កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម សម្រាប់ រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងការដោះស្រាយ ខណៈចំនួនអ្នកស្លាប់ និងរងរបួស នៅតែមាន ការកើនឡើង ដដែល ជារៀងរាល់ថ្ងៃ ។
បើទោះបីជាសមត្ថកិច្ច តាមបណ្តា រាជធានី ខេត្ត បើកយុទ្ធនាការ ចុះទៅពង្រឹង និងធ្វើការផ្សព្វផ្សាយ ច្បាប់ ចរាចរណ៍ ផ្លូវគោក តាមគោលដៅ លើដងផ្លូវក៏ដោយនោះ តែសម្រាប់ អ្នកប្រើមធ្យោបាយ ទាំងឡាយ មួយ ចំនួនណានោះ នៅតែប្រព្រឹត្ត និងមិនគោរព ដដែល ជាពិសេសមិនមាន ការយោគយល់គ្នានោះ នាំឲ្យមាន គ្រោះថ្នាក់ ចរាចរណ៍កើនឡើង ជាបន្តបន្ទាប់ ។
ជាក់ស្តែង យុវជន៣នាក់បានស្លាប់ មួយរំពេច នៅនឹងកន្លែងកើតហេតុ ក្រោយពី រថយន្តមួយគ្រឿង និងម៉ូតូដែលពួកគេកំពុងជិះ បានបុកគ្នា កាលពីវេលាម៉ោង ៦៖០០នាទី ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុច ភូមិកំពង់ក្របី ឃុំគគរ កំពង់សៀម ។
មន្រ្តីនគរបាល ស្រុកកំពង់សៀម បានថ្លែងឲ្យដឹងថា ជនរងគ្រោះ ទាំង៣នាក់ រួមមានទី១ ឈ្មោះ រ៉េន អ៊ីម រស់នៅ ភូមិកោះកុក ឃុំកោះទន្ទឹម ទី២.ឈ្មោះ រី រស់នៅភូមិអណ្តូងច្រុះ ឃុំអំពិល និងទី៣ មិនស្គាល់អត្តសញ្ញាណ ។
មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយទទួល ព័ត៌មាន អធិការនគរបាល ស្រុកកំពង់សៀម បានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចចុះទៅ ជួយអន្តរាគមន៍ និងទាក់ទងទៅក្រុមគ្រួសារ ជនរងគ្រោះ ដើម្បីទទួលយកសព ទៅបុណ្យ តាមប្រពៃណី។
ដោយឡែក រថយន្ត និងម៉ូតូ របស់ជនរងគ្រោះ ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរង់ចំាការដោះស្រាយបន្តទៀត៕