆ្នាំ លោកបានបំពេញការងារ បានរយៈពេល១០ខែហើយ ។ នៅក្នុងពេលបំពេញការងារ លោកបានធ្វើឱ្យមានឯកភាពនិង កិច្ចសហការ ល្អ ជាមួយនិងមន្ដ្រីការទូត នៅក្នុងស្ថានទូត ទទួលជួបនិស្សិតកម្ពុជា ក៏ដូចជាជួបជាមួយប្រជាជនខ្មែរ ដែលរស់នៅក្នុងប្រទេសឡាវជាយូរមកហើយ រាប់ទាំងជនជាតិខ្មែរឥស្លាមភាគច្រើនផងដែរ ។

លោកទូត ក៏ធ្លាប់បានសរសេរនិងបោះពុម្ពសៀវភៅចំនួន២ក្បាលរួចមកហើយ ដែលសៀវភៅទី១មានចំណង ជើងថា សង្គ្រាមត្រជាក់ និងទី២ ស្តីពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ។ ខ្ញុំបានប្រាប់គាត់ ថា ខ្ញុំបានអានសៀវភៅទី១ ដែលរកទិញបាននៅបណ្ណាគារ ហើយបានយល់ដឹងថែមមួយកម្រិតទៀតតាមរយៈសៀវភៅនេះ ហើយស្ទើរតែចាំទាំងអស់ តាមរយៈនិយាយទៅកាន់មិត្តភក្តិជាច្រើនរូចមកហើយ ដូច្នេះសៀវភៅរបស់លោក បានជួយបង្រៀនខ្ញុំឲ្យស្វែងយល់នូវរឿងរ៉ាវពិភពលោក ដែលបានកើតឡើងកន្លងមក។ នៅពេលខាងមុខ ខ្ញុំពិតជានឹងបានទទួលនូវចំណេះដឹង ថែមមួយកម្រិតទៀត ស្តីពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ ពីលោកបានសន្យាផ្តល់ឲ្យខ្ញុំនូវសៀវភៅទី២ តាមរយៈលោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានក្យូដូជប៉ុន នៅភ្នំពេញ ។

លោកបានឱ្យដឹងថា ក្នុងមួយខែមានជនបរទេស ប្រហែល២០០នាក់ បានសុំទិដ្ឋាការពីស្ថានទូត សម្រាប់ចូលមកកម្ពុជា ផងដែរ ។ ជារួមការបំពេញបេសកកម្មការទូតរបស់លោកទទួលបាននូវកិច្ចសហការដ៏ល្អ រាប់ទាំងសហការី ជាលេខាទូត រហូតដល់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាល និងបក្សកុម្មុយនិសឡាវ ។ ខ្ញុំបានបញ្ចប់ការ ទទួលទាន អាហារថ្ងៃត្រង់ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាមួយលោកទូត នៅក្នុងភោជនីយដ្ឋានដ៏ល្បីខាងម្ហូបឆ្ងាញ់ នៅចំកណ្ដាលទីក្រុងវៀងច័ន្ទ វេលាម៉ោង១ និង ៤០នាទី ។ បន្ដពីនោះមក យើងខ្ញុំក៏បាន ថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នា ហើយក៏បានបន្ដទៅទស្សនានៅវិមានឯករាជ្យ និងវត្ដល្បីៗនៅក្នុង ទីក្រុងវៀងច័ន្ទ ជាពិសេការទៅឃើញ រូបសំណាកព្រះភក្រ័ ព្រះបាទជ័យជេដ្ឋាទី១ ដែលជាស្ដេចភៀស ព្រះកាយពីកម្ពុជា នៅក្នុងសម័យលង្វែក តាមការណែនាំរបស់លោកទូត ក្នុងពេល ទទួលទានអាហារ  ។ ខ្ញុំនិងក្រុមការងារក៏បានទៅឃើញផ្ទាល់ភ្នែក ហើយថ្វាយបង្គំរូបសំណាកស្ដេចជ័យជេដ្ឋាទី១ គង់លើបល្ល័ង្គ នៅកណ្ដាលវត្ដដ៏ល្បីរបស់ ប្រទេសឡាវ ឈ្មោះវត្ដមាស ដែលសិលាចរិតជាភាសាឡាវ ចារនៅខាងក្រោម  ។ នៅអមសង្ខាងខ្ញុំក៏បាន ឃើញដើមត្នោតខ្ពស់ ៣ដើម ដែលប្រទេស ឡាវបានដាំអាចជាការបញ្ជាក់ថា  ព្រះអង្គ ពិតជាស្ដេចយាងមកពីប្រទេសខ្មែរ ព្រោះ ដើមត្នោតជាអត្ដសញ្ញាណរបស់ខ្មែរ ។ បើតាមលោកបណ្ឌិត រស់ ច័ន្ទត្រាបុត្រ អ្នក ស្រាវជ្រាវប្រវត្ដិសាស្ដ្រខ្មែរ បានឱ្យដឹងថា ព្រះបាទជ័យ ជេដ្ឋាទី១ ឪពុករបស់លោក ព្រះនាម ព្រះសេដ្ឋា ដែលបានសោយរាជ្យ នៅក្រុងលង្វែក ពីចន្លោះឆ្នាំ១៥៩៣ ។ ក្រោយមកបន្ទាយលង្វែក ត្រូវបែកបាក់ រួចព្រះអង្គ និងបុត្រា របស់ព្រះអង្គ គឺព្រះអង្គ ជ័យជេដ្ឋាទី១ បានភៀសព្រះកាយ ទៅកាន់ ប្រទេសឡាវ ហើយក៏បានចូលទីវង្គត់នៅទី នោះតែម្ដងទៅ ។

បន្ទាប់ពីថ្វាយបង្គំនិងថតរូបចប់ ខ្ញុំក៏បាន សង្កេតឃើញអ្នកទេសចរមកពីអឺរ៉ុបនិងអាស៊ីមួយចំនួន កំពុងទស្សនារូបសំណាកព្រះ អង្គជ័យជេដ្ឋាទី១នេះដែរ ។ ដោយខ្ញុំមិនចេះភាសាឡាវ ខ្ញុំចង់ទិញការ៉េមកី ហូប ប៉ុន្ដែពិបាកនិយាយ នៅពេលដែលអ្នកលក់ការ៉េមកីពាក់មួកដួនទាំងពីរប្រភេទរបស់វៀតណាម សួរជាភាសាឡាវមកកាន់ខ្ញុំ ថា សុំជួយទិញ ការ៉េមកី ខ្ញុំក៏ងាកទៅរកអ្នករួមដំណើររបស់ខ្ញុំ ដែលជា មន្ដ្រីអន្ដោប្រវេសន៍ អាចនិយាយភាសាថៃ និងភាសាវៀតណាមបាន ក៏សួរទៅអ្នកលក់ការ៉េមកី ជាភាសាថៃ ដោយប្រាប់ថា ខ្ញុំចង់ទិញការ៉េមកី ។ ដោយក្រឡេកឃើញអ្នកលក់ការ៉េមកី មានធុងក្លាសេធំ អ្នកលក់ពាក់មួកដួនលើក្បាល គាត់ក៏និយាយជាភាសាវៀតណាម ស្រាប់តែអ្នកលក់នោះនិយាយតបជាភាសាវៀតណាម ដោយមានសំនៀងភាសាមកពី ហាណូយ ពួកគេក៏យល់គ្នា ខ្ញុំក៏ដូរចិត្ដពីការ ចង់ទិញ ការ៉េមកី៥ដុំ មកត្រឹមពីរដុំវិញដោយ ហុចលុយ១០០បាត ដែលខ្ញុំដូរនៅព្រំដែន ហើយអ្នកលក់ អាប់ឱ្យខ្ញុំវិញ ៦០បាត រួចខ្ញុំ ក៏គិតក្នុងចិត្ដថា "ខ្ញុំមកដល់កណ្ដាលទីក្រុង វៀងច័ន្ទហើយ នៅមានអ្នកលក់ជាជនជាតិវៀតណាម ដូច្នេះខ្ញុំអាចសន្និដ្ឋានមិនគ្រប់ជ្រុងជ្រោយថា ឡាវពិតជានៅទទួលមនោគមវិជ្ជា ពីវៀតណាម ហើយវៀតណាម ពិតជាដាក់អាណានិគម ទៅលើឡាវ ដែលវាខុសស្រឡះពីប្រទេសកម្ពុជា ដែលពេលនេះជាប្រទេសឯករាជ្យ បើទោះបី មានអ្នកលក់ដូរ ខ្លះជាជនជាតិវៀតណាមក៏ដោយ" ។

ក្រុមការងារ យើងខ្ញុំ ក៏បានបញ្ចប់ នៅត្រឹមពេលដែលចូលទៅទស្សនាវត្ដមួយផ្សេងទៀត ដែលប្រជាជនឡាវ ចាត់ទុកថា ជាវត្ដដែលស័ក្ដិសិទ្ធិបំផុត រួចហើយរថយន្ដ ឈ្នួលចំណុះ១២កៅអី បានដឹកយើងខ្ញុំ ត្រឡប់មកដល់ព្រំដែនអន្ដរជាតិឡាវ ថៃ វិញ នៅវេលាម៉ោង៣និង៥០នាទី ៕

 

Photo by LookingTODAY

ស្ថានទូតខ្មែរ ប្រចាំប្រទេសឡាវ

 

 

Photo by LookingTODAY

ទីស្តីការគណៈរដ្ឋមន្ត្រីឡាវ

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

 


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>