ភ្នំពេញ៖ ក្នុងចំណោម ម្ចាស់ជ័យលាភី ការប្រកួតគំនូររថយន្តតូយ៉ូតា ក្នុងក្តីស្រមៃទៅថ្ងៃអនាគត ថ្នាក់ពិភពលោក ឆ្នាំ២០១៤ នៅប្រទេសជប៉ុន ចំនួន៣៥នាក់ ក្នុងនោះក៏មានម្នាក់ គឺជាកុមារី របស់កម្ពុជា ដែលមានអាយុ ទើបតែ ៤ឆ្នាំប៉ុណ្ណោះ ។
ពិធីបង្ហាញមុខ ម្ចាស់ជ័យលាភី ដែលជាកុមារីកម្ពុជា បានធ្វើឡើងនៅក្នុងអគារបង្ហាញរថយន្ត របស់តូយ៉ូត នៅម្តុំស្តុបបូកគោល កាលពីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤។ កុមារីនេះ មានឈ្មោះ ផា មាលក្សី ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខកុមារ៩រូប ដែលឈ្នះក្នុងការប្រកួតគំនូរ រថយន្តតូយ៉ូតា នៅក្នុងប្រទេសកម្ពុជា ដែលបានរៀបចំ កន្លងទៅនេះ។
លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានថ្លែងឱ្យដឹង ក្នុងពិធីបង្ហាញមុខ ម្ចាស់ជ័យលាភី ដែលតំណាងឱ្យ កុមាតូយ៉ូតានៅកម្ពុជាថា កន្លងទៅថ្មីៗនេះ លោកទទួលដំណឹងថាក្នុងចំណោម កុមារ៣៥នាក់ ដែលទទួលបានជ័យលាភី ក្នុងការប្រកួតគូគំនូររថយន្ត តូយ៉ូតា ក្នុងក្តីស្រមៃ នៅប្រទេសជប៉ុន មានម្នាក់ជាកុមារកម្ពុជា ។
លោកថា ការប្រកួត គំនូររថយន្តតូយ៉ូតា ក្នុងក្តីស្រមៃទៅថ្ងៃអនាគត ថ្នាក់ពិភពលោក ឆ្នាំ២០១៤ បានធ្វើឡើង នៅក្នុងប្រទេសជប៉ុន ដោយមានគំនូរកុមារចំនួន ៦៦២០០០ផ្ទាំង មកពី៧៥ប្រទេសចូលរួមប្រជែង ក្នុងនោះ គំនូរកុមារ ដែលឈ្នះក្នុងការប្រកួតក្នុងប្រទេសកម្ពុជា ចំនួន៩ផ្ទាំង ក៏ត្រូវបានតូយ៉ូតាកម្ពុជា បញ្ជូនទៅ ប្រឡងប្រជែង នៅក្នុងប្រទេសជប៉ុនផងដែរ ប៉ុន្តែមានគំនូតែ១ប៉ុណ្ណោះ ដែលទទួលបានជ័យលាភី គឺជាស្នាដៃរបស់កុមារី ផា មាលក្សី ដែលគូររូបត្រី មានទម្រង់ដូចទៅ។
លោកឧកញ៉ា គង់ នួន ក៏ដូចជា ឳពុកម្តាយ របស់កុមារី ផា មាលក្សី បានថ្លែងដូចគ្នាថា នេះជាមោទនភាពមួយ សម្រាប់កុមារ នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាកម្មវិធី លើកទឹកចិត្តកុមាររបស់ ក្រុមហ៊ុនតូយ៉ូតា ផងដែរ ។ ម្ចាស់ជ័យលាភី ក្រៅពីទទួលបានរង្វាន់មេដាយ ក៏ត្រូវបាន ផ្តល់សិទ្ធិពិសេស ដើម្បីទៅកម្សាន្ត នៅប្រទេសជប៉ុនផងដែរ ។
សូមបញ្ជាក់ថា ទន្ទឹងការបង្ហាញមុខ ម្ចាស់ជ័យលាភី គំនូររថយន្តក្នុងក្តីស្រមៃឆ្នាំ២០១៤ ក្រុមហ៊ុនតូយ៉ូតា ក៏បានប្រកាស ពីកម្មវិធីប្រកួតគំនូរនេះ សម្រាប់ឆ្នាំ២០១៥ផងដែរ ដែលអាណាព្យាបាល កុមារទាំអស់ អាចដាក់ពាក្យឱ្យកូនរបស់ខ្លួន ប្រឡងប្រជែង បានចាប់ពីពេលនេះ តទៅ ៕