ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផ្កាយមាស ៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៤ ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់បាន ឧកញ៉ា ថោង សារ៉ាត់ ដែលជាជនសង្ស័យ មេក្លោងសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅឡើយទេ ។ប៉ុន្តែ សមត្ថកិច្ចបានដឹងពីគោលដៅដែលជនសង្ស័យរូបនេះ លាក់ខ្លួនខ្លះៗហើយ ហើយមិនយូរមិនឆាប់ សមត្ថកិច្ចនឹងចាប់ជនសង្ស័យ ដែលជាមេក្លោងបាន ។
ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើឡើង ១ម៉ោង ក្រោយពេលដែលមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលបានផ្សាយ ដោយបានដកស្រង់ប្រភពព័ត៌មានថា សមត្ថកិច្ចបានចាប់ឧកញ៉ា ថោង សារ៉ាត់ បានហើយ នៅវេលា ម៉ោង ១១ និង៣០នាទី នៅក្នុងទឹកដីវៀតណាម ហើយថា កំពុងធ្វើបែបបទនាំជនសង្ស័យមកប្រទេសកម្ពុជា ។
នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា « សមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេ ហើយថា ឆាប់ៗយើងនឹងអាច ចាប់ជនសង្ស័យបាន ព្រោះយើងបានកំណត់គោលដៅដែលជនសង្ស័យលាក់ខ្លួន » ៕