ដោយ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងលោក ប៉ោ សេដ្ឋា និពន្ធនាយករង វិទ្យុដើមអម្ពិល (បរិញ្ញាបត្រអក្សរសាស្រ្ត និងមនុស្សសាស្រ្ត «ជំនាន់ទី១២», សញ្ញា បត្រមន្រ្តីរដ្ឋបាល «ជំនាន់ក សាងជាតិ», អនុបណ្ឌិតច្បាប់ «ផ្នែកនីតិឯកជន»)
ភ្នំពេញ៖ ជនរួមជាតិពិតជាបានដឹងច្បាស់ហើយ អំពីករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ចំនួន ៦គ្រាប់ ស្លាប់ភ្លាមៗនៅខាងក្រៅហាងលក់ផ្លែឈើមួយកន្លែង តាមមហាវិថីព្រះសីហនុ បន្ទាប់ពីឧកញ៉ាចេញពីរថ យន្តម៉ាក Lexus 570 កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ តាមរូបភាពនៅក្នុងវីដេអូឃ្លីប បានមកពីកា មេរ៉ាសុវត្ថិភាព គេមើលឃើញខ្មាន់កាំភ្លើង ដែលជាឃាតក បានបាញ់ចំជនរងគ្រោះចំនួន ៦គ្រាប់ ហើយបានរត់ គេចខ្លួន ដោយឡើងជិះម៉ូតូ ដែលមានគ្នាគេចាំទទួលយកស្រាប់។
ក្រោយពីបានមើលវីដេអូឃ្លីបយកចេញពីកាមេរ៉ាសុវត្ថិភាពនោះ និង វីដេអូឃ្លីបដទៃទៀតថតដោយទូរស័ព្ទដៃ ទំនើបពីអ្នកទៅមើលហេតុការណ៍នេះរួចហើយ អ្នកចូលចិត្តលេងបណ្ដាញទំនាក់ទំនងសង្គម ភាសាអង់គ្លេស ហៅថា Facebook ជាច្រើនបានកត់សម្គាល់ ឬចាប់អារម្មណ៍ទៅលើរូបរាង ខោ អាវ អាយកូម ស្បែកជើងឃ្លុប របស់ឃាតក គឺដូចទៅនឹងបុរសម្នាក់ ដែលជាអ្នកមានសមត្ថកិច្ច រួចបានទៅពិនិត្យហេតុការណ៍ឃាតកម្មនេះ ដោយបានគូសសញ្ញាប្រៀបធៀបគ្នាទៅលើចំណុចសំខាន់ៗមួយចំនួនទៀតផង (សូមមើលរូបភាព និងប្រយោគ ខាងក្រោម ដែលយកចេញពី Facebook)។
ដូចឃាតករ ៩៩% សំបុរស្រអែម កំពស់ ១.៧ម៉ែត្រ មួកខ្មៅ
អាវមូលដៃ នាឡិកា ខោរពណ៌ប្រផេះ សោរឡាន ស្បែកជើងខ្មៅ
សូមសមត្ថកិច្ចសើបអង្កេត ម្នាក់នេះជាបន្ទាន់ / Share
អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមខ្លះទាំងក្នុងប្រទេស និងក្រៅប្រទេស បានបញ្ចេញមតិទៅលើរូបភាពប្រៀប ធៀបគ្នានោះជាអក្សរផង ជាសំឡេងផង ដោយបានរិះគន់ ប្រមាថ វាយប្រហារទៅលើសមត្ថកិច្ចថា ជាក្រុមរៀប ចំឈុតឆាកធ្វើឃាតនេះ ឬជាក្រុមនៅពីក្រោយ នៃការធ្វើឃាតនេះ, ឃាតកនៅនឹងមុខមិនព្រមចាប់, ឃាតកនោះ ជាមន្ត្រីអាជ្ញាធរ មិនងាយចាប់បានទេ, បើចង់ដឹងឃាតកពិតប្រាកដ ចាប់លោក ជួន សុវណ្ណ (អគ្គស្នងការរងនគរ បាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ) និងលោក ជួន ណារិន្ទ (ស្នងការរងនគរបាលរាជធានីភ្នំពេញ) មកសួរចម្លើយទៅដឹងហើយ, ករណីឃាតកម្មនេះ គឺទម្លាក់កំហុសទៅលើអ្នកផ្សេង ពោល «ស្វាស៊ីបាយ លាប មាត់ពពែ»...។ល។
និយាយឲ្យចំ និងខ្លី ងាយយល់ ងាយស្ដាប់ គឺអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម (Facebook) មួយចំនួននោះ ចាត់ទុកអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃកណ្ដាលទីក្រុងភ្នំពេញនេះ គឺក្រុមសមត្ថកិច្ចនគរបាលជាអ្នកនៅពីក្រោយ ខ្នង ឬជាអ្នកឃុបឃិត ហើយបុរសម្នាក់ ជាមន្ត្រីមានសមត្ថកិច្ច ដែលបានទៅពិនិត្យនៅទីតាំងកន្លែងកើតហេតុ ផ្ទាល់ ហើយមានរូបរាង សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រហាក់ប្រហែលនឹងខ្មាន់កាំភ្លើងបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ នោះ គឺជាឃាតកពិតប្រាកដ។ ដូច្នេះការចោទប្រកាន់ដែលមានលក្ខណៈកាត់ទោសជា មុនរបស់អ្នក Facebook មួយចំនួននេះ វាបានរំលោភបំពានទៅលើតួនាទី ភារកិច្ច និងកាតព្វកិច្ចរបស់ស្ថាប័ន តុលាការ ពីព្រោះរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ នៅត្រង់ជំពូក ដែលនិយាយអំពីអំណាច តុលាការ បានចែងថា អំណាចតុលាការ ជាអំណាចឯករាជ្យ, អំណាចនេះ ត្រូវប្រគល់ឲ្យតុលាការកំពូល និងសា លាជម្រះក្ដីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់, គ្មានអង្គការណាមួយ នៃអំណាចនីតិបញ្ញត្តិ (សភាជាតិ) ឬនីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) អាចទទួលអំណាចតុលាការនេះបានឡើយ។ ក្រៅពីការរំលោភបំពានទៅលើស្ថាប័នតុលាការ នេះ វាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលដ៏ធ្ងន់ធ្ងរ គឺក្រុមមន្ត្រីមានសមត្ថកិច្ច ពិសេស ទៅលើមន្ត្រី ដែលមានចំណុចលក្ខណៈដូចខ្មាន់កាំភ្លើងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នោះតែម្ដង។
តាមការពិត យើងបញ្ចេញទស្សនៈនេះ មិនមែនមានន័យការពារក្រុមមន្ត្រីមានសមត្ថកិច្ចគ្រប់ករណីទាំងអស់ នោះទេ ប៉ុន្តែចំពោះករណីឃាដកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺនេះ កុំថាឡើយប្រជាជនសាមញ្ញ សូម្បី មន្ត្រីជាន់ខ្ពស់ខ្លះ ក៏បានសន្និដ្ឋានថា មន្ត្រីមានសមត្ថកិច្ចម្នាក់ ដែលមានរូបរាង សម្លៀកបំពាក់ និងឧបករណ៍ប្រើ ប្រាស់ប្រហាក់ប្រហែលនឹងខ្មាន់កាំភ្លើងនោះ គឺជាឃាតកតែម្ដង។ អ្នកលេង Facebook ក៏បានទាមទារឲ្យក្រុម សមត្ថកិច្ចចាប់មន្ត្រីមានលក្ខណៈដូចខ្មាន់កាំភ្លើង និងឲ្យក្រុមសមត្ថកិច្ចធ្វើសន្និសីទឆ្លើយបំភ្លឺទៀតផង។
ជាការឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ថា «ករណី ដែលគេ មើលតាមហ្វេសប៊ុក គឺជាមនុស្សច្រឡំទេ ជាមន្ដ្រីនគរបាល របស់យើងផ្នែកអន្ដរាគមន៍ ខណ្ឌចំការមន ឈ្មោះ សុខ ម៉ូនីត្រា ទី១, ហើយ ទី២ វាខុសគ្នាឆ្ងាយណាស់ ពីព្រោះខុសគ្នា ទាំងអាយុ ខុសគ្នាទាំងកម្ពស់ និងខុសគ្នា ទាំង មាឌ ប៉ុន្ដែបែរជានាំគ្នាយល់ច្រឡំទៅវិញ»។
លោកឧត្ដមសេនីយ៍ បានបញ្ជាក់ទៀតថា រូបទាំងពីរអាវដូចគ្នាមែន តែខោខុសពណ៌ ហើយជនសង្ស័យរាងស្គម មិនដុះក្បាលពោះ ដូចរូបដែលបានឃើញនោះឡើយ។
វាំងននខ្មៅដែលបាំងពន្លឺត្រូវបានដកចេញ ការភ័ន្តច្រឡំត្រូវបានបញ្ចប់ បន្ទាប់ពីក្រុមសមត្ថកិច្ចចាប់បាន ឃាតករ, អ្នកបើកម៉ូតូឌុបឃាតកររត់គេចខ្លួន, អ្នកបើកម៉ូតូបិទគូទ និងអ្នកពិនិត្យជនរងគ្រោះឲ្យដឹងថាស្លាប់ឬរស់ ដែលអ្នក ទាំងបួនជាអង្គរក្សរបស់លោកឧកញ៉ា ថោង សារ៉ាត់ (ដើមកំណើតជាជនជាតិយួន) ហើយពួកគេឆ្លើយថា ឧកញ៉ា ថោង សារ៉ាត់ ជាអ្នកបញ្ជាឲ្យបាញ់សម្លាប់លោកឧកញ៉ា អ៊ឺង ម៉េងជឺ។
មកដល់ពេលនេះ តើអ្នកលេង Facebook ទាំងអស់នោះ បានលុបលាងស្នាមប្រឡាក់កិត្តិយស និង សេចក្ដីថ្លៃ ថ្នូររបស់មន្ត្រីមានសមត្ថកិច្ច ដែលខ្លួនបានចោទប្រកាន់នោះហើយឬនៅ? ហើយមានបានកោតសរសើរដល់ក្រុម មន្រ្តីមានសមត្ថកិច្ច ដែលបានវែកមុខបំបែកសំណុំរឿងឃាតកម្មនេះដែរឬទេ?
អាស្រ័យហេតុនេះ ដើម្បីកាត់បន្ថយអំពើហិង្សា ដោយប្រើពាក្យពេចន៍ នៅលើបណ្ដាញទំនាក់ទំនងសង្គម (Face book) គឺអ្នកលេង Facebook គួរយកករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាមេរៀន ដើម្បី ពង្រឹងក្រមសីលធម៌ បន្ថែមទៀត ធ្វើយ៉ាងណាឲ្យសង្គមជាតិខ្មែរ កាត់បន្ថយទំនាស់ ព្រមទាំងមានសន្តិភាពផ្លូវចិត្ត កាន់តែច្រើនឡើងៗ៕