ភ្នំពេញ៖ ក្រុងរណបថ្មីលើទឹកដីជ្រោយចង្វារលាត សន្ធឹង លើផ្ទៃដីជិត ៤០០ហិកតា តាមបណ្តោយផ្លូវជាតិលេខ ៦អា ត្រើយខាងកើតស្ពានជ្រោយចង្វារ នៅប្របតាមដងទន្លេសាប បាននិងកំពុងរំលេចចេញជារូបរាងបណ្តើរៗ ហើយជាមួយនិងសំណង់អគារផ្ទះល្វែង ផ្សារដោះដូរទំនិញផ្សេងៗ។ វត្តមានតំបន់អភិវឌ្ឍក្រុងរណបជ្រោយចង្វា រ មិនត្រឹមតែជួយលើកសម្រស់សោភណភាពរាជធានីភ្នំពេញនោះទេ វាបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលធ្លាប់តែជួបផលលំបាកក្នុងការរស់នៅលើទឹកស្អុយ និងមិនដែលស្រម័យបានរស់នៅលើផ្ទះថ្មនោះ រំភើបរីក រាយរហូតស្រក់ទឹកភ្នែក នៅពេលក្រុមហ៊ុនបានផ្តល់ផ្ទះល្វែង ជាសំណងដោះដូរយ៉ាងសមរម្យសម្រាប់ពួកគាត់។
ពីទីក្រុងខ្មោចពោរពេញដោយភាពស្ងប់ស្ងាត់ ក្រោយពេលបញ្ចប់សង្រ្គាមរយៈពេល ៣៥ឆ្នាំមកនេះ រាជធានីភ្នំ ពេញ បាននិងប្រែក្លាយជាទីក្រុងសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រមូលផ្តុំដោយការវិនិយោគ ជាពិសេសកំណើនប្រជា ពលរដ្ឋ បានកើនឡើងរហូតដល់ជិត ២លាននាក់។ ជាមួយកំណើននេះ ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និង សំណង់ អគារផ្សេងៗ បម្រើការដល់ការធ្វើពាណិជ្ជកម្ម ជំនួញ និងការរស់នៅ គឺជាកត្តាដ៏ចំបាច់បំផុតសម្រាប់ បំពេញសេចក្តីត្រូវការរបស់មនុស្ស។
ឆ្លើយតបតម្រូវការដ៏ចាំបាច់ទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា បានពួតដៃជាមួយក្រុមហ៊ុនវិនិយោគធ្វើការអភិវ ឌ្ឍន៍ និងសាងសង់សំណង់អគារផ្សេងៗរីកដុះដាល់យ៉ាងច្រើនស្អេកស្កះក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនវិនិយោគ ទុនអាណិកជនកម្ពុជា (OCIC) របស់លោកឧកញ៉ា ពង់ ឃាវសែ គឺជាក្រុមហ៊ុនមួយ ដែលត្រូវបានគេមើលឃើញ ថា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជានូវសំណង់អគារ ផ្សារទំនើប មណ្ឌលពា ណិជ្ជកម្ម ដូចជាសួនពាណិជ្ជកម្មកាណាឌីយ៉ា ផ្សារទំនើបសូរិយា សុវណ្ណា និង មណ្ឌលកម្សាន្តកោះពេជ្រជាដើ ម។ល។
ឈរលើស្មារតី នៃការអភិវឌ្ឍលើកសម្រស់រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១ ក្រុមហ៊ុនOCIC បានចុះកិច្ចសន្យាជាមួយសាលារាជធានីភ្នំពេញ ជួលតំបន់ជ្រោយចង្វារ ដើម្បីអភិវឌ្ឍជាទីក្រុងរណប ដែលមាន ក្រឡាផ្ទៃ ៣៨៧ហិកតា គិតចាប់ពីអ័ក្សផ្លូវជាតិលេខ ៦A ប្រវែង ១០០ម៉ែត្រ។
អគ្គនាយកក្រុមហ៊ុន OCIC លោកឧកញ៉ា ពង់ ឃាវសែ បានឲ្យដឹងថា រហូតដល់ឆ្នាំ២០១៤ ក្រុមហ៊ុនបានធ្វើការ អភិវឌ្ឍតំបន់ជ្រោយចង្វារ ដោយបានបូមខ្សាច់ចាក់បំពេញបានប្រមាណ ៩០ភាគរយ, ចាក់ផ្លូវបេតុងបានប្រវែង ២០៣០ម៉ែត្រ, សង់ផ្ទះល្វែង ដោះស្រាយផលប៉ះពាល់បាន ១០ blocks = ២០៨ ល្វែង, សង់ផ្សារ២ជាន់, សង់ ផ្សារត្រីទំហំ ៩៦០ ម៉ែត្រការ៉េ ត្រូវនឹង១២៨តូប, សង់ផ្ទះល្វែងខ្នាតធំបាន ២ blocks ស្មើនឹង ៤៦ល្វែង, សង់អ គារស្នាក់នៅរួម ២ប្លុក A ស្មើ B ដោយក្នុងនោះ ប្លុក A កំពស់ ៧ជាន់ ស្មើនឹង ២៣២បន្ទប់, ប្លុក B កម្ពស់៤ជាន់ ស្មើនឹង ៧៦ផ្ទះ និងសាងសង់ផ្ទះវីទ្បា ចំនួន ៣ផ្ទះថែមទៀតផង។
ធម្មតាការអភិវឌ្ឍន៍តែងតែផ្សាភ្ជាប់ និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ តាំងលំនៅដ្ឋានជុំវិញ និងលើដី ដែល កំពុងអភិវឌ្ឍន៍។ ដោយគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានភាពទោម្នាស់ដល់ ប្រជាពលរដ្ឋនោះ ក្រុមហ៊ុន OCIC បានព្យាយាមរិះរកគ្រប់លទ្ធភាព ដោយសហការជាមួយអាជ្ញាធរ អង្គការ សង្គមស៊ីវិលជាដើម រកនូវដំណោះស្រាយជូនប្រជាពលរដ្ឋ ដូចជាផ្តល់សំណងជាប្រាក់ ការផ្តល់ផ្ទះល្វែង និង ផ្សារលើទីតាំងដីកំពុងអភិវឌ្ឍន៍ និងការឆ្កៀលដី ដែលរងផលប៉ះពាល់ចេញពីគម្រោងអភិវឌ្ឍន៍។
ការដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នេះ ត្រូវបានលោកឧកញ៉ា ពង់ ឃាវសែ បញ្ជាក់ថា ក្រុមហ៊ុន បានដោះស្រាយជាច្រើនរយគ្រួសារ ក្នុងនោះ ពលរដ្ឋ ១៣១គ្រួសារ ឯកភាពទទួលយកថវិកា, ១៣៧ គ្រួសារ បានឯកភាពទទួលយកផ្ទះ និង តូបលក់ក្នុងផ្សារ។ ប្រជាពលរដ្ឋ ១២២គ្រួសារហើយ បានចូលមករស់ នៅក្នុងបុរីរុងរឿង ស្ថិតលើទីតាំងដីកំពុងអភិវឌ្ឍន៍ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលក្រុមហ៊ុន បានសាងសង់ឡើងសម្រាប់ដោះដូរជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ ហើយប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នឹងចូលមករស់នៅក្រោយក្រុមហ៊ុនសាងសង់ផ្ទះរួចរាល់។
គោលនយោបាយដោះស្រាយលើផលប៉ះពាល់របស់ក្រុមហ៊ុន OCIC បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ បង្ហូរទឹកភ្នែក។ តែដំណក់ទឹកភ្នែកនោះ មិនមែនបង្ហូរព្រោះតែដំណោះស្រាយមិនសមរម្យនោះទេ តែជាដំណក់ ទឹកភ្នែកកើតចេញពីក្តីរំភើបរីករាយ ចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ផ្តល់ដំណោះស្រាយមួយដ៏សមរម្យ ដោយមានការផ្តល់ជាផ្ទះល្វែង និងតូបលក់ដូរជាដើម ដែលក្នុងមួយជីវិតរបស់ពួកគាត់ធ្លាប់តែរស់នៅក្នុងផ្ទះខ្ទម លើផ្ទៃទឹកបឹង មិនធ្លាប់គិត និងស្រម័យថា មានវាសនារស់នៅលើផ្ទះថ្មនោះឡើយ។
អ្នកស្រី ថូ ទូច ប្រជាពលរដ្ឋសហគមន៍ដីមាស ទើបដោះស្រាយបញ្ចប់បញ្ហាជាមួយក្រុមហ៊ុន ដោយព្រមទៅរស់ នៅលើផ្ទះល្វែងសាងសង់ដោយក្រុមហ៊ុនលើទីតាំងដីអភិវឌ្ឍន៍ បានរៀបរាប់ពីផលលំបាកសម្រាប់ការរស់នៅលើ ទីតាំងផ្ទះចាស់រងការជន់លិចដោយទឹកភ្លៀងថា អ្នកស្រីត្រូវដើរលុយទឹកបឹងជារៀងរាល់ថ្ងៃជញ្ជូនកូនចៅសុំផ្ទះ ពលរដ្ឋដទៃនៅលើគោក ដើម្បីស្នាក់នៅពេលថ្ងៃ និងដាំបាយស្រស់ស្រូប។ លុះល្ងាចឡើងទើបនាំគ្នាដើរលុយ ទឹកត្រឡប់ទៅផ្ទះវិញ។
អ្នកស្រី ថូ ទូច បានបន្តថា អ្នកស្រីបានរស់នៅក្នុងសភាពបែបនេះ អស់រយៈពេល១២ឆ្នាំមកហើយ ពោលនៅរដូវ វស្សាទឹកតែងជន់លិចផ្ទះរបស់អ្នកស្រី។ បើតាមអ្នកស្រី ថូ ទូច ប្រជាពលរដ្ឋក្នុងសហគមន៍ដីមាស បូករួមនិងអ្នក ស្រីផងដែរ ការមកតាំងទីលំនៅលើដីសហគមន៍នេះ គឺសុំពីចៅសង្កាត់ និងមកសង់រស់នៅលើដីចិញ្ចើមទំនប់ទឹក តៗគ្នា មិនមានការទិញដូរនោះទេ។
ស្រ្តីវ័យប្រមាណ៥០ឆ្នាំរូបនេះ បានបញ្ជាក់ថា អ្នកស្រីពិតជាសប្បាយរីករាយនៅពេលទទួលបានដំណឹងពីក្រុម ហ៊ុន OCIC ផ្តល់សំណងផ្ទះល្វែងឲ្យអ្នកស្រី និងគ្រួសារបានទៅរស់នៅលើទីតាំងដីអភិវឌ្ឍន៍។ គាត់រំពឹងថា ការ រស់នៅនឹងបានល្អប្រសើរជាងពេលបច្ចុប្បន្ន ជាពិសេសបានចៀសផុតពីការដើរលុយទឹក និងស្ថានភាពរស់នៅ លើទឹកស្អុយលិចផ្ទះរបស់គាត់ផងដែរ។
អ្នកស្រីបានថ្លែងជាមួយដំណក់ទឹកភ្នែកកើតចេញពីក្តីរំភើបថា «មិនដែលគិតក្នុងចិត្តថា បានទៅនៅផ្ទះថ្មទេ។ មីង ឮ មីងអរខ្លាំង។ រំភើបបានរស់នៅផុតពីទឹក មីងអរគុណខ្លាំងមែនទែន! អរគុណខ្លាំង»។
អ្នករស់នៅក្នុងសហគមន៍ដីមាសម្នាក់ទៀត ដែលផ្ទះអ្នកស្រីសង់ពីឈើជញ្ជាំង និងដំបូលប្រក់សង្កសីនៅលើទឹក ស្អុយដែរនោះ គឺអ្នកស្រី ថោង សុខា ក៏បានសម្តែងភាពសប្បាយរីករាយ និងរំភើបផងដែរ នៅពេលទទួលបាន ការដោះស្រាយពីក្រុមហ៊ុនទៅរស់នៅលើផ្ទះថ្ម ហើយអ្នកស្រីរង់ចាំតែក្រុមហ៊ុនហៅទៅនៅតែប៉ុណ្ណោះ។
អ្នកស្រី ថោង សុខា បានបញ្ជាក់ថា «ទៅនៅលើទីតាំងដីក្រុមហ៊ុនហ្នឹងល្អណាស់ វាបានស្រណុក សប្បាយចិត្ត បានរស់នៅមានទឹកស្អាត ប្រព័ន្ធភ្លើង ផ្លូវល្អ រស់នៅសមរម្យ។ ខ្ញុំបន់ឲ្យតែគេហៅទៅរំភើបណាស់»។
អ្នកស្រី ថោង សុខា បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនទៀតថា ការទៅរស់នៅលើផ្ទះផ្តល់ដោយក្រុមហ៊ុន អាច ជួយឲ្យអ្នកស្រីគេចផុតពីការលិចទឹក ដំណក់ទឹកភ្លៀង ព្រោះតែផ្ទះធ្លុះធ្លាយរបស់អ្នកស្រី។
លោក សុខ សល្យបញ្ញា ស្ថាបត្យករ និងជាក្រុមដោះស្រាយបញ្ហាដីធ្លី និងផលប៉ះពាល់របស់ក្រុមហ៊ុន OCIC បានឲ្យដឹងថា ក្រុមហ៊ុនបានសាងសង់អគារស្នាក់នៅរួមចំនួន ៧៦ផ្ទះ ស្មើនឹង៤អគារ សម្រាប់ប្រជាពលរដ្ឋសហ គមន៍ដីមាស។ ក្នុងនោះអគារចំនួន២ នឹងបើកឲ្យប្រជាពលរដ្ឋសហគមន៍ដីមាសចូលទៅរស់នៅក្នុងពេលឆាប់ៗ នេះ។
អ្នកស្រី ឈ្នៀង ផាន់ណារី គណៈកម្មការសមាគមន៍ដីមាស បានឲ្យដឹងថា សមាគមន៍ដីមាសមានប្រជាពលរដ្ឋ ប្រមាណ ១៣៧គ្រួសារ បានមកតាំងទីលំនៅក្នុងភូមិដីមាស សង្កាត់ព្រែកលៀបតាំងពីឆ្នាំ១៩៨២។ ប្រជាពល រដ្ឋសហគមន៍ដីមាស សុទ្ធតែសប្បាយរីករាយពេលឮក្រុមហ៊ុនហៅទៅដោះស្រាយបញ្ហា និងបានផ្តល់ផ្ទះល្វែងឲ្យ រស់នៅ ដែលជាគោលនយោបាយដោះស្រាយសំណងមួយដ៏សមរម្យ។
ពីវាលបឹងរហោដ្ឋានគ្មានផ្លូវ គ្មានបណ្តាញទឹក គ្មានប្រព័ន្ធអគ្គិសនី លើផ្ទៃដីទំហំប្រមាណ ១២ហិកតា ដែលជាផ្ទៃ ដីក្រុមហ៊ុនប្រើសម្រាប់សាងសង់សំណង់ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយការអភិវឌ្ឍន៍នោះ ក្រុមហ៊ុន OCIC បានសាងសង់នូវអគារផ្ទះល្វែង ផ្ទះវីឡា ផ្សារដោះដូរទំនិញ ផ្សារត្រី រួមនិងអគារដ្ឋបាលសម្រាប់បម្រើការងាររបស់មន្រ្តីអាជ្ញាធរខណ្ឌជ្រោយចង្វារផងដែរ។
ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងអគារផ្ទះលែ្វង វីលា ផ្សារលក់ដូរ... បានកំពុងប្រែក្លាយផ្ទៃដីដែលមានទំហំ ១២ហិកតា ទៅជាកន្លែងរស់នៅមួយប្រកបដោយសោភណភាព និង ផាសុខភាពសម្រាប់ប្រជាពលរដ្ឋ ខណៈ ដែលអគារច្រើនផ្សេងៗទៀត កំពុងដំណើរការសាងសង់។
លោក ម៉ី សារិន ប្រធានការដ្ឋានសាងសង់ក្រុងរណបជ្រោយចង្វារ បានរៀបរាប់ថា មកដល់ពេលបច្ចុប្បន្នលើផ្ទៃ ដីសាងសង់សំណង់ដោះដូរជាមួយប្រជាពលរដ្ឋទំហំ ១២ហិកតានោះ ក្រុមហ៊ុនបានសាងសង់ផ្ទះចំនួន ២០៨ ល្វែង ហើយផ្ទះល្វែង ១៧៦ល្វែងត្រូវបានសាងសង់រួចរាល់ ហើយប្រជាពលរដ្ឋបានចូលមកស្នាក់នៅផងដែរ។ ជាមួយគ្នានេះ ប្រព័ន្ធផ្លូវត្រូវបានក្រុមហ៊ុនសាងសង់ធំទូលាយទៅតាមស្តង់ដារ ដាក់លូបង្ហូរទឹកបានត្រឹមត្រូវ ហើយប្រព័ន្ធទឹកស្អាត និង ភ្លើង បានតចូលរួចរាល់ហើយ។
លោក ម៉ី សារិន បានបន្តថា ប្រជាពលរដ្ឋបានរស់នៅដោយភាពសប្បាយរីករាយ និងមានផាសុខភាព ជាមួយ សំណង់ផ្ទះល្វែងរឹងមាំ និងស្រស់ស្អាត។
ប្រជាពលរដ្ឋ ដែលបានចូលមកស្នាក់នៅលើផ្ទះល្វែងក្នុងបុរីរុងរឿង ដែលជាសំណងគោលនយោបាយរបស់ក្រុម ហ៊ុន OCIC នោះ សុទ្ធតែបានសម្តែងការពេញចិត្តជាមួយគោលនយោបាយរបស់ក្រុមហ៊ុន និងបានថ្លែងកោតស សើរក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋ ខុសពីបណ្តាក្រុមហ៊ុនមួយចំនួន។
ក្រៅពីការជួយឲ្យពួកគាត់បានរស់នៅចៀសផុតពីការលិចទឹក គ្មានទឹកស្អាត គ្មានផ្លូវ ពេលរស់នៅលើផ្ទះចាស់ ដែលមិនទាន់អភិវឌ្ឍន៍នោះ លំនៅដ្ឋានថ្មីនេះ ក៏បង្កលក្ខណៈ និងបរិយាកាសឲ្យពួកគាត់ប្រកបរបរលក់ដូររក ប្រាក់កម្រៃចិញ្ចឹមជីវិតបានស្រួលផងដែរ។
អ្នកស្រី សុស ម៉ារ៉ានី ប្រជាពលរដ្ឋម្នាក់ ដែលធ្លាប់បានរស់នៅក្នុងសង្កាត់ជ្រោយចង្វារគ្រាមិនទាន់បានអភិវឌ្ឍន៍ ហើយបច្ចុប្បន្នកំពុងរស់នៅលើផ្ទះល្វែងក្នុងបុរីរុងរឿងផ្តល់ដោយក្រុមហ៊ុននោះ បានសម្តែងការសប្បាយចិត្ត ចំពោះសំណងរបស់ក្រុមហ៊ុនដោយគ្មានការបង្ខិតបង្ខំ និងមិនបន្សល់ទឹកភ្នែកដល់ប្រជាពលរដ្ឋ។ លំនៅដ្ឋានថ្មី នេះមានបរិយាកាសល្អប្រសើរច្រើន បើធៀបលំនៅដ្ឋានចាស់នៅលើទឹកបឹងក្លិនស្អុយ។
អ្នកស្រីបានបន្តជាមួយភាពញញឹមញញែមថា «ខ្ញុំសប្បាយចិត្ត! ទីមួយផ្ទះខ្ញុំនៅទីនោះវាលិចទឹក ដីខ្ញុំក៏តូច។ ខ្ញុំ មកនេះផ្ទះវាស្អាត ផ្លូវល្អ ហើយក្រុមហ៊ុនដោះដូរទៅតាមការចង់បានរបស់យើង ដូច្នេះអត់មានការបង្ខិតបង្ខំអី ទេ។ ក្រុមហ៊ុនចូលរួមដោះស្រាយដោយរលូន អត់បង្ខិតបង្ខំចឹងសប្បាយចិត្ត។ ខ្ញុំឃើញថា ការដោះដូររបស់ក្រុម ហ៊ុន OCIC នេះល្អប្រសើរ គ្មានប្រជាជនណាមួយទឹកភ្នែក។ ឃើញថា ការដោះស្រាយរបស់គាត់ល្អមែនទែន ជា គំរូល្អសម្រាប់ប្រជាពលរដ្ឋ ក្រុមហ៊ុនផ្សេងៗកាលណាគេធ្វើការអភិវឌ្ឍន៍ ប្រជាជនតែទឹកភ្នែកគ្រប់ទីកន្លែងតែនេះ ធ្វើឲ្យប្រជាជនសប្បាយចិត្តភាគច្រើន»។
លោក សូយ គង់ ដែលពីមិនទាន់អភិវឌ្ឍន៍រស់នៅក្នុងសង្កាត់ព្រែកតាសេកនោះ បានបញ្ជាក់ថា កាលដើមឡើយ លំនៅដ្ឋានរបស់គាត់នៅលើទឹក គ្មានផ្លូវត្រឹមត្រូវ គ្មានប្រព័ន្ធទឹក ធ្វើឲ្យគាត់លំបាករស់នៅ។ ក្រោយការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន OCIC ធ្វើឲ្យមានផ្លូវ ទឹក ភ្លើង ត្រឹមត្រូវបានជួយលើកកម្ពស់ជីវភាព និងសោភណភាពជីវិតប្រចាំ ថ្ងៃរបស់បានមួយកម្រិតថែមទៀត។ លោក សូយ គង់ បានសម្តែងការរីករាយចំពោះសំណងរបស់ក្រុមហ៊ុន ដែលមានគោលការណ៍ច្បាស់ខុសពីក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន។
ជាមួយសម្តីមួយៗ ទឹកមុខរីករាយ លោក សូយ គង់ បានបន្តថា «ភ្លៀងខ្យល់មកមិនខ្លាចដូចផ្ទះ មានជញ្ជាំង មានដំបូលត្រឹមត្រូវ។ ងាយស្រួលព្រោះក្រុមហ៊ុនគេយកចិត្តដាក់ចំពោះយើង។ ខ្ញុំសប្បាយចិត្តដែលក្រុមហ៊ុន បានធ្វើផ្ទះជូនប្រជាពលរដ្ឋ ចំពោះក្រុមហ៊ុនដទៃខ្ញុំអត់ដឹងទេ តែក្រុមហ៊ុននេះល្អរបស់គេ គេមានផ្ទះមានតូបលក់ ជូនប្រជាពលរដ្ឋ សមហេតុសមផល»។
លើសពីការផ្តល់នូវសំណង់ផ្ទះល្វែង និងតូបលក់ដូរនៅក្នុងផ្សារ ដែលជាសំណងគោលនយោបាយ ដ៏សមរម្យជា មួយប្រជាពលរដ្ឋហើយនោះ ក្រុមហ៊ុន OCIC នៅបានគិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងបុរីរុងរឿង ថែមទៀត។ ក្រុមហ៊ុន បានចងក្រងជាសហគមន៍បុរីរុងរឿង ដោយប្រជាពលរដ្ឋ ដែលបានចូលជាសមាជិកសហ គមន៍ នឹងទទួលបានការឧបត្ថម្ភផ្សេងៗពីក្រុមហ៊ុនរាល់ពេលមានពិធីបុណ្យជាតិធំៗ ដូចបុណ្យចូលឆ្នាំ បុណ្យភ្ជុំ បិណ្ឌ ឬបុណ្យចូលឆ្នាំចិនជាដើម ហើយក្រុមហ៊ុននៅមានផ្តល់អាហារូបករណ៍ដល់កូនចៅប្រជាពលរដ្ឋសម្រាប់ សិក្សានៅមហាវិទ្យាល័យថែមទៀត សម្រាប់គ្រួសារខ្វះខាតក្នុងជីវភាព ។
លោក ម៉ាន់ ឈឿន ប្រធានគណៈកម្មាធិការបុរីរុងរឿងស្តីទី បានហៅការបង្កើតសហគមន៍បុរីរុងរឿងនេះថា ជាការ បង្កើតទំនាក់ទំនង និងសាមគ្គីភាពរវាងអ្នកវិនិយោគ ជាមួយប្រជាពលរដ្ឋ។ លោកក៏បានបញ្ជាក់ផងដែរថា ក្រុម ហ៊ុន ក៏នឹងគ្រៀងបង្កើតឥណទានមុខរបរខ្នាតតូចសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍បុរីរុងរឿងទៅពង្រីកមុខរបរ រកស៊ីចិញ្ចឹមជីវិតផងដែរ។
ប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទៅរស់នៅក្នុងបុរីរឿងសុទ្ធតែបានបង្ហាញការសប្បាយចិត្ត និងមើលឃើញថា ការ ប្រែក្លាយតំបន់បឹងល្វឹងល្វើយ ទៅជាកន្លែងរស់នៅដ៏ស្រស់បំព្រងនេះថា ជាការអភិវឌ្ឍន៍មួយដ៏ត្រឹមត្រូវរបស់រាជ រដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់ឧកញ៉ា ពង់ ឃាវសែ៕
លោក ម៉ាន់ ឈឿន ប្រធានគណៈកម្មាធិការបុរីរុងរឿងស្តីទី
លោក សុខ សល្យបញ្ញា ស្ថាបត្យករ និងជាក្រុមដោះស្រាយបញ្ហាដីធ្លី និងផលប៉ះពាល់របស់ក្រុមហ៊ុន OCIC ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ
អ្នកស្រី ថូ ទូច ថ្លែងពីទុក្ខលំបាករស់លើផ្ទះក្នុងទឹកបឹង និងភាពរីករាយក្រោយក្រុមហ៊ុនផ្តល់សំណងឲ្យទៅរស់នៅក្នុងបុរីរុងរឿង
អ្នកស្រី ថោង សុខា បង្ហាញអារម្មណ៍រីករាយពេលក្រុមហ៊ុនផ្តល់សំណងសមរម្យ
អ្នកស្រី ឈ្នៀង ផាន់ណារី គណៈកម្មការសមាគមន៍ដីមាស
អ្នកស្រី សុស ម៉ារ៉ានី
លោក សូយ គង់
ទិដ្ឋភាពផ្ទះប្រជាពលរដ្ឋនៅសហគមន៍ដីមាស ដែលជន់លិចដោយទឹកភ្លៀង
បណ្តាញទឹកស្អាត ដែលតចូលដល់ក្នុងបុរីរុងរឿង