Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុន «ពៅ មុន្នីជាតិ» ជីកយកថ្មភ្នំ និងដីគ្រួសក្រហម តំបន់ជង្រុកត្រី បឹងទន្លេសាប លក់ទៅ ខេត្តកណ្តាល

$
0
0

កំពង់ឆ្នាំង ៖ ក្រោយកម្លាំង សមត្ថកិច្ចចម្រុះ បរាជ័យ ក្នុងការចុះឃាត់គ្រឿងចក្រ គាស់កាយថ្មភ្នំ និងដី គ្រួសក្រហមដឹក ធ្វើអាជីវកម្មលក់ ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកណ្តាល កាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក សោម វឺន អភិបាលនៃ គណៈអភិបាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអះអាងប្រាប់ឲ្យដឹងថា លោកនឹងធ្វើរបាយការណ៍ ជូនលោកអភិបាលខេត្ត និងធ្វើលិខិតស្នើសុំកម្លាំង សមត្ថកិច្ចធ្វើអន្តរាគមន៍ និងធ្វើលិខិតជូនដំណឹង ដល់អាជ្ញាធរឃុំ ទឹកហូត ក្នុងការឃាត់គ្រឿងចក្រ របស់ក្រុមហ៊ុន «ពៅ មុន្នីជាតិ» ដែលគេស្គាល់ថា ប្រធានក្រុមហ៊ុន ជាកូនរបស់ លោក ពៅ ស៊ឹង មានឋានៈស្មើនឹងឯកឧត្តមនៅ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ។

 គួររម្លឹកថា កម្លាំងសមត្ថកិច្ចចម្រុះ ស្រុករលាប្អៀរ មានកងរាជអាវុធហត្ថ យោធា និងមន្ត្រីនគរបាល បានបរាជ័យ ដកថយក្រោយវិញ មួយជំហានខណៈចុះឃាត់ការ ជីកយកអាចម៍ដី របស់ក្រុមហ៊ុនមួយ ស្ថិតនៅមាត់ បឹងឆ្អឹងដំរី ក្នុងភូមិទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។  

កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមបញ្ជាផ្ទាល់ របស់អភិបាល ស្រុករលាប្អៀរ លោក សោម វឺន ដោយបានទទួលបញ្ជាផ្ទាល់ពី អភិបាលខេត្តកំពង់ឆ្នាំងគឺ លោក ឈួរ ច័ន្ទឌឿន នេះបើយោងតាមប្រសាសន៍របស់លោក សោម វឺន នៅរសៀលថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

លោក សោម វឺន បានបន្តថា ក្រុមហ៊ុន គ្រឿងចក្រធ្វើឡើង ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយអាងលើ ខ្នងខ្សែអ្នកមានអំណាច មិនស្តាប់តាម អាជ្ញាធររបស់ លោកឡើយ ។ អភិបាលស្រុករូបនេះ បានបន្តឲ្យដឹងថា តាមយោបល់ របស់អភិបាល នៃគណៈអភិបាលខេត្ត បញ្ជាឲ្យ កងកម្លាំងចម្រុះ ធ្វើការឃាត់គ្រឿងចក្រទាំងនេះ ទុកបណ្តោះអាសន្ន និងធ្វើកំណត់ហេតុជាមុនសិន ប្រសិនបើក្រុមហ៊ុន មានច្បាប់គួរយកច្បាប់មកជម្រាបជូន អាជ្ញាធរដែនដី ដូចជា ឃុំ ស្រុក និងខេត្តជាដើម ។

តាមការសង្កេតកម្លាំង សមត្ថកិច្ចចម្រុះបានត្រឹមចុះទៅ អង្គុយស្តាប់ការ បរិយាយរបស់តំណាង ក្រុមហ៊ុនតែប៉ុណ្ណោះ រួចក៏នាំគ្នាត្រឡប់មកវិញ ដោយមិនមាន ធ្វើកំណត់ហេតុ ឬធ្វើការឃាត់គ្រឿងចក្រ ទាំងនោះឡើយ ។ ប្រជាពលរដ្ឋ នៅតំបន់ខាងលើ បាននិយាយថា ក្រុមហ៊ុននេះកាលពីថ្ងៃមុន ពួកគេបានជីកគាស់កកាយ យកថ្មពីកូនភ្នំតូច ដែលជាទីកន្លែង ពួកគាត់គោរពបន់ស្រន់ តាមជំនឿពីដូនតាមក ប្រជាពលរដ្ឋបានបន្តថា តំបន់ភ្នំនេះ ឈ្មោះហៅថា ភ្នំព្រះ ដែលពីសម័យបុរាណ មកបានតំណាលថា គឺជាភ្នំឥន្ទបត្តបូរី ពួកគាត់បានបញ្ចេញ វាចារដោយរិះគន់ទៅ លើអាជ្ញាធរ ភូមិព្រែកសាលា និង ឃុំទឹកហូតបាននាំគ្នា ឃុបឃិតជីកគាស់កកាយយកថ្ម និងអាចម៍ដី លក់ ប្រសិនបើអ្នកណាតវ៉ា ពួកគេចោទថា ជាប្រជាពលរដ្ឋប្រឆាំងទៅវិញ កន្លែងក្រុមហ៊ុន ជីកយកអាចម៍ដីលក់នេះ គឺស្ថិតនៅជាប់មាត់បឹងឆ្អឹងដំរី ប្រមាណ១០ម៉ែត្រ ដែលជាបឹងអភិរក្ស ធនធានជលផល ដែលប្រជាពលរដ្ឋ មានជំនឿថា ជាជម្រកត្រីដ៍សំបូរបែប សម្រាប់បឹងទន្លេសាប។

ប្រជាបលរដ្ឋ បានបន្តទៀតថា តាមជំនឿអរូបិយ បឹងនេះមានរូងមួយប្រាស្រ័យ ទាក់ទងទៅក្រោមភ្នំព្រះ ឬហៅថា ភ្នំឥន្ទបត្តបូរី ដែលជាប្រភព ស្តេចត្រីរស់នៅ បង្កើតកូនចៅដ៏ មានសារៈសំខាន់ តាំងពីដូនតា ដំណាលតៗ គ្នាជារៀងរហូតមក។  តំណាងក្រុមហ៊ុន ទាំងនេះបានអះអាងថា គេមានឋានៈថ្នាក់ ឯកឧត្តម មានច្បាប់ត្រឹមត្រូវ ចង់ដឹងសួរលោកមេភូមិ និងលោកប្រធានមន្ទីររ៉ែ និងថាមពល គឺលោក អ៊ុក រស់ ទៅនឹងដឹងហើយ ។

ពាក់ព័ន្ធនិងព័ត៌មានខាងលើ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៤នេះ អោយដឹងថា លោកទទួលស្គាល់ថា ក្រុមហ៊ុនមានច្បាប់ អនុញ្ញាតិរយៈពេល៦ខែ គឺតាំងពីអតីតអភិបាល ស្រុករលាប្អៀរលោក ឈឹម វុទ្ធា ដោយឡែក លោកអភិបាលស្រុកថ្មី លោក សោម វឺន ពិតជាមិនដឹងឡើយ ។

ទោះយ៉ាងណាក៏ដោយ គេសង្កេតឃើញថា លោក សោម វឺន ត្រូវបានតែងតាំង ជាអភិបាលស្រុករលាប្អៀរ ល្មមផុតរយៈពេល៦ខែ ចុងក្រោយដែលអាចនិយាយថា ការអះអាងរបស់ លោកប្រធានមន្ទីររ៉ែ និងថាមពល ហាក់ដូចមានភាព មិនប្រក្រតីច្រើន ដូច្នេះដើម្បីឆ្លើយតប កំណែទម្រង់ស៊ីជម្រៅ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គួរអង្គភាព ប្រឆាំងអំពើពុករលួយ ធ្វើការបើកអង្កេតឲ្យ បានស៊ីជម្រៅ កុំអោយមន្ត្រីមួយចំនួន តូចប្រើទស្សនៈលាបពណ៌កាន់ តែឲ្យ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ កាន់តែខ្លាំងឡើងៗ។

ទោះយ៉ាងណា ក្រុមហ៊ុនទាំងនេះ មិនបានបង្ហាញអាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាតដល់ សមត្ថកិច្ចចម្រុះឡើយ ។ ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំង ទៅលើសមត្ថកិច្ចចម្រុះដែលចុះទៅ ហាត់ដូចជា ការទាត់ខ្យល់ ។ មជ្ឈដ្ឋានទូទៅកំពុងតែទន្ទឹងរង់ចាំមើលថា តើសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង អាចប្រើធម៌ក្តៅ ទៅលើក្រុមហ៊ុនទាំងនេះដល់កម្រិតណា?៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>