ភ្នំពេញ ៖ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក យ៉ែម បុញ្ញាឫទ្ធិ បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលជាអ្នកគ្រប់គ្រងវិស័យ ទេសចរណ៍នៅកម្ពុជា យកថវិកាដែលបានមកពីភ្ញៀវទេសចរ ចូលទស្សនា ប្រាសាទអង្គរវត្ត ដែលបច្ចុប្បន្ន ក្រុមហ៊ុនឯកជន ជាអ្នកគ្រប់គ្រងនោះ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ។
ការថ្លែងលោក យ៉ែម បុញ្ញាឫទ្ធិបែបនេះបានធ្វើឡើង នៅគ្រាដែលោកបានហៅ លោក ថោង ខុន មកបំភ្លឺករណីគ្រប់ គ្រងចំណូល-ចំណាយ វិស័យទេសចរណ៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះនាវិមានរដ្ឋសភា ។
លោកថា “គឺយើងស្នើសុំឲ្យបន្តការគ្រប់គ្រងអង្គរ ការលក់សំបុត្ររបស់អង្គរហ្នឹង យកមកឲ្យក្រសួងទេសចរណ៍ គ្រប់ គ្រងវិញ ពីព្រោះយើងចំណាយលុយទាក់ទាញ ទេសចរណ៍មក មិនគួរឲ្យគេលក់សំបុត្រយកចំណេញទទេៗ អីចឹង ទេ”។
លោក យ៉ែម បុញ្ញឬទ្ធិ បានបញ្ជាក់ថា ដើម្បីឲ្យចំណូលថវិកាជាតិ បានកើនឡើង កាត់បន្ថយភាពក្រីក្រ អីចឹងហើយ គណៈកម្មការទី៧ ចង់ឲ្យក្រសួងទេសចរណ៍ បន្តការគ្រប់គ្រងការលក់សំបុត្រនេះ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសុំធ្វើការពិគ្រោះ យោបល់គ្នាសិន គឺមិនហានសម្រេចនៅឡើយទេ ។
ចំពោះចំណូលថវិកា ដែលបានមកពីការលក់សំបុត្រចូលមើលប្រាសាទអង្គរវត្តនេះ លោកថា “កិច្ចការទាំងអស់នេះ ចង់ដឹងច្បាស់គឺ ខ្ញុំបាទ បានសំណូមពរឲ្យគណៈកម្មការទី៧ ឲ្យទៅសាក់សួរអប្សរា”។
លោក ថោង ខុន បានបញ្ជាក់ថា រឿងបញ្ញាប្រាក់ចំណូលនេះ គឺលោក មិនបានដឹងនោះទេ ពីព្រោះមិនជាតួនាទី របស់ ក្រសួងទេសចរណ៍នោះ ៕