កំពង់ធំៈ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ព្រមទាំងមន្រ្តីក្រោមឱវាទ ជាច្រើននាក់ កាលពីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ បានរៀបចំប្រារព្ធ ទិវាជនពិការកម្ពុជា លើកទី១៤ នៅសាលប្រជុំខេត្តកំពង់ធំ ដើម្បីរំលឹក និងលើកទឹកចិត្ត ដល់ជនពិការនានា នៅក្នុងប្រទេសកម្ពុជា ។
ពិធីនេះ ធ្វើឡើង ក្រោមអធិបតីភាព លោកសុខ លូ អភិបាលរង ខេត្តកំពង់ធំ និង លោក ជា ជាតិ ប្រធានមន្ទីរ សង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្ត ដើម្បីជាការរំលឹកដល់ ទិវាជនពិការកម្ពុជាផង ហើយក៏ដើម្បី រំលឹកដល់ទិវាជនពិការអន្តរជាតិ លើកទី៣០ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១២ ផងដែរ ។
លោក ជា ជាតិ ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានឱ្យដឹងថា គោលបំណង នៃការរៀបចំទិវាជនពិការនេះ គឺដើម្បីលើកកំពស់ ការយល់ដឹងជាសាធាណៈ អំពីបញ្ហា ពិការភាព ដើម្បីជំរុញការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ និងសេវាកម្មនានា ដូចជា ការវិនិយោគ ក្នុងកម្មវិធី និងសេវាកម្មពិសេស សម្រាប់ជនពិការ ការអនុម័ត យុទ្ធសាស្ត្រពិការភាព និងផែនការសមត្ថភាព ផ្តល់ជូនឱ្យ មានការចូលរួមពី ជនពិការ ការកសាងសមត្ថភាពធនធានមនុស្ស ឲ្យប្រសើរឡើង ការផ្តល់ថវិកា គ្រប់គ្រាន់ និងបង្កើនតាមលទ្ធភាពដែលមាន បង្កើនការផ្សព្វផ្សាយ និងកាយល់ដឹង ជាសាធារណៈ កែលំអរការប្រមូល ទិន្និន័យ ពិការភាព ឱ្យមានភាពប្រសើរឡើង ពង្រឹងនិងគាំទ្រ ដល់ការសិក្សាស្រាវជ្រាវ ស្តីពី ពិការភាពជាដើម៕
បន្ទាប់ពីអានសារលិខិត របស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក សុខ លូ អភិបាលរង ខេត្តកំពង់ធំ បានសំណេះសំណាល និង កោតសរសើរ ដល់មន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនិតិសម្បទាខេត្ត ស្ថាប័ន អង្គការជាតិ-អន្តរជាតិ ពិសេសអង្កការ ដែលធ្វើការជាមួយ ជនពិការ ដែលបានចូលរួម យ៉ាងសកម្មជំរុញ ឱ្យមានការដាក់បញ្ជូលជនពិការ ក្នុងការអភិវឌ្ឍន៍ដោយ ខិតខំធើឱ្យ មានការទទួលស្គាល់តំលៃ និងសមត្ថភាពជនពិការ ហើយរួមចំណែកបណ្ដុះបណ្ដាល និង ទទួលយក ជនពិការចូលបំរើ ក្នុងស្ថាប័ន រោងចក្រសហគ្រា ដែលធ្វើឱ្យ ការរស់នៅរបស់ជនពិការ មានស្ថេរភាព ទាំងនោះ ហើយ ដែលជាកត្តាគន្លឹះ ក្នុងកិច្ចការពារ និងលើកកំពស់ ជនពិការក្នុងសង្គម។
នាឱកាសនោះ គណៈអធិបតី ក៏បានផ្តល់ អំណោយដល់ ជនពិការដែលបានចូលរួម នូវអាវមួយ និងថវិកា១០០០០រៀល សម្រាប់ម្នាក់ៗ ផងដែរ ៕