ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ត្រូវបានគេស្គាល់ថា ជាបុគ្គល មួយរូបបាន ប្រឡូកក្នុងជីវិតជាអ្នកព័ត៌មាន អស់ជា ច្រើនឆ្នាំ។ ក្នុងជីវិតជាអ្នកព័ត៌មានរបស់លោក សយ សុភាព ត្រូវបានគេដឹងថា រូបធ្លាប់លោកធ្លាប់ បានធ្វើការរិះគន់ មិនសំចៃមាត់នោះឡើយ ទៅលើមន្រ្តី រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជីវិតជាអ្នកព័ត៌មាននេះ រូបលោក ក៏ធ្លាប់បានចូលរួមដោះស្រាយវិបត្តិ និងជម្លោះរបស់អ្នកនយោបាយកម្ពុជា បានជាច្រើនផងដែរ ទាំងករណីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធ និងលោក សម រង្ស៊ី លោក កឹម សុខា លោកបណ្ឌិត សាយ បូរី លោក ជាម ចាន់នី រួមនិងសកម្មជននយោបាយជាច្រើននាក់ផ្សេងទៀត។
លោក សយ សុភាព ក្រៅពីជីវិតជាអ្នកព័ត៌មាន លោកក៏ជាអ្នកអត្ថាធិប្បាយនយោបាយ នៅតាមកញ្ចក់ទូរទស្សន៍ ផងដែរ។ ទោះបីពេលបច្ចុប្បន្នរូបលោក បានបាត់មុខ ពីតាមកញ្ចក់ទូរទស្សន៍ តែរូបលោកតែងបានបញ្ចេញទស្ស នៈនានា នៅតាមគេហទំព័រដើមអម្ពិល (www.dap-news.com) និង លើទំព័រសារព័ត៌មានដើមអម្ពិល ដើម្បីចូល រួមចំណែកអភិវឌ្ឍ និងកែប្រែសង្គមកម្ពុជា ដែលធ្លាប់តែជួបនូវការប្រេះឆា ព្រោះទស្សនផ្ទុយគ្នារបស់អ្នកនយោបាយខ្មែរ។
ក្នុងជីវិតជាអ្នកព័ត៌មាននេះ លោក សយ សុភាព ទទួលបានទាំងការគាំទ្រ និងការរិះគន់ មួយចំនួនផងដែរ ចំពោះអ្នកដែលមិនជ្រួតជ្រាប ពីទស្សនវិស័យ និងគំនិត របស់លោក។
នៅចុងសប្តាហ៍នេះ ជីវិតពិតរបស់លោក សយ សុភាព ត្រូវបានលាតត្រដាងនៅលើទំព័រសារព័ត៌មាន «កម្ពុជាចុងសប្តាហ៍» ដែលជាផ្នែកមួយ របស់សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ ដ៏មានប្រជាប្រិយភាពនៅកម្ពុជា។
ខាងក្រោមនេះ ជាសម្រង់អត្ថបទទាំងស្រុងពីទំព័រសារព័ត៌មាន «កម្ពុជាចុងសប្តាហ៍» ស្តីពីជីវិតពិត របស់លោក សយ សុភាព ៖
ក្នុងវ័យ ៤៣ ឆ្នាំ លោក សយ សុភាព នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាននិយាយបែបកំប្លែងលេងពីប្រវត្តិផ្ទាល់ខ្លួនរបស់លោកថា លោកបានបំបែក ឯតទគ្គកម្មនៅក្នុងជីវិត អាពាហ៍ពិពាហ៍ បើប្រៀបធៀបទៅ នឹងមិត្តភក្តិមួយចំនួនធំរបស់លោក។
លោកបាននិយាយផងសើចផងថា៖«រឿងគូស្រករ ខ្ញុំគិតថា អាចជាប់ឯតទគ្គកម្ម ខ្ញុំរៀបការឆ្នាំ១៩៩៣ ហើយមានកូនប្រុសមួយ ដោយសារតែយើងទាំងពីរនាក់ អស់និស្ស័យ ខ្ញុំក៏បានជួបប្រសព្វជាមួយ នឹងគូដណ្ដឹងទីពីរ គឺកូនលោកតា ពេជ្រ ទុំក្រវិល ដោយបានចូលស្ដីដណ្ដឹងត្រឹមត្រូវ និងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ រយៈពេលបីឆ្នាំក៏អស់និស្ស័យជាមួយគ្នា ដោយសារតែគាត់ចេញទៅរស់នៅសហរដ្ឋអាមេរិក»។
លោក សយ សុភាព រៀបរាប់បន្តថា៖«ខ្ញុំក៏បានរៀបការម្ដងទៀត នៅឆ្នាំ២០០៣ ដែលពេលនោះសម្ដេចក្រុមព្រះ ទ្រង់យាងចូលរួម និងរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ ហើយនិងមន្ត្រីសមាជិកគណបក្ស នយោបាយច្រើនទៀត ក៏អញ្ជើញចូលរួមផ្ដល់កិត្តិយសផងដែរ។ តែជាអកុសល ការហើយបានតែពីរខែ ភរិយាខ្ញុំក៏បាន ស្លាប់ចោល ខ្ញុំរស់នៅជាពោះម៉ាយអស់រយៈពេល៤ឆ្នាំ ទើបបានរៀបការប្រពន្ធម្ដងទៀត។
ឥឡូវ បាននៅជាមួយគ្នារហូតដល់ពេលនេះ ៧ឆ្នាំ ហើយ តែគ្មានកូនទេ ដោយសារបញ្ហាសុខភាព តែមិនបញ្ហាទេ សំខាន់យើងបានរស់នៅជាមួយគ្នា ដោយគ្មាន អំពើហិង្សាកើតឡើង មិនដែលឈ្លោះគ្នា ហើយកូនដែលនៅជាមួយសព្វថ្ងៃ គាត់មានសេរីភាពគ្រប់គ្រាន់ ក្នុងការប្រាស្រ័យទាក់ទងជាមួយម្ដាយរបស់គេ»។
លោក សយ សុភាព បានចម្អន់ខ្លួនឯងដែលឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ដល់ទៅ៤ភ្លើងនេះថា៖ «ខ្ញុំពិតជាជាប់ឯតទគ្គកម្ម បើគេមិនស្គាល់ខ្ញុំ គេពិតជាថា ខ្ញុំចង្រៃ តែនេះជាវាសនារបស់មនុស្ស ខ្ញុំមិនលាក់ទេ»។
លោក សយ សុភាព មានស្រុកកំណើតនៅទីក្រុងភ្នំពេញ មានបងប្អូន៤នាក់ ដែលឪពុករបស់លោកមានមុខរបរជាជាងទងនិងម្ដាយជាអ្នកលក់លតឆា។ ម្តាយលោក លក់លតឆា នៅម្តុំបឹងកក់តាំងពីឆ្នាំ១៩៨៤ រហូតដល់ឆ្នាំ១៩៩៥ ដោយមានរូបលោកនៅជួយលក់ជាប្រចាំរាល់ថ្ងៃ។ លោកថា ក្នុងមួយជីវិតនេះ លោករៀនតែ នៅក្រៅ សាលាតែរហូត ជាមួយនោះ លោកក៏បានព្យាយាមសិក្សាពីអ្នកនយោបាយនិងអ្នកកាសែតជាច្រើន រហូតដល់លោកមានភ័ព្វសំណាងក្នុងឆ្នាំ ២០០៧ បានជិះ ឧទ្ធម្ភាគចក្រ ជាមួយនឹងនាយករដ្ឋមន្ត្រីតែពីរនាក់ ប្រហែលពីរម៉ោង ដើម្បីទៅដោះស្រាយទំនាស់ដីធ្លី។
លោក សយ សុភាព បានព្រលយថា៖«នេះជាភាពអស្ចារ្យសម្រាប់ខ្ញុំណាស់។ ខ្ញុំរំភើបខ្លាំងណាស់ក្នុងមួយជីវិតខ្ញុំនេះ»។
លោក សយ សុភាព និយាយថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ លោកចង់ជួបនិងប្រាស្រ័យទាក់ទងជាមួយអ្នកនយោបាយ ដូច្នេះហើយលោកបាន តាំងចិត្ត យ៉ាងរឹងមាំ ដើម្បីចាប់យកអាជីពជាអ្នកសារព័ត៌មាន បើទោះជាអាជីពនេះមិនអាចក្លាយជាអ្នកមានបានក៏ដោយ។ លោកបានចាប់ផ្ដើមការងារ ជាអ្នកកាសែត នៅក្នុងឆ្នាំ១៩៩៣ ក្រោយបញ្ចប់ការងារបកប្រែភាសាអង់គ្លេស ឲ្យកងប្រតិបត្តិការអង្គការសហប្រជាជាតិ ហៅ អ៊ុនតាក់ ខណៈដែល លោកកំពុងធ្វើជាអ្នកកាសែត នាពេលនោះ លោកក៏ធ្វើជាជំនួយការឲ្យលោក អៀង មូលី អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានផង។ ពេលនោះដែរលោកបានបង្កើតសមាគមពន្លឺជាតិខ្មែរ ដែលមានតួនាទីជាអគ្គលេខាធិការ។
លោក សយ សុភាព បន្តឲ្យដឹងថា លោកសរសេរកាសែតដំបូង គឺកាសែត«កុលបុត្រអង្គរ»នៅចុងឆ្នាំ១៩៩៣ មួយឆ្នាំក្រោយមកក៏បង្កើតបានកាសែត«មនសិការខ្មែរ» ជាកាសែតប្រឆាំង ដែលសព្វថ្ងៃមានលោក ដាំ សិទ្ធ ជាចាងហ្វាង កាលណានិយាយពីកាសែតពេលនោះ លោកនឹកទៅដល់លោក ទី មួហាន់ ដែលជាជនជាតិ ម៉ាឡេស៊ី ដែលគាត់បានមកបើកកាសែតនៅភ្នំពេញ គឺកាសែត ឃែមបូឌាធូដេ។ លោក សុភាព បានធ្វើការងារនោះ ក្នុងពេលតែមួយ ដោយលោកសរសេរ ឲ្យកាសែតមនសិការខ្មែរផង និងកាសែតផ្សេងៗទៀត រហូតដល់ឆ្នាំ១៩៩៧ បានចូលបម្រើការងារឲ្យកាសែតជប៉ុនដែលជាភ្នាក់ងារព័ត៌មានអន្តរជាតិមួយ ក្នុងចំណោមភ្នាក់ងារដទៃទៀត ដែលរាយការណ៍ព័ត៌មាន ចេញពីប្រទេសខ្មែរ។ លោកបន្តថា នៅពេលនោះហើយដែលធ្វើឲ្យលោកដុះគំនិត គិតថា ថ្ងៃណាមួយ លោកនឹងបង្កើតវិស័យព័ត៌មានមួយឲ្យបានលឿន រហូតដល់លោកបង្កើតបានកាសែតខ្លួនឯង។
ក្នុងឆ្នាំ២០០៩ លោកសុភាពបង្កើតបានគេហទំព័រដើមអម្ពិលក្រោយគេបំផុត ដែលមានឈ្មោះបោះសំឡេងរហូតមកដល់សព្វថ្ងៃនេះ។
លោករំឭកថា៖ «ខ្ញុំមានគំនិតមួយថា មិនចាំបាច់ធ្វើកុង្សីបានជួយស្រុកទេសបាននោះទេ តែសំខាន់ គឺចេះស្វែងរកឱកាសនិងចេះប្រើប្រាស់ឱកាសដែលបានមកនោះ ខ្ញុំសរសេរកាសែតប្រឆាំង ខ្ញុំសរសេរកាសែតគាំទ្ររដ្ឋាភិបាល ជាអ្នកធ្វើអត្ថាធិប្បាយតាមទូរទស្សន៍ និងកាសែតអាជីព»។ លោកថា បើទោះជាមានការរិះគន់ យ៉ាង ណាក៏ដោយ ក៏លោកមិនយកចិត្តទុកដាក់ដែរ ដោយសារតែអ្នកទាំងនោះមិនបានយល់ពីលោក។ នៅក្នុងអាជីពជាអ្នកកាសែតម្នាក់ សុភាពកត់សម្គាល់ពី ខ្លួន លោក ផ្ទាល់ថា បានប្រើជំនាញអស់ពីសមត្ថភាពដើម្បីបញ្ចេញសំឡេង និងរំលេចខ្លួនឲ្យមនុស្សទូទៅគេបានស្គាល់និងរួមទាំងអ្នកនយោបាយ។ លោក អះអាងថា ៖«ជំហរ របស់ខ្ញុំ គឺមិនឆ្វេងនិងមិនស្ដាំ ខ្ញុំសុខចិត្តធ្វើខ្លួនឲ្យអ្នកនយោបាយស្រឡាញ់និងរាប់អាន ហើយមានការប្រាស្រ័យទាក់ទងល្អ ទោះបីបក្សប្រឆាំងឬបក្សកាន់អំណាច ខ្ញុំនៅតែជាក្មួយ ជាកូនរបស់អ្នកនយោយបាយ។ ខ្ញុំគោរពស្រឡាញ់ សម្ដេច ហ៊ុន សែន សម្តេចក្រុមព្រះ និងឯកឧត្តម សម រង្ស៊ី ដូចជា ឪពុក ឪពុកធំ និងឪពុកមា»។
តាមរយៈលោក ជុំ កុសល ដែលជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រីលោក សយ សុភាព និយាយថា លោកក៏បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយសម្ដេច ហ៊ុន សែន(នាយករដ្ឋមន្ត្រី) ដោយផ្ទាល់និងជាការលើកទឹកចិត្តខ្លាំងណាស់ ដែលថ្នាក់ដឹកនាំរាប់អានអ្នកកាសែតមា្នក់ដូចរូបលោក។
លោកថា៖ «សម្តេចលោកសួរសុខទុក្ខខ្ញុំ លោកសួរពីការផ្សព្វផ្សាយព័ត៌មាន ខ្ញុំសប្បាយចិត្តណាស់។ ពេលនោះហើយដែលសម្ដេចបានប្រាស្រ័យទាក់ទង និងអាចនិយាយបានថា មានភាពស្និទ្ធស្នាលជាងគេ បើប្រៀបធៀបជាមួយសម្ដេចក្រុមព្រះ ដែលខ្ញុំធ្លាប់មានទំនាក់ទំនងល្អជាមួយ។សម្ដេចនាយក ខ្ញុំគោរពលោក តែរាងខ្លាចបន្តិច ខ្ញុំធ្លាប់និយាយកាលពី១៥ឆ្នាំមុនថា អ្នកដែលអាចទ្រទ្រង់សភាពការណ៍នយោបាយនៅកម្ពុជា មានតែសម្ដេច ហ៊ុន សែន រហូតដល់ពេល នេះនិងទៅអនាគត ប៉ុន្តែ មិនមែនមានន័យថា មនុស្សម្នាក់អមតៈនោះទេ»។
លោក សយ សុភាព អះអាងថា៖ «សម្រាប់បុគ្គលខ្ញុំ ខ្ញុំគ្មានថ្ងៃបំភ្លេចសម្ដេច ហ៊ុន សែនឯកឧត្តមសម រង្ស៊ី និងសម្ដេចក្រុមព្រះឡើយ ព្រោះលោកទាំងនោះ ផ្ដល់នូវសេចក្ដីទុកចិត្តមកឲ្យខ្ញុំ ឲ្យមានការឆ្លើយឆ្លងគ្នា ដើម្បីរកដំណោះស្រាយនយោបាយរាល់ពេលមានវិបត្តិនយោបាយកើតឡើង ដូច្នេះសម្រាប់ខ្ញុំ ខ្ញុំគ្មាន ហេតុផលណាដែលត្រូវស្អប់ទេ ផ្ទុយទៅវិញ គឺដឹងគុណថ្នាក់ដឹកនាំទាំងអស់នោះជារៀងដរាប ហើយតាំងពីឆ្នាំ២០០៥ខ្ញុំបានរក្សាកំណត់ហេតុរាល់ការទំនាក់ទំនង ជាមួយអ្នកនយោបាយទាំងអស់តម្កល់ទុកជាឯកសារ»។
លោក សយ សុភាព រំឭកដែរ លោកមានទំនាក់ទំនងផ្ទាល់ជាមួយសម្ដេចនាយករដ្ឋមន្ត្រី ក្នុងខែកក្កដា ២០០៤ រហូតដល់ពេលនេះ ហើយក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ លោកស្ទើរតែមិនមានការស្ដីបន្ទោស ពីសម្ដេចនាយករដ្ឋមន្ត្រីឡើយ ពីបញ្ហាទំនាក់ទំនងជាមួយអ្នកនយោបាយ និងប្រជាពលរដ្ឋទូទៅ ដែលពួក គាត់មានបញ្ហាទំនាស់ដីធ្លី។ លោកក៏មិនដែលរាយការណ៍ខុស ពីវិជ្ជាជីវសារព័ត៌មាននោះទេ គឺរាល់សេចក្ដីរាយការណ៍ សុទ្ធតែជាការពិតទាំង អ្នកនៅក្នុងរដ្ឋាភិបាល និងអ្នកនៅក្រៅរដ្ឋាភិបាល រាប់ទាំងមន្ត្រីថ្នាក់ការទូតនៃប្រទេសមហាអំណាចមួយចំនួន។ លោកធ្លាប់ឆ្លងយោបល់លោក (សម្ដេចហ៊ុន សែន) ដើម្បីដោះស្រាយបញ្ហា ជារួមបញ្ហានយោបាយ បញ្ហាទំនាស់ដីធ្លីមិនដែលមានបញ្ហាណាមួយ ដោះស្រាយមិនបាននោះទេគ្រាន់តែបញ្ហាខ្លះអាចយូរបន្តិច តែជោគជ័យស្ទើរទាំងអស់ ទីបំផុតគ្មានភាគីណាមួយមិនសប្បាយចិត្តនោះទេ។
លោក សយ សុភាព និយាយដែរថា ជាអ្នកព័ត៌មានកាលណារាយការណ៍ភូតកុហកម្ដងឬពីរដង គេលែងជឿហើយ ដូច្នេះហើយ លោកត្រូវរក្សាវិជ្ជាជីវៈរាយការណ៍ ឲ្យសុក្រឹតគឺផលប្រយោជន៍ទទួលបានទាំងអស់គ្នា។ ប្រការមួយនេះលោកអាចនិយាយបានថា ជារឿងធម្មតាក្នុងការទំនាក់ទំនងជាមួយសម្ដេច គឺដូចឪពុកនិងកូន រាល់ពេលមានបញ្ហានយោបាយ ព្រោះវាជារឿងយើងទាំងអស់គ្នា ចំណុចពិសេសរបស់សម្ដេច គឺមិនចេះមើលមនុស្សរំលង ហើយលោកតែងតែបង្ហាញស្នាដៃអ្នកធ្វើ។
លោកបានបញ្ជាក់ថា លោកជាមនុស្សស្មោះត្រង់ចំពោះវិជ្ជាជីវសារព័ត៌មាន ព្រោះនៅគ្រប់ទីកន្លែងដែលលោកបានចូលរួមដោះស្រាយ គឺមិនទាមទារផលប្រយោជន៍ នេះហើយជាចំណុចដែលធ្វើឲ្យលោកសុភាព មានទំនាក់ទំនងល្អជាមួយសម្ដេចហ៊ុនសែន។ លោកត្រូវចេះរក្សាពេលវេលានិងអ្វីដែលបានកសាងកន្លងមក លោកក៏មិនខ្វាយខ្វល់ពីការរិះគន់នោះទេ ព្រោះលោកគិតថា មានតែលទ្ធផលនិងពេលវេលាទេ ដែលអាចបង្ហាញការពិត។
លោក សយ សុភាព ជាបុរសដែលមិនចេះផឹកស្រានិងជក់បារី តែលោកទទួលស្គាល់ថា និយាយរាងច្រើនបន្តិច។ ឪពុកលោកបានចែកឋាន កាលពីឆ្នាំ២០០៣ ដោយរោគាពាធ ហើយសព្វថ្ងៃលោករស់នៅជាមួយម្ដាយនិងបងប្អូនបួននាក់៕