ភ្នំពេញ៖ ការប្រកួតប្រជែងអង្ករល្អបំផុត នៅលើពិភពលោក មានរសជាតិ ឆ្ងាញ់ប្រចាំឆ្នាំ២០១៤ នឹងត្រូវប្រារព្វឡើង នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ នាថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ។
សមាសភាពចូលរួមប្រកួតប្រជែង រួមមានប្រទេសទាំង៧ រួមមាន កម្ពុជា ថៃ វៀតណាម ប៉ាគីស្ថាន ឥណ្ឌា ភូមា និងអាមេរិក ដែលសុទ្ធសឹងជ្រើសយកអង្ករល្អ និងមានរសជាតិឆ្ងាញ់មកប្រកួតប្រជែង។ កម្ពុជាដែលជាម្ចាស់ផ្ទះបានត្រៀមខ្លួនជាស្រេច នំាយកអង្ករដ៏ល្អល្បីរបស់ខ្លួនដាក់ប្រកួតប្រជែង ដែលមាន អង្ករក្រអូបផ្ការំដួល និងអង្ករសែនក្រអូប ជាអង្ករប្រណិតរបស់កម្ពុជា។
កម្ពុជាសង្ឃឹមថា អង្ករកម្ពុជានឹងអាចកាន់កាប់តំណែងលេខ១ជាបន្តទៀត សម្រាប់អង្ករដែលមានរសជាតិឆ្ងាញ់ជាងគេនៅលើពិភពលោក និងក៏សង្ឃឹថាបានជាប់ចំណាប់ថ្នាក់បីឆ្នាំជាប់គ្នាផងដែរ។
គួរបញ្ជាក់អង្ករក្រអូបរបស់កម្ពុជា ទទួលជ័យលាភីជាល្អជាងគេរបស់ពិភពលោក២ឆ្នាំជាប់គ្នា គឺឆ្នាំ២០១២ ជាប់លេខ១ នៅបាលី ប្រទេសឥណ្ឌូណេស៊ី និងឆ្នាំ២០១៣ ជាប់លេខ១ទៀតនៅហុងកុងប្រទេសចិន៕