បន្ទាយមានជ័យ៖ កម្លាំងនគរបាល មូលដ្ឋាន ប៉ុស្តិ៍ឫស្សីក្រោក នៃអធិការ ដ្ឋាន នគរបាល ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ រហូតឈាន ទៅដល់ការឃាត់ខ្លួន ជនជួញដូរថ្នាំញៀន ៣នាក់ និងដកហូត បានថ្នាំញៀន ប្រភេទម្ស៉ៅក្រាម ពណ៌សចំនួន៣ចង់តូច និងវត្ថុតាង មួយ ចំនួនទៀត។ ប្រតិបត្តិការ ចាប់ជនសង្ស័យ ទាំង៣នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ខាងលើនេះ បានធ្វើឡើង កាលពីវេលា ម៉ោង ប្រមាណ៥៖៣០នាទី ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ ឃុំឫស្សីក្រោកតែម្តង។
មន្រ្តីនគរបាល មូលដ្ឋាន បានថ្លែងឲ្យដឹងថា ក្រោយទទួលនូវ សេចក្តីរាយការណ៍ ពីសកម្មភាព ចែកចាយគ្រឿងញៀន ខាងលើនេះ អធិការនគរបាល ស្រុកមង្គលបូរី បានបញ្ជាឲ្យ នគរបាល ជំនាញ និងនគរបាល មូលដ្ឋាន ចុះស្រាវជ្រាវ តាមវិធានការ ជំនាញរហូត តាមចាប់ជន សង្ស័យទាំង៣នាក់ ព្រមទាំងដកហូត ថ្នាំញៀន ប្រភេទ ក្រាមពណ៌សថ្លា ចំនួន៣ថង់តូច ទូរស័ព្ទដៃ ចំនួន៣គ្រឿង កាបូបដាក់លុយ១ និងនាឡិកា ចំនួន១ផងដែរ ។
មន្រ្តីនគរបាល មូលដ្ឋាន បានបញ្ជាក់ទៀតថា ជនសង្ស័យទី១ ឈ្មោះឈ ចំរើន អាយុ៣២ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី(ជួញដូរ) ទី២-ឈ្មោះគោក ចិន អាយុ២៨ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី និងទី៣ ឈ្មោះ ធី ប៊ុនថន អាយុ១៨ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ។
បើតាមការបញ្ជាក់ របស់មន្រ្តីនគរបាល ស្រុកមង្គលបូរី ថ្លែងថា ចំពោះប្រតិបត្តិការ បង្ក្រាបបទល្មើស នៅក្នុងមូលដ្ឋាននោះ ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ បានបញ្ជាឲ្យកម្លាំងនគរបាល ត្រូវបន្តអនុវត្ត យ៉ាងមឺងម៉ាត់ ធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ ជនល្មើសទាំងនេះ ជាពិសេសមុខសញ្ញា ចែកចាយ និងជួញដូរថ្នាំញៀនតែម្តង ពីព្រោះថ្នាំញៀន អាចបំផ្លាញ សង្គមទាំងមូល ។
ជាក់ស្តែង ចំពោះការបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ ទាំងនេះ ក្រោយទទួលបានព័ត៌មាន និងទទួលបាន បទបញ្ជាពី លោកស្នងការភ្លាមៗនោះ កម្លាំងនគរបាល បានចេញពួនស្ទាក់ រហូតតាម ចាប់បានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅ សួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកមង្គលបូរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕