ភ្នំពេញ ៖ សាលាខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ បានបើកសិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៥ ក្នុងកម្មវិធីវិនិយោគសង្កាត់ ប្រចាំឆ្នាំថ្នាក់ខណ្ឌ សម្រាប់ឆ្នាំ២០១៣ ដោយមានការចូលរួមជាគណៈអធិបតី របស់លោក ត្រាក់ ថៃសៀង អភិបាលរងរាជធានី ភ្នំពេញ លោក សុខ សម្បត្ដិ អភិបាលខណ្ឌដូនពេញ មន្ដ្រីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ផ្សេងទៀត ។
លោក សុខ សម្បត្ដិ បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគ អាទិភាព ៣ឆ្នាំ រំកិល របស់សាលាខណ្ឌ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព របស់សង្កាត់ សម្រាប់អនុវត្ដឆ្នាំ ២០១៣ ស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការ ដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រ គម្រោងរបស់ខណ្ឌ និងសង្កាត់ ដែលនឹងបង្ហាញជូននៅក្នុងអង្គសិក្ខាសាលានោះ អភិបាលខណ្ឌដូនពេញ បានបន្ដថា ក្នុងការអនុវត្ដន៍នាឆ្នាំកន្លងមក សាលាខណ្ឌនិងសង្កាត់ បានរៀបចំកម្មវិធីវិនិយោគ ទទួលបានជោគជ័យ ដោយ មានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋមូលដ្ឋាន មន្ទីរជំនាញ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងផ្នែកឯកជន ។
លោក សុខ សម្បត្ដិ បានបញ្ជាក់ទៀតថា កម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល របស់ខណ្ឌ និងកម្មវិធីវិនិយោគសង្កាត់ សម្រាប់អនុវត្ដនៅឆ្នាំ២០១៣ បានរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំ ទាំងសង្កាត់និងខណ្ឌ ដែលចាំបាច់ ត្រូវមានការចូលរួមគាំទ្រ ពីសំណាក់អស់លោក លោកស្រី ដើម្បីឱ្យគម្រោង ដែលបានរៀបចំឆ្លុះបញ្ចាំង ពីតម្រូវការអាទិភាពនៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្ដ ទៅប្រកបដោយប្រសិទ្ធភាព ៕