ភ្នំពេញៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងកាដ្ឋាន នគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក សុខ ណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅបង្រ្កាប ទីតាំង កត់ និងលក់កន្ទុយលេខមួយកន្លែង ដែលមានទីតាំង នៅតាមបណ្តោយផ្លូវលេខ៩៣ ក្នុងភូមិទូលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ប្រតិបត្តិការចុះបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួន មនុស្សចំនួន ៦នាក់ និងវត្ថុតាំងមួយចំនួនផងដែរ។
នាយរងការិយាល័យរូបនេះបានឲ្យដឹងថា ក្រោយពីមានការបញ្ជាពីស្នងការ និងស្នងការរង ទទួលបន្ទុកផែន ព្រហ្មទណ្ឌ និងមានការឯកភាព ពីព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ រួចមកកម្លាំងរបស់លោកបានចុះទៅឡោមព័ទ្ធ ទីតាំងខាងលើ និងបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៦នាក់ រួមទាំងវត្ថុតាំងសម្រាប់កត់កន្ទុយមួយចំនួន
ប្រភពដដែលបានបន្តថា មនុស្សចំនួន៦នាក់ ដែលត្រូវបានចាប់ខ្លួនលើ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅ ឡើយទេ ដោយបច្ចុប្បន្នកំពុងឃុំខ្លួនយកទៅសួរនាំ នៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕