ភ្នំពេញ៖ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មរ៉ែ បានថ្លែងថា ព្រះសង្ឃបានដើរតួនាទីសំខាន់ ដែលមិនអាចខ្វះបាន សម្រាប់ ការសាបព្រួសវប្បធម៌អហិង្សា ក្នុងការលុបបំបាត់អំពើជួញដូរ ការប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនើងជាដើម។
លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលមានប្រសាសន៍ ក្នុងពិធីអបអរសាទរខួបគម្រប់២ឆ្នាំ នៃការបង្កើត សមាគមទ្រទ្រង់ការបោះពុម្ភ និងអប់រំ និងសម្ពោធឆ្លងចែកជូនសៀវភៅ មាតាបិតុឧបដ្ឋានចំនួន៣០០០ក្បាល នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នាសាលសន្និសីទចតុមុខ។
លោកបានបន្តថា «ការងារទាំងអស់នេះ ព្រះសង្ឃ បានចុះទៅអប់រំដោយផ្ទាល់ នៅតាមសាលារៀន និងតាមការទេសនាប្រៀនប្រដៅ នៅតាម រោងបុណ្យ និងនៅកន្លែងផ្សេងៗទៀត ព្រមទាំងធ្វើជាគំរូល្អ ដល់មនុស្សទាំងឡាយ ដែលរស់នៅក្នុងសង្គមជាតិ យើងទាំងមូលផងដែរ»។
ប្រសាសន៍លើកឡើង របស់លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបាន ព្រះមហា ប៉ែន វិបុល នាយកប្រតិបត្តិ សមាគមទ្រទ្រង់ ការបោះពុម្ភ និងអប់រំ ធ្វើការគាំទ្រទាំងស្រុង។
ព្រះមហា ប៉ែន វិបុល មានសង្ឃដីកាថា “ប្រសិនបើយើងមើលឃើញ អំពីព្រះសង្ឃ គឺគេនឹកដល់របស់បីគឺ ទី១ ធ្វើឲ្យយើងនឹកឃើញទៅដល់ បញ្ញវន្តមួយរូប ដែលចេះដឹង ហើយមានសមត្ថភាព អាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួនបាន។ ទី២ ពេលដែលយើងឃើញព្រះសង្ឃ គឺយើង ឃើញអ្នកដែលមានការបួសរៀន មានភាពស្លូតត្រង់មួយ ដែលគួរឲ្យកត់សម្គាល់ តំណាងឲ្យព្រះពុទ្ធសាសនា និងទី៣ តំណាងឲ្យសន្តិភាព ពីព្រោះថា ពេលដែលឃើញព្រះសង្ឃ យើងមិនដែលឃើញនូវអំពើហិង្សាទេ។
ព្រះអង្គមានសង្ឃដីកាបន្តថា«ហើយពិសេសជាងនេះទៅទៀត យើងឃើញហើយថា យើងមានការប្រើប្រាស់ នូវសមាធិនេះឯង គឺជាការញ៉ាំងនូវបញ្ញា ឲ្យកើតឡើង ក៏ដូចជាការញ៉ាំង ឲ្យមានសេចក្តីស្ងប់ ឲ្យកើតឡើងផងដែរ»។
គួរបញ្ជាក់ផងដែរថា ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានងើបឡើងពីគំនរផេះផង់ ដែលបានបាត់បង់ស្ទើរតែទាំងស្រុង នូវ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាង សូម្បីតែវត្តអារាម ក៏ត្រូវបិទទ្វារ និងប្រែក្លាយទៅជាមន្ទីរឃុំឃាំង ក្រោលគោល។ ព្រះសង្ឃក៏ ត្រូវបានគេផ្សឹក និងហាមឃាត់មិនឲ្យ ទទួលការរៀនសូត្រព្រះធម៌ ព្រះវិន័យថែមទៀត៕