- ខាងក្នុងវីដេអូកាម៉េរាសុវត្ថិភាព បង្ហាញពីការបាញ់សម្លាប់លោកឧកញ៉ា យ៉ាងសាហាវឃោរឃៅ
- ឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយា ត្រូវគេអះអាងថា ជាមនុស្សស្លូតត្រង់ និងចូលចិត្តធ្វើបុណ្យទាន
ភ្នំពេញ៖ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ ត្រូវឃាតករបាញ់ សម្លាប់ភ្លាមៗ ពេលកំពុងចុះទិញផ្លែឈើ នៅហាងលក់ ផ្លែឈើឈ្មោះស្រីមុំ ក្បែរបងស្តាតអូរឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន នាវេលាម៉ោង ៧ និង១៨នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
លោក ជួន ណារិន្ទ ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលក្រោយកើតហេតុ ភ្លាមៗថា នៅម៉ោងកើតហេតុបុរសជាជនរងគ្រោះ បានជិះរថយន្តលុច្សស៊ីស៥៧០ ពាក់ស្លាក់លេខ 2M-1683 មកទិញផ្លែឈើនៅហាងស្រីមុំ លក់ផ្លែឈើ ពេលបើកទ្វារដើរចេញពីរថយន្ត មិនទាន់ទាំងបានទិញផ្លែឈើផង ស្រាប់តែជនល្មើសមានគ្នាពីរនាក់ បានជិះម៉ូតូមកដល់ហើយបាញ់ប្រហារភ្លាមៗតែម្តង។
សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះមានភរិយាឈ្មោះ តាំង គឹមឆេង ជាថៅកែហាងពេជ្រហុងកុង នៅជិតផ្សារថ្មី។
លោក ជួន ណារិន្ទ បានបញ្ជាក់ថា ករណីបាញ់សម្លាប់នេះ អាចផ្តើមចេញពីរឿងគំនុំ។
សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងផងដែរថា ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងចិត្តជាសត្វតិរិច្ឆានបាញ់ត្រូវចំនួន ៦គ្រាប់។
ជនរងគ្រោះ លោក អ៊ឹង ម៉េងជឺ និងភរិយាលោកស្រី តាំង គឹមឆេង ត្រូវបានអ្នកស្គាល់អះអាងថា រូបលោកឧកញ៉ា និងភរិយា ជាមនុស្សស្លូតត្រង់ និងចូលចិត្តធ្វើបុណ្យទាន។ ជាពិសេសលោកបានធ្វើផ្ទះទេវតាជាច្រើនជូនចាស់ជរា និងគ្មានទីពឹងនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយា ពេលធ្វើដំណើរទៅណាមកណា មិនដែលមានអង្គរក្ស ឬអ្នកការពារនោះទេ ពោលទៅណាមកណាមកណា តែពីរអ្នកភរិយាប៉ុណ្ណោះ។
សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានយកទៅកម្តល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោកនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕
ឧកញ៉ា អ៊ឹង ម៉េងជឺ និង ភរិយា ពេលចុះប្រគល់ផ្ទះទេវតា ជូនចាស់ជរា