ភ្នំពេញ៖ បន្ទាប់ពីក្រុមការងារ គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានពិភាក្សាគ្នា ជាច្រើនខែកន្លងមក បានបន្សល់ទុកបញ្ហាមួយចំនួន ទុកឲ្យថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរជាអ្នកសម្រេច ដែល បញ្ហាទាំងអស់នៅមិនចាកឆ្ងាយពីរឿង សញ្ជាតិ និងសាច់ញាតិរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារវាងក្រុមការងារនៃគណបក្សទាំងពីរ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា ប្រធាន ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ក្រុមការងារ នៃគណបក្សទាំងពីរ បានបញ្ចប់ការជួបពិភាក្សាគ្នាលើបញ្ហារៀបចំអង្គការបោះឆ្នោតហើយ ប៉ុន្តែនៅសប្តាហ៍ក្រោយ ក្រុមការងារទាំងពីរ និងប្រមូលនូវបញ្ហាដែលនៅសេសសល់ ដាក់ជូនទៅថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ ជាអ្នកសម្រេច។ លោកថា “ចំណុចដែលនូវសេសសល់មាន សញ្ជាតិ, ញាតិលោហិត, របៀបរបបធ្វើការងារ, ការសម្រេចរបស់មន្ត្រី គ.ជ.ប ហើយនិងការកំណត់ នៃពេលវេលា នៃការរៀបចំសមាសភាពគ.ជ.ប”។
ប្រធានក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានមានប្រសាសន៍ថា ចំពោះកិច្ចការ រៀបចំប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ គឺមិនទាន់ហ៊ានសម្រេចថា ជ្រើសរើសបាននៅក្នុង ពេលណានោះទេ ព្រោះកិច្ចការត្រូវការពេលវេលាច្រើន។
លោកបន្តថា “វាត្រូវមានការសម្របសម្រួលគ្នា នយោបាយអីមួយថ្នាក់ដឹកនាំឯកភាពគ្នា យើងទៅបាន ប៉ុន្តែ ដំណាក់កាល ខ្ញុំគិតថា មិនមែនជារឿងថាយើងចង់ធ្វើខែហ្នឹង វាត្រូវដាក់ឲ្យគេពិនិត្យ ហើយត្រូវឆ្លងសភាឆ្លងអី ក្មួយប្រុស ក្មួយស្រីពិចារណាមើល តើវាប៉ុន្មាន ហើយពិភាក្សាក្នុងសភា គ្រាន់តែគណៈកម្មការប៉ុណ្ណឹងហើយ ទម្រាប់តែចូលសភា ១២៣នាក់ មិនមែនធម្មតានោះទេ”។
ទាកទងនឹងសមាជិកគណបក្សសង្គ្រោះជាតិ លើកឡើងថា បើការរៀបចំគ.ជ.បថ្មី មិនបានសម្រេចនោះទេ នឹងដើរចេញពីសភានោះ ត្រូវបានលោក ប៊ិន ឈិន បានលើកឡើងថា បញ្ហាហ្នឹង គណបក្សប្រជាជនកម្ពុជា មិនខ្វល់នោះទេ ហើយមិនមានការភ័យខ្លាចនោះទេ ព្រោះវាជាសិទ្ធិរបស់គាត់។ ហើយចំពោះគណបក្សប្រជាជនកម្ពុជា មិនបានក្បត់កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នោះឡើយ។
សូមបញ្ជាក់ថា កិច្ចពិភាក្សាកិច្ចការងាររៀបចំអង្គការបោះឆ្នោតរបស់ក្រុមការងារ នៃគណបក្សទាំងពីរ ត្រូវបានបញ្ចប់ហើយ ប៉ុន្តែថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ខាងមុខនេះ ក្រុមការងារទាំងពីរ នឹងជួបគ្នាម្តងទៀត ដើម្បីប្រមូលនូវបញ្ហា ដែលនៅសេសសល់ដាក់ជូនទៅថ្នាក់ដឹកនាំជាអ្នកសម្រេចបន្តទៀត៕