កំពង់ចាម៖លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម កាលពី ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបញ្ជាឲ្យកម្លាំង អាវុធហត្ថក្រោមឱវាទ ដឹកនាំដោយលោក អនុសេនីយ៍ឯក ឡេង សុខា នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ សហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបបានឧបករណ៍ នេសាទល្មើសច្បាប់មួយចំនួន និងឃាត់ខ្លួនជនសង្ស័យ បានចំនួន៦នាក់ នៅចំណុច តាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ លោក ឡេង សុខា បានប្រាប់ឲ្យដឹងថា ក្រោយពីអង្គភាព អាវុធហត្ថខេត្តកំពង់ចាម បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថា មានករណីនេសាទល្មើសច្បាប់នៅ ចំណុច ដូចខាងលើជាញឹកញាប់នោះ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានចេញបញ្ជាភ្លាមៗ ឲ្យលោក ដឹកនាំកម្លាំងអាវុធហត្ថចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន បើកទូកមួយ គ្រឿងល្បាត តាមដងទន្លេ ។លុះទៅដល់ចំណុចភូមិកោះថ្មី ស្ថិតក្នុងភូមិកោះដាច់សមត្ថកិច្ច បានប្រទះឃើញ ជនសង្ស័យមួយ ក្រុមមានគ្នា៦នាក់ ទូកចំនួន២គ្រឿង (ដាក់ម៉ាស៊ីនបាត)កំពុង អូសនាម ទើបកម្លាំង សមត្ថកិច្ចយើងបានឃាត់ ខ្លួនតែម្តង។
នាយការិយាល័យដដែល បានបន្តថា ជនសង្ស័យទាំង៦នាក់ដែលបានឃាត់ខ្លួនសុទ្ធតែជាបុរស ១ឈ្មោះ យ៉ាំង ជៀន អាយុ២៣ឆ្នាំ.២ឈ្មោះ វិន យ៉ាំងគ អាយុ២៩ឆ្នាំ .៣ឈ្មោះ យ៉េន ប៊ុនហេង អាយុ២៧ឆ្នាំ.៣នាក់នេះ ជាជនជាតិ វៀតណាម សញ្ជាតិខ្មែរ .ទី៤ឈ្មោះ ម៉ះ សេត អាយុ៣២ឆ្នាំ .៥ឈ្មោះ ប៉ោ វណ្ណា អាយុ៣០ឆ្នាំ .៦ឈ្មោះ ប៉ោ ពេជ្រ អាយុ២៣ឆ្នាំ.៣នាក់នេះ ជនជាតិខ្មែរ ។ ជនសង្ស័យទាំង៦នាក់នេះ មានទី លំនៅភូមិជីហែរ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ចំណែកវត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបាន មាន ទូកចំនួន២គ្រឿង ឧបករណ៍នេសាទ១វង់ ប្រភេទ នាមអូសទូកពីរ មានទំហ៊ុំ មាត់១៥ម៉ែត្រ បណ្តោយ ប្រវែង ២៣ម៉ែត្រ ក្រឡា៥សង្ទីម៉ែត្រ ទៅ១.៥សង្ទីម៉ែត្រ។ ចំពោះជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ចាម បានចងក្រងសំណុំរឿងប្រគល់ជូនទៅស្ថាប័ន ខណ្ឌជលផល ខេត្តកំពង់ចាម ដើម្បីចាត់ការបន្ត៕