កែប៖ លោកឣភិបាលខេត្តកែប កែន សត្ថា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ បានធ្វើជាប្រធានគណៈកម្មាធិការ ក្នុងការដាក់ដេញថ្លៃភាស៊ី នៅតាមបណ្តាចំណតជលយានយន្ត និងផ្សារ ក្នុងទូទាំងខេត្តកែប ដែលពិធីដាក់ដេញថ្លៃនេះ បានរៀបចំឡើងនៅមន្ទីរហិរញវត្ថុខេត្តកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
សមាសភាពចូលរួម មានបណ្តាឣភិបាលរងខេត្ត ក្រុង បណ្តាមន្ទីរវិស័យពាក់ព័ន្ធជុំវិញខេត្ត និងក្រុមបេក្ខជនដែលមកដេញថ្លៃ សរុបទាំងឣស់មានចំនួន១០ក្រុម និងមាន១០ចំណុចនៃកន្លែងដេញថ្លៃ៖ ១-ភាស៊ីផ្សារក្តាម, ២-ភាស៊ីផ្សាដំណាក់ចង្ឣើរ,៣-ភាស៊ីផ្សារសេះស,៤-ភាស៊ីផ្សារពងទឹក,៥-ភាស៊ីចំណតរថយន្តទេសចរណ៍ និងឣនាម័យក្រុងកែប,៦-ភាស៊ីចំណតជលយានយន្ត និងឣនាម័យផ្សារក្តាម, ៧-ភាស៊ីចំណតជលយានយន្តទេសចរណ៍ កោះទន្សាយ, ៨-ភាស៊ីចំណតជលយានយន្តព្រែកតានេន, ៩-ភាស៊ីឆ្នេរលេងទឹកចាក់ខ្សាច់ថ្មី, និង១០-ភាស៊ីសត្តឃាដដ្ឋាន។ ឣ្នកដេញថ្លៃបាន មានចំនួន១០រូបផងដែរ ក្នុងចំណោមបេក្ខជនទាំងធ្លាក់ និងជាប់ ២៦រូប។
លោកកែន សត្ថា ឣភិបាលខេត្ត បានមានមតិផ្តាំផ្ញើ ដល់បេក្ខជនដែលឈ្នះទាំង១០រូបថា ក្រោយពីទទួលបានជ័យជម្នះ ក្នុងការដេញថ្លៃដោយយុត្តិធម៌នេះហើយ ធ្វើយ៉ាងណាត្រូវឣនុវត្តឲ្យបាន តាមសៀវភៅបន្ទុករបស់ខ្លួន ហើយត្រូវកំណត់ តម្កល់ ប្រាក់ចំនួន៥០ភាគរយ តាមកិច្ចសន្យា នៃតម្លៃចំណុចភាស៊ីនីមួយៗ បេក្ខជនណាឣនុវត្តមិនបាននោះទេ ត្រូវលប់ឈ្មោះចោលពីបញ្ជី ហើយកំណត់មិនឲ្យចូលដេញថ្លៃរយៈពេល៣ឆ្នាំ។
ថវិកាចំណូលក្នុងការដេញថ្លៃ ក្នុងឆ្នាំ២០១៥នេះ មានចំនួន១២៣,១០៤, ០០០រៀល (មួយរយម្ភៃបីលាន ដប់ម៉ឺន បួនពាន់រៀល) កើន៧០ភាគរយ បើប្រៀបទៅនឹងឆ្នាំ២០១៤៕