ស្ទឹងត្រែង៖ អាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការនាំខ្លួន ថៅកែក្លឹបម្នាក់ និងម្នាក់ទៀតជាសន្តិសុខ ការពារក្លឹប កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ទៅកាន់ទីបញ្ជាការ អាវុធហត្ថខេត្ត ដើម្បីសួរនាំ ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងអាវុធហត្ថក៏បានចុះទៅ ទីតាំងក្លឹបអាម៉ាហ្សូន ធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ ឈ្មោះឌុច សម្ផស្ស ភេទប្រុស អាយុ ៣៤ឆ្នាំ ជាថៅកែក្លឹបកម្សាន្តអាម៉ាហ្សូន ពីបទញុះញ៉ុង និងសន្តិសុខម្នាក់ទៀតឈ្មោះ ឡុង ទូច ហៅម៉ាប់ភេទប្រុស អាយុ២៧ឆ្នាំ ពីបទប្រើអំពើហឹង្សា ដោយចេតនាទៅលើជនរងគ្រោះ ឈ្មោះទិន ជួប ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិព្រែក សង្កាត់/ក្រុង/ស្ទឹងត្រែង ។
គួរំលឹកថា នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ថ្មីៗនេះ នៅក្នុងក្លឹបរាំកម្សាន្តអាម៉ាហ្សូន មានការវាយតប់គ្នា រវាងសន្តិសុខការពារក្លឹបនិងភ្ញៀវ ហើយសន្តិសុខក្លឹបនោះ បានវាយបណ្តាល ឲ្យឈ្មោះទិន ជួប រងរបួសយ៉ាងដំណំ ។
បច្ចុប្បន្ន ទាំងថៅកែក្លឹបនិងសន្តិសុខឯកជន ការពារក្លឹបខាងលើនេះ កំពុងស្ថិតនៅទី បញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសួរនាំ និងធ្វើកំណត់ហេតុ ។
សូមបញ្ជាក់ថា ខណៈពេលដែល ជនទាំងពីរខាងលើ កំពុងស្ថិតនៅក្នុងទីបញ្ជាការ អាវុធហត្ថនោះ ក៏មានអ្នក មានលុយកាក់ មួយចំនួនបានរត់ខ្វែងដៃ ខ្វែងជើង ក្នុងការដោះ ស្រាយ ដើម្បីឲ្យថៅកែក្លឹបអាម៉ាហ្សូន និងខារ៉ាអូខេសួនរីករាយ បានរួចផុតពីការចោទប្រកា ន់ រីឯវិធានការ ឫចំណាត់ការយ៉ាងនោះ គឺប្រព័ន្ធតុលាការ ជាអ្នកសម្រេច៕