ព្រឹកថ្ងៃ ២៦វិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខត្តកំពង់ធំ មានកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសុំបញ្ចុះតម្លៃអគ្គិសនី សាជាថ្មី ដែលបច្ចុប្បន្ននេះតម្លៃនៅមិនទាន់ សមស្របដូចនៅខេត្តផ្សេងៗនោះទេ ។ ការប្រជុំនេះត្រូវបានអញ្ជើញចូលរួម ពីលោក តេង សុខុមាល ប្រធានផ្នែកលក់ នៃអាជ្ញាធរអគ្គិសនីកម្ពុជា និងសហការី លោក សៅ សាវ័ន្ត នាយកប្រតិបត្តិក្រុមហ៊ុនភ្លើង BVC. លោកអភិបាលក្រុង ស្រុក បណ្តាមន្ទីរវិស័យ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងសេវាករផ្គត់ផ្គង់ ថាមពលអគ្គិសនី តាមបណ្តាស្រុកមួយចំនួន ។
លោក គង់ វិមាន អភិបាលរងខេត្ត ទទួលបន្ទុកវិស័យអគ្គិសនី បានលើកឡើងពីខ្លឹមសាររួម សំរាប់ការប្រជុំនេះ ដោយផ្អែកលើការចាំបាច់ និងតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។ តាមការដឹកនាំរបស់លោក អភិបាលខេត្ត អ៊ុត សំអន បានយកចិត្តទុកដាក់ជាមួយ ប្រជាពលរដ្ឋ ដាក់ផែនការដើម្បីអោយមន្រ្តីចុះក្តាប់បព្ហាា និងសំណូមពរ ប្រជាពលរដ្ឋ ហើយដោះស្រាយបព្ហាាប្រឈម អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។
លោក តេង សុខុមាល តំណាងអាជ្ញាធរអគ្គិសនី បានជំរាបជូនអង្គប្រជុំអំពីច្បាប់អគ្គិសនី អំពីគោល នយោបាយរបស់រដ្ឋាភិបាល ដែលបានគឹតគូរពីវិស័យអគ្គិសនី ជូនដល់ប្រជាពលរដ្ឋបានប្រើប្រាស់អោយបាន គ្រប់គ្រួសារ នាថ្ងៃអនាគតខាងមុខ ។
លោក សៅ សាវ័ន្ត នាយកប្រតិបត្តិក្រុមហ៊ុនអគ្គិសនីBVC. បានជំរាបជូនអំពីគម្រោងវិនិយោគអគ្គិសនី ដែលមានទុនវិនិយោគច្រើន ចំងាយឆ្ងាយ ត្រូវការពេលវេលាយូរ ខ្សែបញ្ជូនត្រូវការរៀបចំតាមស្តង់ដារបច្ចេកទេស និងទាមទារ អោយមានការចូលរួមពីគ្រប់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ទើបបានលឿន។ ចំពោះការស្នើ សុំបញ្ចុះតម្លៃ សូមដាក់ជូនអង្គប្រជុំដើម្បីភិភាក្សាគ្នា។
អង្គប្រជុំក៏បានពិភាក្សាយ៉ាងផុលផុសពីគ្រប់អ្នកពាក់ព័ន្ធ ហើយក៏ទទួលបាននូវការឯកភាពគ្នាមួយ សមស្រប ក្នុងនោះ ១- សំរាប់បណ្តាញចាស់ មាន ឃុំ សង្កាត់មួយចំនួននៃ ស្រុក បារាយណ៏ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ តាមដង ផ្លូវជាតិ និងក្រុងស្ទឹងសែន ទាំង៨សង្កាត់ បានបញ្ចុះតម្លៃពី១៣០០រៀល មកនៅត្រឹម១២០០រៀល ក្នុងមួយគីឡវ៉ាត់ម៉ោង ។ ២- ៥ឃុំរបស់ស្រុកស្ទោង មានឃុំចំណារក្រោម ឃុំទ្រា ឃុំកំពង់ចិនជើង ឃុំកំពង់ចិនត្បូង និងឃុំប្រឡាយបញ្ចុះតម្លៃបច្ចុប្បន្នពី២៨០០រៀល មកនៅ១៦០០រៀល ក្នុងខែ១២ ឆ្នាំ២០១៤ និងចាប់ពីខែមករា ដល់ខែធ្នូឆ្នាំ២០១៥ ចុះមកនៅ ១៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ក្រៅពីឃុំគោលដៅខាងលើ នៅមានឃុំជា ច្រើនទៀត ដែលពុំទាន់បានភ្ជាប់សេវាបញ្ជូន របស់ក្រុមហ៊ុនBVC លោកអភិបាលរងខេត្តបានដាក់បទបញ្ជា អោយជំនាញចុះត្រួតពិនិត្យ និងជំរុញដល់សេវាករអោយពន្លឿន ការងាររបស់ខ្លួន ដើម្បីឆាប់បានភ្លើងប្រើដែលមាន តម្លៃថោកសមរម្យ ជូនប្រជាពលរដ្ឋ។
នៅក្នុងការពិភាក្សានេះ ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានក៏បានលើកឡើងអំពី បញ្ហាភ្លើងដាច់ញឹកញាប់ និងកុងទ័រដើរលឿន ខុសប្រក្រតី ជាពិសេស គាត់បានលើកឡើងថា កាលភ្លើងថ្លៃ ការប្រើប្រាស់អស់លុយតិចជាង ភ្លើងថោក ក្នុងពេលដែលឧបករណ៏ប្រើប្រាស់គាត់ប្រើដដែល តែគីឡូឡើងច្រើនស្ទើទ្វេរដង ។
លោក គង់ វិមាន អភិបាលរងខេត្ត បានថ្លែងការកោតសសើរដល់គ្រប់ភាគីពាក់ព័ន្ធដែលបានជជែកពិភាក្សាគ្នា ដោយឈរលើមូលដ្ឋានយោគយល់អធ្យាស្រ័យគ្នា ជាពិសេសបានទទួលយកដំណោះស្រាយតាមបែបនយោបាយ ឈ្នះៗទាំងអស់គ្នា ។ ក្នុងនេះលោកអភិបាលរងខេត្តក៏បាន ធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសេវាករ ទាំងអស់រួមសហការគ្នា អោយបានល្អ ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ អោយបានសមស្រប ជាពិសេស សេវាករត្រូវពង្រឹង និងត្រួតពិនិត្យមើលបន្ថែមទៀតនូវភាពខ្វះចន្លោះប្រហោងដែលប្រជាពលរដ្ឋ បានលើកឡើង ខាងលើ ដូចជា ករណីបង្គោលភ្លើងមិនបានល្អ ការតខ្សែមិនមានរបៀបរៀបរយ នាឡិការភ្លើងដើរលឿនខុសប្រក្រតី ចរន្តភ្លើងដាច់ញឹកញ៉ាប់ និងការស្នើសុំតបណ្តាញប្រើប្រាស់ របស់ប្រជាពលរដ្ឋមានការយឺតយ៉ាវ ការប្រើប្រាស់ ពាក្យសំដីមិនសូវសមរម្យរបស់បុគ្គលិកខ្លួន និងតម្លៃតសេវាអនុវត្តន៏អោយបានតាមច្បាប់កំណត់ ជាដើម ។ល។ អ្វីដែលអនុវត្តន៏មិនទាន់ បានត្រឹមត្រូវសូមធ្វើការកែតម្រូវ អោយបានល្អប្រសើឡើងវិញ ។
ជាចុងបពា្ចប់លោកគង់ វិមាន បានថ្លែងអំណរគុណចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី លោករដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ប្រតិភូទទូលបន្ទុកអគ្គនាយកអាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានដឹកនាំ និងជួយជំរុញការងារនេះ ដើម្បីបំរើផលប្រយោជន៏ជូនប្រជាពលរដ្ឋ ។ ក្នុងនោះក៏ថ្លែង អំណរគុណដល់ក្រុមហ៊ុនBVC និងសេវាករទាំងអស់ដែលបានយោគយល់ និងខិតខំប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ បានទាន់ពេលវេលាតាមសំណូមពរ មូលដ្ឋាន