ភ្នំពេញ ៖ ក្មេងស្ទាវ ២ក្រុម បើកឆាកប្រយុទ្ធ បាញ់ប្រហារ និងកាប់ចាក់ ដូចភាពយន្តហុងកុង នៅកណ្តាលរាជធានីភ្នំ ពេញ បណ្តាលឲ្យស្ទាវ ២នាក់ រងគ្រាប់កាំភ្លើងរងរបួសធ្ងន់ ហើយក៏ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ។
ឈុតឆាកប្រយុទ្ធ អនាធិបតេយ្យរបស់ក្រុមក្មេងស្ទាវ បានកើតឡើងនៅវេលាម៉ោង ៣ និង១០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្មេងស្ទាវ ២ក្រុម មានគ្នាជាង ១០នាក់ បានជិះម៉ូតូ ដេញបាញ់ និងកាប់គ្នា តាមបណ្តោយផ្លូវ លេខ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រហូតមកដល់ស្ពានព្រះ មុន្នីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ បណ្តាលឲ្យគូភាគី ២នាក់ រងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូន ទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត ។
សេចក្តីរាយការណ៍ បានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះម្នាក់ឈ្មោះ ឃាង ត្រូវគូជម្លោះបាញ់៣គ្រាប់ចំស្មា និងជើង និងម្នាក់ទៀតឈ្មោះ សំបូរ ត្រូវគូជម្លោះបាញ់ត្រូវចំកំភួនដៃ និងកាប់ចំថ្ងាស់ ។
អ្នកឃើញហេតុការណ៍បានបន្តថា ជនរងគ្រោះទាំង ២នាក់ ក្រោយគូជម្លោះបាញ់ និងកាប់រងរបួសធ្ងន់ហើយនោះ បាន ផ្តួលម៉ូតូនៅលើស្ពាន និងលោតចុះទៅក្រោម ព្រមទាំងស្រែកឲ្យគេជួយសង្រ្គោះខ្លួន ។ ដោយឡែកភាគីម្ខាងទៀត ក្រោយបាញ់ និងកាប់គូជម្លោះខ្លួនឲ្យរងរបួសហើយ ក៏ជិះម៉ូតូគេចខ្លួនបាត់ ។
ជុំវិញហេតុការណ៍ នៃការបាញ់ប្រហារ និងកាប់ចាក់របស់ក្រុមក្មេងស្ទាវ បង្កភាពអនាធិបតេយ្យក្នុងរាជធានីភ្នំពេញនេះ មិនទាន់មានការបញ្ជាក់ ពីសមត្ថកិច្ចថា បង្ក និងផ្តើមចេញពីមូលហេតុអ្វីនៅឡើយនោះទេ ។ សមត្ថកិច្ចកំពុងតែសួរនាំ លើជនរងគ្រោះជាគូជម្លោះ ដើម្បីតាមចាប់ភាគីម្ខាងទៀត មកផ្តន្ទាទោស ៕