-លោកស្នងការ បន្ដនាំយកបច្ច័យ ដែលបានមកពីការ ដង្ហែកឋិនទាន ជូនព្រះចៅ អធិការ និងព្រះសង្ឃ តាមវត្ដ ក្នុងស្រុកស្វាយចេក
បន្ទាយមានជ័យ ៖ ដោយមើលឃើញពី ស្ថានភាពផ្លូវមួយខ្សែ ប្រវែងជិត ៤គីឡូម៉ែត្រ ដែលឆ្លង កាត់ឃុំស្លក្រាម និងឃុំតាភ ក្នុងស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ រងនូវការខូចខាត យ៉ាងខ្លាំង ពោលជង្ហុក តូច ធំជាច្រើន ដែលពិបាកការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅក្នុង ឃុំទាំងពីរ ជាពិសេស ការដឹកជញ្ជូន ទំនិញ ដឹកជញ្ជូនកសិផល របស់ខ្លួននោះ ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ និងជាអនុប្រធាន ក្រុមការងារ មូលដ្ឋាន នៃស្នងការដ្ឋាន នគរបាលខេត្ដ លោកឧត្ដសេនីយ៍ត្រី អាត់ ខែម កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានដឹកនាំសហការី មួយចំនួន ចុះទៅពិនិត្យ ជាក់ស្ដែង ផ្លូវមួយខ្សែនេះ ហើយសន្យាថា នឹងដឹកនាំ កម្លាំងពលកម្មនគរបាល និងប្រជាពលរដ្ឋ ធ្វើការជួសជុលជា ដំណាក់កាលទី១ នាអំឡុង រដូវច្រូតកាត់ នាពេលខាងមុខនេះ។
លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម បានថ្លែងនៅ ចំពោះមុខ ប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋានឱ្យដឹងថា ក្រោយពីទទួល បានការណែនាំ ពីសំណាក់ ប្រធានក្រុមការងារ ចុះជួយ ខេត្ដបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន រួចមក ក្រុមការងារ របស់លោក បានចុះមកពិនិត្យ ផ្លូវមួយខ្សែនេះ ដែលរងការ ខូចខាត ដោយសារទឹកជំនន់ ហូរកាត់ កាលពីពេលកន្លងទៅ បណ្ដាលឱ្យ កន្លែងខ្លះ ត្រូវ ហូរច្រោះ កាត់ដាច់ ក្លាយជាជង្ហុក តូច ធំ ជាពិសេស នៅក្នុងភូមិអម្ពិល និងភូមិបារាណ៍ ដែលរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ ។
លោកឧត្ដមសេនីយ៍ស្នងការ បានលើកឡើងពី ផលលំបាក របស់បងប្អូន ប្រជាពលរដ្ឋ នៅក្នុង ឃុំទាំងមូល ចំពោះការធ្វើដំណើរ ឆ្លងកាត់ផ្លូវមួយខ្សែនេះ ជាពិសេស ការដឹកជញ្ជូនទំនិញ ការដឹកជញ្ជូន កសិផលផ្សេងៗ ដូច្នេះហើយ លោកបានសន្យាថា នៅពេលខាងមុខ ពោលនៅរដូវច្រូតកាត់នោះ នឹងធ្វើការចាក់បាតក្រោម លុបជង្ហុក ធំតូចទាំងនោះ ងាយស្រួលការ ធ្វើដំណើរ ដែលជាការ ជួសជុល នៅដំណាក់ កាលទី១ ប៉ុន្ដែរឿងចាក់គ្រួស បំពេញផ្លូវ និងមានការស្នើសុំ ទៅថ្នាក់លើ នាពេលខាងមុខសិន ហើយ ធ្វើការសម្រេច នៅតាមក្រោយ ពោលដើម្បីដោះស្រាយ បញ្ហាចំពោះមុខនេះ គ្រាន់តែ ឈូសឆាយ និងចាក់បំពេញជង្ហុក សម្រាប់ងាយស្រួលការ ធ្វើដំណើរប៉ុណ្ណោះ។
ក្រៅពីការចុះទៅពិនិត្យមើល ស្ថានភាពផ្លូវ ដែលរងការខូច ខាតមួយខ្សែនេះ លោកឧត្ដមសេនីយ៍ ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ និងក្រុមការងារ បានជួបសំណេះ សំណាល ជាមួយប្រជាពលរដ្ឋ ព្រមទាំងព្រះចៅអធិការ និងព្រះសង្ឃវត្ដបារាណ៍ ហើយឆ្លៀត ក្នុងឱកាសនោះ លោកបាននាំបច្ច័យ ដែលបានមកពីការ ហែកឋិនទាន កាលពីពេល កន្លងទៅនេះ យកទៅប្រគេន ព្រះចៅអធិការ ដោយក្នុងមួយវត្ដ ទទួលបាន១,៥លានរៀល សរុប ទាំងអស់ ២៣វត្ដ នៅទូទាំងស្រុកស្វាយចេក ។
ដោយឡែក ស្នងការរង ៣-៤នាក់ ផ្សេងទៀត បានដឹកនាំក្រុមការងារ នាំយកបច្ច័យទាំងនេះ ទៅចែកជូនដល់ ព្រះចៅអធិការ និងព្រះសង្ឃ នៅវត្ដផ្សេង ព្រមទាំងជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ អាជ្ញាធរ ភូមិ ឃុំ តំបន់ផ្សេងៗគ្នា ។
ក្រោយពីបញ្ចប់ការ ប្រគេនបច្ច័យ ជូនព្រះចៅអធិការ និងព្រះសង្ឃ នៅវត្ដបារាយណ៍ រួចមក ក្រុមការងារ ដែលដឹកនាំ ដោយ លោកស្នងការ បានបន្ដដំណើរ ទៅកាន់វត្ដតាបែន ដើម្បីពិនិត្យមើល ការសាងសង់ សាលាឆាន់ថ្មីមួយទៀត នៅជាប់នឹង សាលាឆាន់ចាស់ ដែលមានទំហំ ១១គុណ២៣ម៉ែត្រ ដើម្បីធ្វើជូន ដល់ពុទ្ធបរិស័ទ ចំណុះជើងវត្ដ សម្រាប់ការរៀបចំពិធី សាសន៍ផ្សេងៗនៅក្នុងភូមិ ។
ជាមួយគ្នានេះ ក្រុមការងារក្រៅពីការ ប្រគេនបច្ច័យ ជូនព្រះចៅអធិការ និងព្រះសង្ឃនោះ ក៏មានការ ចែកសារុង ជូនដល់ប្រជាពលរដ្ឋ មួយចំនួនផងដែរ ។
នៅចំពោះមុខ ពុទ្ធបរិស័ទចំណុះជើងវត្ដ ខាងលើនេះ លោកឧត្ដមសេនីយ៍ស្នងការ បានលើកឡើងអំពីការយក ចិត្ដទុកដាក់ របស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ហើយថ្នាក់ដឹកនាំខេត្ដ និងក្រុមការងារចុះជួយ ខេត្ដបន្ទាយមានជ័យ តែងតែចុះទៅកាន់គ្រប់តំបន់ ដើម្បីដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ក៏ដូចជា ការជួសជុល ការកសាងប្រព័ន្ធ ហេដ្ឋានរចនាសម្ព័ន្ធជាច្រើន ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ក្នុងគោលបំណង បម្រើផលប្រយោជន៍ និងលើកកម្ពស់ជីវភាព គ្រួសារកាន់ តែប្រសើរឡើង៕