កំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំ ខេត្តកំពង់ធំ មានកិច្ចប្រជុំ ជាមួយក្រុម អ្នក យកព័ត៌មានជាតិ ដែលឈរជើងយកព័ត៌មាន ក្នុងភូមិសាស្រ្តទឹកដី ខេត្តកំពង់ធំ ប្រមាណជិត៣០នាក់ ក្រោមអធិបតី លោក គង់ វិមាន អភិបាលរងខេត្ត ទទួលបន្ទុក វិស័យព័ត៌មាន និងជាអ្នកនាំពាក្យខេត្ត លោក អ៊ិត សុធា ព្រះ រាជអាជ្ញា អមសាលាដំបូងខេត្ត និងមានការ ចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ព័ត៌មានខេត្ត រួមទាំង មន្រ្តីពាក់ព័ន្ធ ដទៃទៀត ។
លោក គង់ វិមាន បានមានប្រសាសន៍ បើកអង្គប្រជុំថា ការប្រជុំជាមួយភ្នាក់ងារ សារព័ត៌មានដែលបានឈរជើង យកព័ត៌មានក្នុងខេត្តនាថ្ងៃនេះ គឺជាឱកាសដ៏កម្រមួយ ក្នុងគោលបំណង បង្កើនកិច្ចសហ ប្រតិបត្តិការការងារ ការពង្រឹងរបៀប របបវិជ្ជាជីវះ ក្រមសីលធម៌ សារព័ត៌មាន ដើម្បីឲ្យវិស័យព័ត៌មាន មានតម្លាភាព ឯករាជ្យភាព សុក្រឹតភាព និងការទទួល ខុសត្រូវ ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត ក៏បានបើកឲ្យ មានវេទិកា ពិគ្រោះយោបល់រវាង អ្នកសារព័ត៌មាន និងអាជ្ញាធរពាក់ព័ន្ធ អំពីបញ្ហាប្រឈម ក្នុងការចុះ យកព័ត៌មាន និងសំណូមពរផ្សេងៗ ។
លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរ ព័ត៌មានស្តីទី បានបង្ហាញជូន អង្គប្រជុំអំពីចំនួន អ្នកសារព័ត៌មានក្នុងខេត្ត ដែលបាន មកចុះបញ្ជីការ នៅមន្ទីរព័ត៌មាន និងច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ដើម្បីឲ្យ ភ្នាក់ងារទាំងអស់ បានយល់ និងអនុវត្តន៏ឲ្យមានប្រសិទ្ធភាព ។
ជាការចូលរួម មតិរបស់ភ្នាក់ងារសារ ព័ត៌មាន និងសំណូមពរ ឲ្យអាជ្ញាធរ ជួយផ្តល់កិច្ចសហការ និងបង្ករលក្ខណះ ដល់ពួកគាត់ក្នុងការចុះយក ព័ត៌មានផង ក្នុងនោះពួកគាត់ បានលើកឡើងថា ៖ ទី១-អង្គភាពនានា កងកំលាំងប្រដាប់អាវុធ ដែលឈរជើង តាមគោលដៅ មួយចំនួន មិនផ្តល់កិច្ចសហការ បើទោះបី ពួកគាត់បង្ហាញលិខិត សំគាល់ខ្លួនហើយក៏ដោយ ។ ទី២-បុគ្គលការសែត និងទូរទស្សន៍ខ្លះដើរយកលុយ ដេញតាម រថយន្តដឹកទំនិញ ជំរិតយកលុយគេ ស្នើសុំឲ្យចាត់វិធានការ ផ្លូវច្បាប់ចំឈ្មោះបុគ្គលតែម្តង។ ទី៣-កង្វះខាតជំនាញ វិជ្ជាជីវះ ថវិកាសម្ភារ: ស្នើសុំឲ្យមានការយោគយល់ ។ ទី៤- មានការគំរាមកំហែង ដល់អ្នកសារព័ត៌មានមួយចំនួន ស្នើសុំឲ្យមានការជួយដោះស្រាយ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានលើកឡើងថា ដោយលោកទើប មកកាន់តំណែង ការងារថ្មី មិនទាន់បានស្គាល់ភ្នាក់ងារ សារព័ត៌មានអស់ទេ លោកត្រូវការ ប្រភពព័ត៌មានច្បាស់លាស់ និងកិច្ច សហការល្អ ហើយស្នើសុំឲ្យ ភ្នាក់ងារយកព័ត៌មាន ប្រកាន់ជំហរ និងរក្សា ឲ្យបានក្រមសិលធម៌ វិជ្ជាជីវ:របស់ខ្លួន ការរាយការណ៍ មានប្រភពច្បាស់លាស់ មិនត្រូវដេញរថយន្ត ដាក់កុងត្រូល ដើរយកលុយពី ប្រជាពលរដ្ឋ ដោយខុសច្បាប់ដាច់ខាត ។ ការបំប៉ោងព័ត៌មាន កុហកព័ត៌មាន បំផ្លើសព័ត៌មាន បង្កាច់បង្ខូច កេរ្តិ៍ឈ្មោះបុគ្គល សុទ្ធតែមានទោសពៃ ហើយ ត្រូវមានការប្រុងប្រយ័ត្ន ។
លោក គង់ វិមាន អភិបាលរងខេត្ត បានបូកសរុប និងធ្វើការណែនាំនូវ ចំណុចមួយចំនួន ដូចតទៅ ទី១-ទទួលយកសំណូមពរ ដែលលើកឡើងខាងលើ ដើម្បីដោះស្រាយ និងជួយសំរួល ឲ្យ មានកិច្ចសហការណ៍ ទី២-ឲ្យ ភ្នាក់ងារព័ត៌មាន ដែលមកឈរជើងនៅ ខេត្តកំពង់ធំ ទៅចុះបញ្ជីការនៅមន្ទីរព័ត៌មាន បង្ហាញអត្តសញ្ញាណ និងឯកសារ ផ្សេងៗបើមាន ។ ទី៣- ត្រូវមានឆន្ទះខ្ពស់ និងគោរពក្រមសីលធម៌ វិជ្ជាជីវះសារព័ត៌មាន ដើម្បីបង្កើន ប្រសិទ្ធភាពព័ត៌មាន។ ទី៤-ចុះយកព័ត៌មាន តាមគោលដៅ ត្រូវសហការណ៍ ជាមួយអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ ទី៥-ការផ្សាយត្រូវយកព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាងប៉ះពាល់ កិត្តិយស សេចក្តីថ្លៃថ្នូរ អ្នកដទៃ ទី៦-ភ្នាក់ងារសារព័ត៌មាន មិនត្រូវ ដាក់កុងត្រូល ដេញរថយន្ត គោយន្ត ឬដើរយកលុយកាក់ ដោយខុសច្បាប់ឡើយ ទី៧-ព័ត៌មាន ត្រូវមានតម្លាភាព ឯករាជ្យភាព ក្រមសីលធម៌វិជ្ជាជីវះ និងស្មារតី ទទួល ខុសត្រូវខ្ពស់។ ទី៨- ការកាត់តរូបភាព ខុសពីការពិត ផ្សាយព័ត៌មានមិនពិត ឬមានចេតនា ណាមួយធ្វើ ឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គល ឯកជនក្តី ឬស្ថាប័នរដ្ឋក្តី ត្រូវមានការ ទទួលខុសត្រូវចំពោះមុខច្បាប់ និងទី៩-សុំឲ្យចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយពី សកម្មភាពលើគ្រប់វិស័យ របស់ខេត្តដែលមាន ជាពិសេស សកម្មភាពការងារ សមិទ្ធផល ការងារ ស្នាដៃការងារ រួមទាំងការងារអភិវឌ្ឍន៏ផ្សេងៗ របស់ខេត្តផងដែរ ។
ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត បានឯកភាព ឲ្យមានការប្រជុំប្រចាំត្រីមាស ដើម្បីពិភាក្សាគ្នា ហើយ មានការកែតម្រូវ រួមគ្នាលើការងារព័ត៌មានប្រចាំខែ ដើម្បីធ្វើយ៉ាងណាឲ្យ វិស័យព័ត៌មាន នៅក្នុងខេត្ត មានកិច្ចសហការគ្នាល្អ ជាមួយ និងអាជ្ញាធរមូលដ្ឋាន៕