បាត់ដំបង៖ រថយន្តសណ្តោងរ៉ឺម៉កធុន ដឹកទំនិញ១គ្រឿង បុកកៀម៉ូតូម៉ាកវ៉េវ១គ្រឿង ជិះម្នាក់ឯង បណ្តាលឲ្យ ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចមុខអាហារដ្ឋាន យីហោ« ចែអូន» ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល រថយន្តបង្កបានបើករត់ ដល់ទឹកដី ស្រុកសំឡូត ទើបសមត្ថកិច្ច ចាប់បាន នាំយកមកអធិការស្រុកដើម្បីសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនបន្តទៅការិយាល័យចរាចរណ៍ ខេត្តដើម្បីចាត់ការបន្តតាមច្បាប់។ លុះល្ងាចថ្ងៃទី២៦ខែវិច្ឆិកា សមត្ថកិច្ចជំនាញបានដោះលែង ជនបង្កឱ្យរួចខ្លួន ប្តូរនិងប្រាក់សំណង ដល់ក្រុមគ្រួសារជនរងគ្រោះ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចមុខ អាហារដ្ឋាន យីហោ« ចែអូន»ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបាន កើតឡើងបង្ក ដោយរថយន្តម៉ាក ហាយឡែនឌ័រ សណ្តោងរ៉ឺម៉ក ធុនដឹកទំនិញបើកបរ ពីទិសបាត់ដំបង ទៅស្រុកសំឡូត ពេលមកដល់ចំណុចកើតហេតុផ្លូវកោង រថយន្តបង្កបានបើកវ៉ាម៉ូតូក្នុង ទិសដៅស្របទិសគ្នា ហើយបានកៀ បោកនិងកន្ទុយរ៉ឺម៉ក រថយន្តចំម៉ូតូមួយទំហឹងបណ្តាលឲ្យដួលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រួចបានបើករថយន្តបន្តរត់ ដល់ទឹកដីស្រុកសំឡូត ដោយមានកិច្ចសហការរវាងសមត្ថកិច្ច ស្រុករតនៈមណ្ឌល និងស្រុកសំឡូតភ្លាមៗ ទើបសមត្ថកិច្ចនគរបាលស្រុកសំឡូត បានឃាត់ខ្លួនរថយន្តបង្កនិង អ្នកបើកបរ បានម្នាក់ បញ្ជូនមកអធិការស្រុក រតនៈមណ្ឌលវិញដើម្បីសួរនាំ។
អ្នកបើកបររថយន្តបង្ក មានឈ្មោះ ឃុន សៅមឿន ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិស្នោរ ឃុំររ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះមានឈ្មោះ សឿន អុល ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិអូរស្នួល ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ។ បន្ទាប់កើតហេតុ សមត្ថកិច្ចនគរបាល ចរាចរណ៍ស្រុកបានចុះទៅពិនិត្យ កន្លែងកើតហេតុ ធ្វើការវាស់វែង រួចជួយដឹកសពជនរងគ្រោះ យកទៅផ្ទះប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី។ ចំណែកជនបង្កសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនខ្លួន និងរថយន្តបង្កមកការិយាល័យ ចរាចរណ៍ខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។ លុះដល់ល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ អ្នកបើកបររថយន្តបង្ក ត្រូវបានលោក សាត គឹមសាន នាយការិយាល័យចរាចរណ៍ខេត្ត មិនបានបញ្ជូនទៅតុការទេ ហើយបានដោះលែងឱ្យ ត្រឡប់ទៅផ្ទះវិញ ព្រោះមាន អ្នករត់ការខ្វែងដៃ ខ្វែងជើង ដើម្បីឈានដល់ធ្វើការ ដោះលែងទៅដោយរលូនអញ្ចឹងទៅ។
ពាក់ព័ន្ធទៅនិងករណីនេះ អ្នកយកព័ត៌មាន បានសុំការបំភ្លឺពីលោក សាត គឹមសាន តាមទូរស័ព្ទ នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកានេះដែរ លោកបានបញ្ជាក់តាមទូរស័ព្ទថា រឿងដោះលែងអ្នកបើកបររថយន្ត បង្កឱ្យទៅផ្ទះវិញ គឺដោយសារ ជនបង្កបានសងប្រាក់ ទៅលើជនរងគ្រោះហើយ និងការិយាល័យជំនាញ ក៏នៅតែបញ្ជូនសំណុំ រឿងទៅតុលាការ ហើយជនបង្ក ក៏នៅតែមានជាប់ទោសបញ្ញតិដដែលទេ។ តែមជ្ឈដ្ឋានមួយចំនួន បានឆ្ងល់ថា បើគ្រាន់តែបុកគេស្លាប់ ហើយសងលុយ រួចជាការស្រេចនោះ ចុះច្បាប់ចរាចរណ៍បានចែង និងមាត្រា មួយណាទៅ ដែលសម្រួល បានយ៉ាង ស្រួលដូច្នេះ ចុះអ្នកខ្លះវិញម៉េចក៏បញ្ជូនទៅតុលាការ និងមានទោសទណ្ឌខុស ពីករណីនេះអញ្ចឹង។