ភ្នំពេញ ៖ សេចក្តីព្រៀងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានការកំណត់ កម្រិតទោសទណ្ឌធ្ងន់ធ្ងរ ជាងច្បាប់ចរាចរណ៍ ផ្លូវគោកចាស់នោះ ត្រូវបានរដ្ឋសភា លើកយកមកពិភាក្សាពេញមួយព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ តែមិនទាន់បញ្ចប់ នៅឡើយទេ ពោលអនុម័តបានតែ ២ជំពូកប៉ុណ្ណោះ ជំពូកនៅសល់ចំនួន ១០ទៀត នឹងលើកមក ពិភាក្សាបន្តនៅថ្ងៃ ពុធ ទី០៣ ខែធ្នូ ។
ក្នុងអង្គប្រជុំនាព្រឹក ថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០១៤ សមាជិករដ្ឋសភា បានបោះឆ្នោតគាំទ្រ ទៅលើជំពូកទី១ ស្ដីពីបទ ប្បញ្ញត្តិទូទៅ ដោយសំឡេងគាំទ្រ ១០៧ លើ១០៩។ ជំពូកទី២ ស្ដីពីសញ្ញាចរាចរណ៍ ដោយសំឡេងគាំទ្រ ១០៥ លើ ១០៩ ។
នៅក្នុងឱកាសបើកកិច្ចប្រជុំ អនុម័តលើសេចក្តីព្រៀងច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ លោក សម រង្ស៊ី មានប្រសាសន៍ គូសបញ្ជាក់ថា បញ្ហាធំ ដែលនាំឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់នោះ គឺកើតចេញពីការបើកបរមិន គោរពច្បាប់ចរា ចរណ៍ កត្តាយានយន្ត ផ្លូវ និងកត្តាផ្សេងៗមួយចំនួនទៀត ។
លោក សម រង្ស៊ី បានថ្លែងជំរុញ ឲ្យមានការផ្តន្ទាទោសស្មើៗគ្នា ចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ ដោយមិន ត្រូវមានការលើកលែង ចំពោះអ្នកមានអំណាច ឬអ្នកមានលុយនោះឡើយ។ ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ ឲ្យមាន ប្រសិទ្ធភាព និងកុំឲ្យមានអំពើពុករលួយ ចំពោះមន្រ្តីអនុវត្តន៍ច្បាប់នោះ លោក សម រង្ស៊ី បានស្នើឲ្យមានការបញ្ចុះតម្លៃ សាំង និងដំឡើងប្រាក់ខែ ដល់មន្រ្តីអនុវត្តន៍ច្បាប់ឲ្យបានសមរម្យ ។
សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោក ដែលរដ្ឋសភាបានអនុម័តនាព្រឹកមិញនេះ មានចំនួន ១២ជំពូក ស្មើ និង៩២ មាត្រា ក្នុងនោះកែសម្រួល ៦៤មាត្រា រាក្សាខ្លឹមសាចាស់ ១៣ និងបន្ថែមថ្មី ១៥មាត្រា និងលុបចោល ១៨មាត្រា ។ សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានការកំណត់យ៉ាងតឹងរឹង សម្រាប់អ្នកធ្វើដំណើរតាមទោចក្រ យានយន្ត រថយន្ត និងមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដូចការការកំណត់ឲ្យអ្នកធ្វើដំណើរ តាមទោចក្រយានយន្ត និងត្រីចក្រ យានត្រូវពាក់មួកសុវត្ថិភាព ឲ្យបានគ្រប់គ្នាទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ ទោចក្រយានយន្តមួយធ្វើដំណើរ បាន តែ៣នាក់ប៉ុណ្ណោះ បូករួមទាំងកូនក្មេង ។
សេចក្តីព្រាងច្បាប់ថ្មី ក៏មានការបង្កើននូវកម្រិតថវិកាផាកពិន័យ និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរណាស់ផងដែរ សម្រាប់ អ្នកដែលល្មើសច្បាប់ចរាចរណ៍។ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១៥ លានរៀល ឬអាចបន្ថែមទោសទណ្ឌ លើសពីនេះទៀត។ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឲ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឲ្យអ្នក រងគ្រោះអសមត្ថភាព ធ្វើការងារក្នុង រយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតចាប់ពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធ នាគារ ពី៦ខែ ទៅ២ឆ្នាំ និងពិន័យជា ប្រាក់ពី២លានរៀល ទៅ១០លានរៀល ឬអាចលើសពីនេះ ។
សម្រាប់អ្នកបើកបើកបរយានយន្ត ដោយគ្មានប័ណ្ណបើកបរ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ ថ្ងៃ ទៅ ១ខែ និងពិន័យ ជាប្រាក់ពី ១សែនរៀលទៅ៨សែនរៀល ។ អ្នកបើកបរយានយន្ត មិនព្រមបញ្ឈប់យានយន្ត តាមការបញ្ជារបស់មន្ត្រី នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬសារធាតុគ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ៨សែនរៀល។ ចំណែកជនណា បើកបរយានយន្តនៅពេល ខ្លួនស្ថិតនៅក្នុងភាពស្រវឹង ដោយមានជាតិអាល់កុល ចាប់ពី ០,៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ ក្រាម ក្នុងមួយលីត្រ ឈាមឡើងទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ៨ សែន រៀល ទៅ ៤ លានរៀលផងដែរ ។
សម្រាប់ជនណាប្រើប្រាស់ រថយន្តដោយគ្មានបណ្ណសម្គាល់ ឬគ្មានស្លាកលេខសម្គាល់រថយន្ត ត្រូវផ្តន្ទាទោសដាក់ ពន្ធ នាគារពី ៦ថ្ងៃ ទៅ១ខែ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល ។
ក្រៅពីការដាក់ទោសទណ្ឌ សម្រាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ មន្ត្រីអ្នកអនុវត្តន៍ច្បាប់ ដែលមិនគោរពតួនាទី ភារកិច្ចរបស់ខ្លួន ក៏ត្រូវច្បាប់កំណត់ដាក់ទោសទណ្ឌធ្ងន់ធ្ងរផងដែរ។ ក្នុងមាត្រា ៧៤ នៃសេចក្តីព្រាងច្បាប់ថ្មី នេះ បាន កំណត់ថា មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខណ្ឌមុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ហើយបានដកហូតយកប័ណ្ណបើកបរ ស្លាកលេខ ប័ណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះ ដោយបំពានច្បាប់ ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ១ខែ និងពិន័យជាប្រាក់ ពី១០ម៉ឺន ទៅ៨០ម៉ឺនរៀល ។
ក្រៅពីការកំណត់ទោសទណ្ឌធ្ងន់ធ្ងរទៅ នៅក្នុងសេចក្តីព្រៀងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏មានការកំណត់ទៅលើ មធ្យោបាយដឹកជញ្ជូន និងមានការដាក់នូវបទប្បញ្ញត្តិជាច្រើនផ្សេងទៀត សម្រាប់អ្នកធ្វើចរាចរណ៍លើដងវិថី ដែលគេ រំពឹងថា នឹងជួយឲ្យការធ្វើចរាចរណ៍លើដងវិថីបានល្អប្រសើរ និងចូលរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ បានខ្ពស់ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០១៣កន្លងទៅ មានជនរងគ្រោះចំនួន ១៦.២២៧នាក់ ក្នុងនោះ មានអ្នកស្លាប់ ១.៩៥០នាក់ និងរបួសធ្ងន់ ៥.៦៧១នាក់។ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ច្រើនជាង ៥ ទៅ៦នាក់ ក្នុងមួយថ្ងៃ ក្នុងនោះ ៦៩ភាគរយ គឺជាអ្នកជិះម៉ូតូ ហើយមិនពាក់មួកសុវត្ថិភាព ។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៤នេះ មានការឡើងខ្លាំង បើធៀបកាលពីឆ្នាំ២០១៣ កន្លងទៅ ហើយ អ្នក ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលជិត ១១ខែ នៅឆ្នាំ២០១៤នេះ បានកើនដល់ជាង ២.០០០នាក់៕