ខេត្តស្ទឹងត្រែង ៖ ឈើប្រណិត និងឈើប្រភេទលេខ១ ដែលគេដឹកជញ្ជូន យកមកគទុក ក្នុងព្រៃក្បែរផ្ទះ និងជិតស្នាក់ការ សន្តិសុខ៧៤៤ត្រូវបាន កម្លាំងអ ហ ស្រុកសេសានបង្រ្កាប ។ ការចុះបង្ក្រាប និងរឹបអូស ឈើប្រណិត និងឈើលេខ១ ខាងលើនោះ គេបានធ្វើឡើងចំនួនពីរថ្ងៃ គឺនៅថ្ងៃទី១៨ និងថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៤ បង្ក្រាបទៅលើទីតាំងចំនួនពីរ គឺទី១ នៅក្នុងព្រៃជិតផ្ទះឈ្មួញ ឈើម្នាក់ឈ្មោះលឹម ផាត និង២ នៅជាប់នឹង របងស្នាក់ការសន្តិសុខប៉េអឹម៧៤៤ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
មន្ត្រីកងរាជអាវុធហត្ថ បានបា្រប់ឲ្យដឹងថា ឈើដែលបង្ក្រាបនោះ មានពីរប្រភេទ គឺជាប្រភេទឈើប្រណិត និងប្រភេទឈើលេខ១ មានឈើធ្នង់ សុក្រម កកោះនិងគគីរ ហើយឈើដែលបានមកពី ការបង្ក្រាបនៅ ថ្ងៃទី១៨វិច្ឆិកា មានចំនួន១៨៨ដុំ ស្មើនឹងជា៨ម៉ែត្រគូប ។ និងនៅថ្ងៃទី១៩វិច្ឆិកានេះ អាវុធហត្ថស្រុក សេសាន កំពុងបន្តរឹបអូសឈើ១ទីតាំងទៀត នៅជាប់របងស្នាក់ការសន្តិសុខ៧៤៤ ទីតាំងទាំងពីរខាង លើនោះ ស្ថិតនៅក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ មន្ត្រីដដែលបានបន្តថា ឈើដែលកំពុងរឹបអូសនោះ មានឈើធ្នង់ប្រភេទកូនកន្លឹង ចំនួន១១១ ដុំ ឈើកកោះចំនួន៥សន្លឹក មានមុខកាត់៨០ សង់ទីម៉ែត្រ ប្រវែង៣ម៉ែត្រ តុមូល៥សន្លឹក ជាប្រភេទឈើគគី មានមុខកាត់ចាប់ពី១៣០ ទៅ១៤០សង់ទីម៉ែត្រ និងឈើប្រភេទលេខ១ មួយចំនួនទៀត ។
ឈើដែលអាវុធហត្ថ ស្រុកសាន បានបង្ក្រាប២ថ្ងៃនេះ ត្រូវមន្ត្រីអាវុធហត្ថបា្រប់ឲ្យដឹងថា មួយភាគជា របស់ឈ្មោះសេង សោភណ្ឌ ប្រធានស្នាក់ការ៧៤៤ និងមួយភាគទៀត ជារបស់មេឈ្មួញម្នាក់ឈ្មោះលីម ជាកូនចៅជំនិត របស់លោកឧកញ៉ាម្នាក់ មានក្រុមហ៊ុនដឹកឈើលេខ២ នៅខេត្តស្ទឹងត្រែង ។ទាំងពីរនាក់ ម្នាក់ជាសមត្ថកិច្ច និងម្នាក់ទៀតជា ឈ្មួញ តែងបានឃុបឃិតគ្នា រកស៊ីបទល្មើស តែគ្មានមន្ត្រី សមត្ថកិច្ចណា ហ៊ានចុះបង្ក្រាបក្រៅពីអាវុធហត្ថនោះឡើយ ។
ក្រោយការបង្ក្រាប ឈើប្រណិត និងឈើប្រភេទលេខ១ ដែលមានចំនួន និងមានតម្លៃដ៏ច្រើននោះ ត្រូវបាន មេបញ្ជាការ កងរាជអាវុធហត្ថស្រុក ធ្វើកំណត់ហេតុផ្ទេរប្រគល់ទៅឲ្យមន្ត្រី រដ្ឋបាលព្រៃឈើ ហើយដឹក ជញ្ជូនយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាស ស្រែគរ ។
លោកសុខ រិទ្ធី បានបញ្ជាក់ថា ក្រោមបញ្ជាលោកឧត្តមសេនីយ៏ មេបញ្ជាការអាវុធហត្ថខេត្ត លោកនឹង ខិតខំបន្តស្វែងរកការបង្ក្រាបបទល្មើស ព្រៃឈើនោះ តទៅទៀត ៕