កំពង់ធំ ៖ ផ្លូវមួយខ្សែ ដែលមានប្រវែង ២៥ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក ត្រូវបានបើកការដ្ឋានសាងសង់ កាលពី ព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១២ ដែលបានសាងសង់ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវជាតិលេខ ៧១ ភូមិ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ រហូតដល់ភូមិអូរធំ ឃុំ បឹងល្វា ស្រុកសន្ទុក ដែលបានប្រសិទ្ធនាម ឈ្មោះ ផ្លូវ ហ៊ុន សែន ក្រវ៉ា ដែលពិធីបើកការដ្ឋានេះ ស្ថិតក្រោម អធិតីភាព លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ម៉ៅ ឡាំង ប្រធានមន្ទីរសាធារណការដឹកជញ្ជូន ខេត្តកំពង់ធំ ព្រមទាំងគណៈប្រតិភូ រួមដំណើរ បានចុះពិនិត្យស្ថានភាពផ្លូវ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវ ។
លោក ម៉ៅ ឡាំង បានមានប្រសាស៍ថា ផ្លូវមួយខ្សែនេះ ជាផ្លូវសេដ្ឋកិច្ចសំខាន់ណាស់ ក្នុងការដឹកជញ្ជូនដំណាំកសិកម្ម និងកសិឧស្សាហកម្ម និងជាផ្លូវ អាចធ្វើដំណើរ ភ្ជាប់ជាមួយនឹងខេត្តក្រចេះនៃអនាគត ប៉ុន្តែស្ថានភាពផ្លូវត្រូវបាន ខូចខាតស្ទើរតែទាំងស្រុង ដោយមានជង្ហុកធំៗ នៅរដូវវស្សា ការ ធ្វើដំណើរពិបាកខ្លាំងណាស់ ទាំងថ្មើរជើង និងយានជំនិះ រួមទាំងសិស្សានុសិស្ស រហូតមកដល់ពេលនេះ ដោយមានការមើលឃើញសុខទុក្ខ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណា ចក្រកម្ពុជា បានអញ្ជើញចុះមកចែកប័ណ្ណ កម្មសិទ្ធិ ដីធ្លីជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១២ កន្លងមក បានប្រកាសជាផ្លូវការ ឲ្យសាងសង់ផ្លូវថ្នល់ ចាក់កៅស៊ូ ប្រភេទ DBST តាមការ សំណូមពររបស់សាលាខេត្តកំពង់ធំ ដែលមានប្រវែង ២៥ គីឡូម៉ែត្រ រួមទាំងស្ថាបនា ស្ពាន លូ និងប្រព័ន្ធរំដោះទឹក ។ លោកបានបញ្ជាក់ទៀតថា ក្នុងការអនុវត្តន៍ សាងសង់ផ្លូវថ្នល់ចាក់កៅស៊ូនេះ គឺត្រូវបានក្រសួងសាធារណការដឹកជញ្ជូន សហការជាមួយនាយកដ្ឋានវិស្វកម្ម ចែកគ្នាជាពីរ គឺ មន្ទីរសាធារណការដឹកជញ្ជូនខេត្ត សាងសង់ចំនួន ៥ គីឡូម៉ែត្រ ចំណែក ២០ គីឡូម៉ែត្រ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ ណែនាំឲ្យមន្រ្តីជំនាញទាំងអស់ អនុវត្តគំរោង សាងសង់ថ្នល់ ឲ្យស្របតាមស្តងដារ ដែលមានប្រឡាយសងខាងផ្លូវ មានប្រព័ន្ធលូរំដោះទឹក ស្ពាន ព្រមទាំងឧបករណ៍គ្រឿងចក្រ ឲ្យមាន គុណភាព ក្នុងការប្រើការការងារសាងសង់ផ្លូវថ្នល់ ជាពិសេសត្រូវមានការសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ដោយសហការជាមួយនិងអាជ្ញាធរ ប្រជុំផ្សព្វ ផ្សាយ ស្តីពីផលប៉ះពាល់ ចៀសវាងធ្វើមានសតិអារម្មណ៍ ចំណែកផ្លូវថ្នល់ ត្រូវធ្វើឡើងចាប់ពីអ័ក្សផ្លូវ ២០ម៉ែត្រ នៅក្នុងទីប្រជុំជន ឬនៅក្នុងភូមិ ត្រូវធ្វើឡើង ពីអ័ក្សផ្លូវ ១៣ម៉ែត្រ ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ បានសម្តែងនូវក្តីត្រេតអរ ដែលកំពុងតែទទួលបានផ្លូវចាក់កៅស៊ូ កាលពីមុនរាប់សិបជំនាន់មិនដែលមាន ទើបតែពេលនេះ ពួកគាត់កំពុងតែទទួលបាននូវចំណងដៃ គួរជាទីពេញចិត្ត ៕