ឈេងឌូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹង នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ចំនួនអ្នកស្លាប់ ក្នុងគ្រោះធម្មជាតិ រញ្ជួយដី នៅទីប្រជុំជន តាង៉ុង ក្នុងតំបន់ កាងឌីង ខេត្តស៊ីឈួន នាភាគនិរតីប្រទេសចិន បានកើនដល់ ០៤ នាក់ បើគិតត្រឹមម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃអាទិត្យនេះ។ មនុស្សចំនួន ០៤ នាក់ បានស្លាប់ និង រងរបួស ៥៤ នាក់ ក្នុងគ្រោះថ្នាក់ខាងលើនេះ។ ក្នុងនោះមានមនុស្ស ១១ នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែល មនុស្សចំនួន ៤៣ នាក់ទៀតរងរបួសស្រាល។
គួរបញ្ជាក់ផងដែរថា ប្រជាជនប្រមាណជាង ៧៩.៥០០ នាក់ ត្រូវបានរងផលប៉ះពាល់ និង ផ្ទះចំនួន ២៥.០០០ ខ្នង ត្រូវបានបំផ្លិចបំផ្លាញ ចំណែកឯប្រជាជន ៦.២០០ នាក់ ផ្សេងទៀតកំពុងរើផ្ទះសម្បែងទៅកាន់កន្លែងផ្សេងទៀត៕