ភ្នំពេញ ៖ បន្ទាប់ពីក្រុមការងារ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានចំណាយពេលជួបគ្នា អស់ ពេលជាង ៣ម៉ោង នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤នេះ នៅសល់មួយចំណុចទៀត ដែលមិនបានបញ្ចប់ជាមួយ គ្នា គឺការជ្រើសរើសអគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) ។
ការជួបគ្នារវាងគ្នានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំកំពូលទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន អនុប្រធានគណ បក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានឆ្លៀតឱកាសជួបគ្នា ប្រហែលជាមួយ ម៉ោងនៅរដ្ឋសភា កាលពីថ្ងៃសុក្រទី២៨ ខែវិច្ឆិកា ក្នុងគ្រាដែលសភាបើកិច្ចប្រជុំ អនុម័តសេចក្តីព្រាងច្បាប់ ថវិកាជាតិ ឆ្នាំ២០១៥ ។
ចំណុចដែលមានការខ្វែងគំនិតគ្នា គឺនៅត្រង់ចំណុចការជ្រើសរើស អគ្គលេខាធិការរង គ.ជ.ប ដោយខាងគណបក្ស ប្រជាជនកម្ពុជា ចង់បានការចេញដោយអនុក្រឹត្យ ដែលមានការចុះហត្ថ លេខាត្រឹមនាយករដ្ឋមន្រ្តី ប៉ុន្តែគណបក្ស សង្រ្គោះជាតិ ចង់ចេញដោយព្រះរាជ្យក្រឹត្យ ដែលចុះហត្ថលេខាដោយព្រះមហាក្សត្រកម្ពុជា ។
តំណាងក្រុមការងារទាំងពីរ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ ពីបញ្ចប់កិច្ច ជំនួបនាវិមានរដ្ឋសភា ថា នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រុមការងារទាំងពីរ នឹងជួបគ្នាម្តងទៀត ដើម្បីពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោត និង ការពិនិត្យច្បាប់បោះឆ្នោត ។
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ប៊ិន ឃិន បានមានប្រសាសន៍ថា ចំពោះបញ្ហាមួយចំណុច នេះ ខាងក្រុមការងារលោក មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ រង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំ ។
ការជួបគ្នានៅរសៀលនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ប៊ិន ឃិន ចំណែកគណបក្ស សង្រ្គោះជាតិ ដឹកនាំដោយ លោក គួយ ប៊ុនរឿន ។ ដោយឡែកសមាសភាព លោកស្រី ពង់ ឈីវកេក មិនទាន់សម្រច កំណត់ដកនៅឡើយទេ ។តំណាងក្រុមការងារបន្តថា ច្បាប់បោះឆ្នោតនឹងត្រូវបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខ។
សូមបញ្ជាក់ថា ក្រុមការងារ គណបក្សមានអាសនៈ នៅក្នុងសភាទាំងពីរ ធ្លាប់បានជួបពិភាក្សាគ្នា ជាច្រើនដងមក ហើយ លើការធ្វើកំណែទម្រង់បោះឆ្នោត ហើយលទ្ធផលរហូតមកពេលនេះនៅតែមិនទាន់បញ្ចប់ទៀត ។
លទ្ធផលដែលថ្នាក់ដឹកនាំទាំងពីរ បានជួបគ្នាគឺសម្រេចឲ្យ ធ្វើវិសោធនកម្មប្រការ៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋ សភា ដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃ គណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា និងរៀបចំ ឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភា ដើម្បីជាគូសន្ទនា ជាមួយប្រមុខរាជរដ្ឋាភិបាល ទាក់ទងបញ្ហាប្រទេសជាតិ។ ប្រធានក្រុមភាគតិចនេះ នឹងមានឋានៈស្មើ នាយករដ្ឋមន្រ្តី ។
បក្សទាំងពីរ នឹងជំរុញការធ្វើវិសោធនកម្មប្រការ៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ឲ្យបាន ឆាប់ដោយចាត់ ទុកជា អាទិភាព។ ដោយឡែកចំណុចវិសោធនកម្មផ្សេងទៀត នៃបទបញ្ជាផ្ទៃ ក្នុងរដ្ឋសភានឹងត្រូវពិភាក្សាគ្នា ពេលក្រោយ ទៀត នៅក្នុងយន្តការរបស់រដ្ឋសភា ។
ចំណែករាល់បញ្ហា ដែលនៅសេសសល់ មិនទាន់ចុះសម្រុងគ្នា នៅក្នុងសេចក្តីស្នើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្នាក់ដឹកនាំកំពូល នៃបក្សទាំងពីរ បានឯក ភាពគ្នា ដោះស្រាយបញ្ចប់ ហើយក្រុមការងារគណបក្សទាំងពីរ នឹងបន្តជួបប្រជុំគ្នា ដើម្បីអនុវត្តតាមស្មារតីនៅសប្តាហ៍ នេះ ៕