ភ្នំពេញៈ នាដំណាច់ឆ្នាំ២០១២ នេះ អភិបាលខណ្ឌចំការមន ដែលជាគណៈបញ្ជាការឯកភាពខណ្ឌ បានបើកកិច្ចប្រជុំស្តីពីការងារ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជាមួយនឹងមន្រ្តីពាក់ព័ន្ធ ក្នុងសាលាសាលាខណ្ឌចំការមន នៅរសៀលថ្ងៃទី១៣ ខែធ្នូ ។
អភិបាលខណ្ឌចំការមន លោក ឡូ យុយ បានថ្លែងនៅក្នុងពិធីនេះថា គ្រប់អាជ្ញាធរពាក់ព័ន្ធទំាងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការងារ សន្តិសុខ ជាពិសេសការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅសំខាន់ៗ ឯរឿងគ្រប់គ្រងរដ្ឋបាលក៏ដូច្នេះដែរ អាជ្ញាធរត្រូវធ្វើការត្រួតពិនិត្យជាប្រចាំ តាមផ្ទសំណាក់ ផ្ទះជួល និងតំបន់សង្ស័យ ដើម្បីជៀសវាង ការកើតបញ្ហាណាមួយ ជាយថាហេតុ។
លោក ឡូ យុយ ក៏បានបន្ថែមទៀតថា នៅតាមមូលដ្ឋាន ជាពិសេសតំបន់ផ្សាមួយចំនួន អាជ្ញាធរត្រូវតែប្រុងប្រយ័ត្ន ចំពោះករណីអគ្គិភ័យ ទាំង ប្រធានផ្សា ទាំងមេភូមិ និងចៅសង្កាត់ ត្រូវចុះធ្វើការណែនំា ដល់ប្រជាពលរដ្ឋជាប្រចំា អំពីរបៀបនៃការបង្ការអគ្គិភ័យ។
អធិការនគរបាលខណ្ឌចំការមន លោក អ៊ុច សុខុន ក៏បានថ្លែងផងដែរថា ដើម្បីគ្រប់គ្រងសភាពការក្នុងមូលដ្ឋាន ទាមទារសំខាន់ គឺការសហការគ្នា រវាងមេភូមិ ចៅសង្កាត់ និងមន្រ្តីនគរបាលប៉ុស្តិ៍។ លោក អ៊ុច សុខុន ក៏បានបន្តទៀតថា ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ អាចអនុវត្តទៅបាន លុះត្រាណា តែមានការរាយការណ៍ ច្បាស់លាស់ពីមូលដ្ឋាន ដូច្នេះសូមមន្ត្រីនគរបាល មេភូមិ និងចៅសង្កាត់ ត្រូវតែរាយការណ៍នូវព័ត៌មាន ពិតប្រាកដ មិនត្រូវធ្វើការលាក់លៀមនោះទេ ។
សូមបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំស្តីពីការងារ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ នេះ គឺមាន ការចូលរួម ពីសំណាក់កងកម្លាំងនគរបាល ខណ្ឌចំការមន, កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន រួមទាំងមេភូមិ ៩៥ នាក់ និងចៅសង្កាត់-ចៅ សង្កាត់រង ទាំង១២ ក្នុងខណ្ឌចំការមន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕