កណ្តាល ៖ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ នៅសាលប្រជុំសាលាស្រុកកោះធំ ខេត្តកណ្តាល មានប្រារព្ធពិធីប្រកាសទទួលស្គាល់ សមាសភាព សហភាព សហព័ន្ធយុវជនកម្ពុជាស្រុកកោះធំ ក្រោមអធិបតីភាពលោក គីម រិទ្ធី អនុប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងមានការអញ្ជើញចូលរួម ពីសំណាក់ លោកអភិបាលស្រុកកោះធំ លោកប្រធានក្រុមប្រឹក្សាស្រុក ក្រុមការងារ សហ ភាពសហព័ន្ធយុវជន ខេត្តកណ្តាល រួមនឹងសមាជិក សមាជិកាសហភាព សហព័ន្ធយុវជនស្រុក ជាច្រើននាក់ទៀត ។
ពិធីនេះបានប្រកាសទទួលស្គាល់ សមាសភាព គណៈកម្មាធិការ សហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកកោះធំ ចំនួន ៣៣ រូប ប្រកាសទទួលស្គាល់ សមាសភាព គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ សហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកកោះធំចំនួន ៧រូប ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងយក អស់ កម្លាំងកាយចិត្ត របស់អាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់អាទិភាពក៏ដូចជាសហការល្អជាមួយក្រុមការងារ យុវជន ក្នុងការបម្រើប្រជាពលរដ្ឋនាពេលកន្លងមក ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេច តេជោ ហ៊ុន សែន ជាប្រមុខ ។
លោកបានបន្តថា សហភាព សហព័ន្ធ យុវជនកម្ពុជាដែលហៅកាត់ថា (សសយក) គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម ជួយតម្រែតម្រង់ផ្លូវ ឲ្យយុវជនមានអនាគតភ្លឺស្វាង ដោយសង្កត់ធ្ងន់ថា ដើម្បី ទទួលបានជោគជ័យ យុវជនត្រូវស្វែងរកចំណេះដឹងឲ្យបានខ្ពង់ខ្ពស់ ជាពិសេសត្រូវមានចរិយាល្អ ។
ជាចុងក្រោយ លោក គីម រិទ្ធី ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកសមាជិកា សហភាព សហព័ន្ធយុវជនដែលទើបនឹង ប្រកាសទទួលស្គាល់ទាំងអស់ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចឲ្យបានល្អ ដើម្បីពង្រឹងរចនាសម្ព័ន្ធឲ្យបានរឹងមាំ ប្រជុំបូក សរុបការងារប្រចាំខែ និងដាក់ផែនការទិសដៅបន្ត ពង្រីកសមាជិករបស់ខ្លួន ចូលរួមធ្វើសកម្មភាពមនុស្សធ៌មដូចជា ផ្សព្វផ្សាយអំពីកីឡា នាំមកនូវសុខភាពល្អ អំពីសុវត្ថិភាពចរាចរណ៍ យុទ្ធនាការផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិត មនុស្សជាដើម ៕