- លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញព្រះចៅនាយករដ្ឋមន្រ្តីគុយវ៉ែត នាំអង្ករកម្ពុជាទៅផ្គត់ផ្គង់ នៅមជ្ឈឹមបូពា៌
ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានដឹកនាំមន្រ្តីជាន់ខ្ពស់ កម្ពុ ជាមួយក្រុមបំពេញទស្សនកិច្ច៥ថ្ងៃ នៅប្រទេសគុយវ៉ែត គោលបំណង និងទិសដៅធំបំផុតនៃដំណើរទស្សនកិច្ចនេះ គឹពង្រីកទំហំពាណិជ្ជកម្ម និងការនាំចេញកសិកផលរបស់ខ្មែរ ជាពិសេសអង្ករ ទៅកាន់ប្រទេស មានសេដ្ឋកិច្ច ជឿនលឿនក្នុងតំបន់អារ៉ាប់មួយនេះ។
ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ (២៩ វិច្ឆិកា ដល់ ៣ ធ្នូ ឆ្នាំ២០១៤) របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅប្រទេសគុយវ៉ែត លោកបានជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាច្រើនជាមួយ នាយករដ្ឋមន្រ្តី និង មន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់គុយវ៉ែត។
បន្ទាប់ពីការអញ្ជើញដល់ប្រទេសគុយវ៉ែត លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលអមដំណើរដោយលោកអូ ស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ឡុង កែម ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋគុយវ៉ែត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៤ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយព្រះចៅ Sheikh Jaber Al-Mubarak Al-Hamad Al-Sabah នាយករដ្ឋមន្ត្រី នៃរដ្ឋគុយវ៉ែត។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីទំនាក់ទំនងល្អ រវាងកម្ពុជា និងគុយវ៉ែត ទាំង ផ្នែកការទូត និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដោយរាប់បញ្ចូលទាំងការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការ របស់ប្រមុខរដ្ឋាភិបាលទាំងពីរ និងការចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀង និងអនុស្សរណៈនៃ ការយោគ យល់គ្នាជាច្រើនផងដែរ។
នៅចំពោះព្រះភក្រ្តព្រះចៅ Al-Sabah លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យព្រះចៅ Al-Sabah គាំទ្រ ការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ និងបានសំនូមពរឲ្យគុយវ៉ែត នាំចូលអង្ករពីកម្ពុ ជា សម្រាប់ការចែកចាយទៅបណ្តាប្រទេសមជ្ឈឹមបូព៌ា។ លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឲ្យព្រះចៅ Al-Sabah គាំទ្រកម្ពុជាដើម្បីក្លាយជាអ្នកអង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការឥស្លាម នាឆ្នាំក្រោយ។
ក្នុងជំនួបក្រោមបរិយាកាសទទួលបានការស្វាគមន៍ ដ៏កក់ក្តៅពីព្រះចៅនាយករដ្ឋមន្រ្តីគុយវ៉ែតនេះ លោកទេសរដ្ឋ មន្រ្តី ក៏បានជម្រាបជូននូវការផ្តាំផ្ញើ ប្រកបដោយការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ ការជូនពរ និងការគោរពអញ្ជើញពី សម្តេចនាយករដ្ឋមន្ត្រី ជូនចំពោះព្រះចៅ Sheikh Jaber Al-Mubarak Al-Hamad Al-Sabah ដើម្បីអញ្ជើញ បំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា នៅពេលវេលាសមស្របណាមួយ។ ព្រះចៅ Al-Sabah បានស្នើឲ្យទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកនូវសេចក្តីគោរពអានដ៏ខ្ពង់ខ្ពស់ ទៅកាន់សម្តេចនាយករដ្ឋមន្ត្រី និងការថ្លែងអំណរ គុណសម្តេចតេជោ ដែលបានអញ្ជើញទ្រង់មកបំពេញទស្សនកិច្ចនៅកម្ពុជា។
- ជំនួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មគុយវ៉ែត
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ដដែលនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ជួប ពិភាក្សាការងារជាមួយ លោក Abdul Muhsen Medej Mohammad Al Medej ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងពាណិជ្ជកម្ម និងឧស្សាហកម្មគុយវ៉ែត ដើម្បីពិភាក្សាពីវិធីសាស្ត្រ ពង្រីកទំហំពាណិជ្ជកម្ម និង វិនិយោគរវាង ប្រទេសទាំងពីរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនលោក Abdul Muhsen អំពីស្ថានភាពនយោបាយ និងបរិយា កាសម៉ាក្រូសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន របស់កម្ពុជា និងជំរុញឲ្យលោក Abdul Muhsen ដឹកនាំគណៈប្រតិភូពា ណិជ្ជកម្ម បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគ។
លោក Abdul Muhsen បានទទួលស្គាល់នូវទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងរដ្ឋគុយវ៉ែត និងបានសន្យា ថា នឹងខិតខំប្រឹងប្រែងពង្រីកទំហំពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ។ លោកក៏បានរៀបចំកម្មវិធី ពិភាក្សាអាហារថ្ងៃត្រង់ សម្រាប់គណៈប្រតិភូកម្ពុជាផងដែរ។
- លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជារដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥស្លាម និង Awqaf នៃរដ្ឋគុយវ៉ែត
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយ លោក Yaqoub Al-Senea រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជារដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥស្លាម និង Awqaf នៃ រដ្ឋគុយវ៉ែត ដើម្បីពិភាក្សាអំពីច្បាប់ពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce) ច្បាប់ការពារអ្នកប្រើប្រាស់ និង ច្បាប់ស្តីពីការប្រកួតប្រជែង។
លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យលោករដ្ឋមន្ត្រី Yaqoub ចែករំលែកនូវបទពិសោធន៍ នៃការអនុវត្តល្អៗ ក្នុងការធ្វើ ពង្រាងច្បាប់ទាំងនេះសម្រាប់កម្ពុជា។
- លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ក្រសួងការងារ និងកិច្ចការសង្គម នៃរដ្ឋគុយវ៉ែត
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ដដែល លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការ ងារជាមួយលោកស្រី Hind Al-Sabih រដ្ឋមន្ត្រីក្រសួងការងារ និងកិច្ចការសង្គម ដើម្បីពិភាក្សា និងសែ្វងរកវិធីក្នុង ការពង្រីកកិច្ចសហប្រត្តិការ លើផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលបច្ចេកទេស។
លោកទេសរដ្ឋមន្ត្រី បានរំលឹកលោកស្រីរដ្ឋមន្ត្រី Hind Al-Sabih ពីអនុស្សារណៈយោគយល់រវាងកម្ពុជា និង គុយ វ៉ែត ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០០៩ ដើម្បីសែ្វងរកលទ្ធភាពក្នុងការនាំយកពលករ ឬកម្លាំងពលកម្ម ជាក់លាក់ ពីកម្ពុជាទៅកាន់ប្រទេសគុយវ៉ែត។
លោក អូស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា លោកនឹងបន្តពិភាក្សា តាមដានលើបញ្ហានេះថែមទៀត។
- ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបអាជ្ញាធរ វិនិយោគគុយវ៉ែត សុំពង្រីកការវិនិយោគ មកកម្ពុជា
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៤ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំ គណៈប្រតិភូជួបពិភាក្សាការងារជាមួយ លោក Bader Al-Saad នាយកគ្រប់គ្រង នៃអាជ្ញាធរវិនិយោគគុយវ៉ែត ដើម្បីជំរុញឲ្យពិចារណាធ្វើការ វិនិយោគមូលនិធិអធិបតេយ្យរបស់ប្រជាជនគុយវ៉ែត នៅក្នុងប្រទេសកម្ពុជា។
អាជ្ញាធរវិនិយោគគុយវ៉ែត (KIA) នេះ គ្រប់គ្រងមូលនិធិអធិបតេយ្យចំណាស់ជាងគេបំផុតក្នុងពិភពលោក ដែល មានទ្រព្យសរុបប្រមាណជា ៣០០ពាន់លានដុល្លារ។
លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញ លោក Bader Al-Saad មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសម ស្របណាមួយ ដើម្បីស្វែករកកាលានុវត្តភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា។
- ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបសំណេះសំណាល ជាមួយនិស្សិតសិក្សា នៅគុយវ៉ែត
ក្នុងអំឡុងពេលកំពុងបំពេញទស្សនកិច្ចក្នុង ប្រទេសគុយវ៉ែត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល លោក អូស្មាន់ ហាស្សាន់ លោក ឡុង កែម និងគណៈប្រតិភូ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ បានជួបសំណេះសំណាលជាមួយសិស្ស និស្សិតខ្មែរ ៣៩នាក់ ដែលទទួលបានអាហារូបករណ៍ និងកំពុងសិក្សា នៅតាមវិទ្យាល័យ សាកលវិទ្យាល័យនានា នៅប្រទេសគុយវ៉េត។
លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីបច្ចុប្បន្នភាពអំពីស្ថានភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ដល់សិស្សនិស្សិត ហើយបានជំរុញឲ្យពួកគេខិតខំសិក្សារៀនសូត្រ រួបរួមគ្នា ចេះជួយយកអាសារគ្នា និងនាំយក ចំណេះដឹងរបស់ខ្លួន ជួយអភិវឌ្ឍកម្ពុជា នៅពេលវិលត្រឡប់មកប្រទេសជាតិវិញ
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្ទាប់ពីបានឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុអាណត្តិថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា រយៈពេលប្រមាណ ១ឆ្នាំកន្លទៅនេះ បានធ្វើកំណែទម្រង់ជាច្រើននៅក្នុងក្រ ពាណិជ្ជកម្ម ហើយក៏បានបំពេញទស្សនកិច្ចនៅបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាច្រើន ដូចជាអាម៉េរិក បារាំង ចិន និងទីក្រុងហុងកុងជាដើម ដើម្បីស្វែងរកឱកាសពង្រីកទំហំពាណិជ្ជកម្ម និង នាំចេញផលិតផល កសិ ផល របស់ខ្មែរទៅកាន់បណ្តាប្រទេសទាំងអស់នោះ៕