មណ្ឌលគិរី ៖ ចលនា នៃយុទ្ធនាការ បោសសំអាតក្នុងក្រុង ផ្លូវភ្លោះ និងទីសាធារណៈផងនោះ របស់សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន សែនមនោរម្យ រួមទាំងសិស្សសាលា ដែលជាក្មេងកំព្រា បានធ្វើឡើងជាប់ៗគ្នា រយៈពេល ២ ថ្ងៃមកហើយ ចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោក ទូច ស៊ីណា ប្រធានការិយាល័យ យុវជន និងកីឡា នៃមន្ទីរអប់រំខេត្តមណ្ឌលគិរី បានប្រាប់អ្នកមជ្ឈមណ្ឌល ព័ត៌ មានដើមអម្ពិលឲ្យដឹងថា ចលនា នៃការចូលរួមធ្វើការបោសសំអាតក្រុងនេះ ជាទូទៅធ្វើនៅរៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យ ថ្ងៃសៅរ៍ គឺធ្វើនៅពេលម៉ោងពលកម្ម ហើយការដឹកនាំធ្វើយុទ្ធនាការនេះ គឺដឹកនាំដោយលោកផ្ទាល់ ក្នុងគោល បំណង ធ្វើឲ្យពួកគាត់ ជាសិស្សហ្នឹង បានយល់ពីការចូលរួមជួយដល់សង្គម ក្នុងនោះវាអាចធ្វើឲ្យ ក្រុងរបស់យើងស្អាត ដើម្បីទទួលបានការគាំទ្រ ពីសំណាក់ភ្ញៀទេសចរជាតិ និងអន្តរជាតិ ។ ជាងនេះទៅទៀត ដូចជាធ្វើឲ្យពួកគេ (សិស្ស) ឲ្យមានទម្លាប់ ជួយធ្វើការពលកម្មទាំងក្នុងសង្គម និងនៅក្នុងគ្រួសាររបស់ពួកគាត់ផ្ទាល់ខ្លួនទៀតផង ។ ចលនានេះ លោក ទូច ស៊ីណា ប្រធានយុវជន និងកីឡា នៃមន្ទីរអប់រំខេត្ត បានបន្តទៀតថា នៅពេលខាងមុខៗទៀត លោកនឹង ដឹកនាំយុទ្ធនាការនេះរហូត ដើម្បីផលប្រយោជន៍ដល់សង្គម និងបញ្ចៀសពួកគេកុំឲ្យនាំគ្នាប៉ះពាល់គ្រឿងញៀនផងដែរ ។
ចុងក្រោយ លោកក៏បានធ្វើការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមអាជីវករទាំងអស់ឲ្យជួយចូលរួមក្នុងការរួមគ្នាជួយធ្វើការសំអាតក្រុងផង ក៏ដូចជាទីរមណីយដ្ឋាននានា គ្រប់ទីកន្លែង ដើម្បីជាការទាក់ទាញដល់អ្នកទេសចរពិសេសដែលយើងចង់បាននោះគឺ ដូចពាក្យស្លោកពោលថា ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ៕