Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តីធ្វើការ ទាក់ទង និងវិស័យ កាត់ដេរ នៅកម្ពុជា គាំទ្រ ប្រសាសន៍ សម្តេចតេជោ

$
0
0

ភ្នំពេញ៖ក្រុមមន្រ្តីសហជីព ដែលធ្វើកិច្ចការងារទាក់ទង ទៅនឹងវិស័យកាត់ដេរនៅកម្ពុជា បានបង្ហាញពីការគាំទ្រនូវប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជុំវិញការចាត់ទុករបស់សម្តេចថា ទាំងកម្មករនិងថៅកែ ជាតួអង្គសំខាន់ដូចគ្នា។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ថា ចំពោះការលើក ឡើងរបស់ប្រមុខរាជរដ្ឋាភិបាលជុំវិញ ទីផ្សារការងារមានការប្រកួតប្រជែង នៃបណ្តារោងចក្រ សហគ្រាស នៅកម្ពុជាទាក់ទងទៅនិង ប្រាក់ខែតិច កន្លែងស្នាក់នៅ បញ្ហាសុខភាព និងលក្ខខណ្ឌការងារនោះ គឺជារឿងត្រឹមត្រូវ ហើយក៏ជាការក្រើនរំលឹក ទៅដល់ម្ចាស់សហគ្រាសទាំង នោះ ឲ្យគិតគូពីប្រាក់ខែរបស់កម្មករផងដែរ។

លោកបន្តថា “យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលខ្លួនឯង ក៏មានតួនាទីក្នុងការណែនាំពីគោលការណ៍ផ្សេងៗ ឬក៏ជំរុញ ឲ្យថៅកែរោងចក្រសហគ្រាស គិតគូរពីបញ្ហានេះ ព្រោះបច្ចុប្បន្នប្រាក់ខែរបស់កម្មករ នៅមានកម្រិតមួយទាបបំផុត ដែលធ្វើឲ្យពួកគេមានការលំបាក ក្នុងការរស់នៅប្រចាំថ្ងៃ”។

លោក អាត់ ធន់ បញ្ជាក់ថា នៅកម្ពុជា ដោយសារតែកម្មករ ទទួលបានប្រាក់ខែតិច និងពិបាកក្នុងការរស់នៅ ហើយលក្ខខណ្ឌការងារមិនទាន់ល្អ ទើប ធ្វើឲ្យពួកគេសម្រេចចិត្ត ដោយប្រថុយប្រថាន ទៅធ្វើការនៅក្រៅប្រទេស ដែលមានកម្រិតប្រាក់ខែខ្ពស់ជាងនៅកម្ពុជា ហើយបញ្ហាទាំងនេះរាជ រដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ ត្រូវយកចិត្តទុកដាក់ ធ្វើការដោះស្រាយជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាត កម្លាំង ពលកម្មនៅកម្ពុជា។

លោក វ៉ាន ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា បានមានប្រសាសន៍ដែរថា កម្មករមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទៅស្វែងរកការងារ ធ្វើនៅ ក្រៅប្រទេស ប្រសិនបើនៅទីនោះ គេហ៊ានឲ្យថ្លៃឈ្នួលខ្ពស់ជាងនៅកម្ពុជា ដែលនេះគឺជាទីផ្សាសេរី ហើយម្ចាស់រោងចក្រសហគ្រាសមួយៗ គឺគេចង់ នៅរកស៊ីក្នុងប្រទេសកម្ពុជា ដោយគេនិយាយជាមួយកម្មករ និងបានផ្តល់ប្រាក់ឈ្នួល ដល់កម្មករច្រើនតិចតួចហើយ ប៉ុន្តែម្ចាស់រោងចក្រទាំងនោះ ត្រូវប្រកួយប្រជែងជាមួយប្រទេសដទៃ។

លោកបន្តថា “ប្រសាសន៍របស់សម្តេច គឺត្រឹមត្រូវហើយ ដោយរោងចក្រចង់ឲ្យកម្មករ នៅម្ចាស់រោងចក្រ ត្រូវតែផ្តល់ប្រាក់ឈ្នួល ដល់កម្មករឲ្យបាន ខ្ពស់ ព្រោះប្រាក់ខែនៅក្នុងប្រទេសថៃ និងវៀតណាម មានថ្លៃឈ្នួលខ្ពស់ជាងនៅកម្ពុជា ដូច្នោះអ្នកណាឲ្យច្រើនគេនឹងទៅ ដោយនេះជាទីផ្សារសេរី”។

លោកជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវបើកទូលាយឲ្យក្រុមមន្រ្តី សហជីពអង្គការសង្គមស៊ីវិល ធ្វើការចរចារជាមួយម្ចាស់រោងចក្រ សហគ្រាស់ទាំងនោះ ក្នុងការដោះស្រាយពីបញ្ហាប្រាក់ខែ របស់កម្មករ ហើយ យើងគួរ តែលើកទឹកចិត្តដល់អ្នក ដែលមកវិនិយោគនៅកម្ពុជា។

លោកបន្តថា ប្រសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល ត្រង់កន្លែងខ្លះគឺមិនត្រឹមត្រូវនោះទេ ហើយវាក៏មិនមែនជាផលល្អសម្រាប់ ប្រជាពលរដ្ឋកម្ពុជា នោះទេ ហើយដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋកម្ពុជា ធ្វើចំណាកស្រុកទៅរកការងារ ធ្វើក្រៅប្រទេសនោះ ក្រសួងការងារត្រូវបង្កើតវិទ្យាស្ថាន និងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កម្មករ ហើយមិនមែនយកតែកម្មករស្រីៗ ទៅបំរើការងារ ហើយអត់យកប្រុសៗនោះទេ គឺត្រូវយក ទាំងប្រុស ទាំងស្រីទៅបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅតាមតម្រូវការរបស់ឧស្សាហកម្ម ដែលគេបានដំណើរការនៅកម្ពុជា។

លោកជា មុនី បញ្ជាក់ថា” ប្រសាសន៍របស់សម្តេចលើកឡើង ខ្ញុំអត់សូវមានជំនឿទេ ព្រោះប្រសាសន៍របស់សម្តេចឥឡូវសាប គឺសាបដោយសាររដ្ឋ មន្រ្តី ឬសមាជិករបស់មន្រ្តីធំៗនោះ មិនបានយកប្រសាសន៍ របស់សម្តេចទៅប្រើប្រាស់ទេ គឺគ្រាន់តែសម្តេចថាអីចឹង អនុវត្តបានយ៉ាងច្រើនតែពីរថ្ងៃ ទៅបីថ្ងៃហើយ ធូរលុងទៅវិញហើយ “។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជា មានការប្រកួតប្រជែង នៃ បណ្តារោងចក្រ សហគ្រាស នៅកម្ពុជាទាក់ទងទៅនិង ប្រាក់ខែ កន្លែងស្នាក់នៅ បញ្ហាសុខភាព និងលក្ខខណ្ឌការងារ ហើយប្រសិនបើ ប្រាក់ខែតិច កម្មករឈប់ធ្វើ ការ ទៅរកការងារកន្លែងផ្សេង រោងចក្ររលំ កុំបន្ទោសរាជ រដ្ឋាភិបាល ពីព្រោះនេះ ជាការប្រកួតប្រជែង។

សម្តេច បញ្ជាក់ថា មន្រ្តីក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវត្រួតពិនិត្យ បញ្ហាកម្មករដួលសន្លប់នាពេលកន្លងមក ដែលខ្លះបណ្តាលមកពី ធំក្លិន មិនល្អ និង ខ្លះទៀតធ្វើការលើសម៉ោង ហើយសម្តេចក៏អំពាវនាវឲ្យ ខាងរោងចក្រ និងកម្មករ មានការយោគ យល់គ្នា ដើម្បីបញ្ចប់បញ្ហា ពីព្រោះ ភាគី ទាំងពីរមិនអាច ខ្វះភាគីណាមួយបានឡើយ គឺត្រូវការស្មើគ្នា ហើយនៅ កន្លែងខ្លះធ្វើកូដកម្ម ដូច្នេះត្រូវមានការយោគយល់គ្នា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>