ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៧នាទីព្រឹក នាវា SAPPHIRE PRINCESS សញ្ជាតិ BRITISH ដែលធ្វើដំណើរមកពីប្រទេសថៃ បានចូលមកចតលើផ្ទៃសមុទ្រខ្មែរ ខាងក្រៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុប្រមាណ ៣គីឡូម៉ែត្រ ហើយបានបន្តដំណើរដោយអូរប័រតូចៗ ចម្លងអ្នកទេសចរមកឡើងដីគោក ក្នុងគោលបំណងដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ និងចេញដំណើរទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ៤រសៀលថ្ងៃដដែលនោះ។
លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកកំពង់ផែក្រុងព្រះសីហនុ បានឲ្យដឹងថា នាវា SAPPHIRE PRINCESS មានបណ្តោយ ២៨៨ម៉ែត្រ ទទឹង៣៧ម៉ែត្រ មាននាវិកបម្រើការចំនួន១០៩១នាក់ ស្រី២២៦នាក់ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន២៦៣៩នាក់ ស្រី១.៤៦៧នាក់ ដែលមាន ៥៣សញ្ជាតិផ្សេងគ្នា ភ្ញៀវទេសចរភាគច្រើនមានវ័យចំណាស់ ហើយភ្ញៀវ ដែលមានសញ្ជាតិច្រើនជាងគេមានគឺ អូស្រ្តាលី ចំនួន៨៦២នាក់ បន្ទាប់មកជនជាតិអាមេរិក ៤២០នាក់ អង់គ្លេសចំនួន២៧៨នាក់ និងអាមេរិក១២នាក់ ក្រៅពីនោះមានសញ្ជាតិផ្សេងៗទៀត។
លោក ស៊ាង ឡេង បានឲ្យដឹងបន្ថែមទៀតថា នៅពេលដែលមាន នាវាទេសចរណ៍បរទេសចូលមកម្តងៗ យើងបានជួយសម្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ ដោយយើងបានឡើងម៉ារីនទៅពង់សេរ៉ូ ដែលមានចម្ងាយ៣គីឡូម៉ែត្រពីដីគោក ទម្រាំនាវាចូលមកដល់ផែយើង បានបំពេញបែបបទបោះត្រា ជូនភ្ញៀវបានច្រើន ដោយមិនមានការកកស្ទះ ធ្វើឲ្យភ្ញៀវមានពេលវេលាវែង ក្នុងការទៅទស្សនាក្រុងព្រះសីហនុក្នុផងដែរ ដើម្បីឲ្យភ្ញៀវអាចវិលត្រឡប់ មកទាន់ពេលវេលា នេះជាការផ្តល់ជំនឿទុកចិត្តឲ្យភ្ញៀវចង់មកលេងកម្សាន្តនៅកម្ពុជា ម្តងហើយ ម្តងទៀត ដើម្បីឲ្យសមស្រប តាមគោលនយោបាយបើកចំហជើងមេឃ ជើងអាកាស និងជើងទឹករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរណ មកលេងកម្ពុជាកាន់តែច្រើនឡើង ។
គួរបញ្ជាក់ថា នាវា SAPPHIRE PRINCESS នៅល្ងាចម៉ោង៤ថ្ងៃដដែល នឹងធ្វើដំណើរចាកចេញ ពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅប្រទេសថៃបន្តទៀត ៕