- សមត្ថកិច្ចសហកាជាមួយ នាយកសាលា ទាំងរដ្ឋ និងឯកជន ចូលរួមទប់ស្កាត់ទង្វើ បំពុលសង្គម
- ក្រុមក្មេងទំនើងទាំងអស់ ត្រូវធ្វើតេស្តទឹកនោម ចង់ដឹងពីសារធាតុញៀន
កំពង់ចាម៖ រយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមក្មេងស្ទាវ នៅខេត្តកំពង់ចាម បានប្រើរូបភាពថ្មី ដោយកែច្នៃ និង បំពាក់ស៊ីម៉ាំងធំៗ ទៅលើម៉ូតូរបស់ខ្លួន រួចនាំគ្នាបើកបំពងសំឡេង ឮសូរប្រែនៗ រំខានដល់ការធ្វើដំណើរ ក៏ដូចជា ការរស់នៅរបស់ប្រជាពលរដ្ឋ។ វប្បធម៌បង្កអំពើអសីលធម៌ របស់ក្រុមក្មេងស្ទាងក្នុងទីរួមខេត្តកំពង់ចាម មិនត្រូវបាន រួចផុតពីកណ្តាប់ដៃដែករបស់កម្លាំងនគរបាលខេត្តកំពង់ចាមនោះឡើយ ពោលបានចុះទៅឃាត់ខ្លួនភ្លាមៗ យកមក អប់រំ ធ្វើកិច្ចសន្យា ហើយឲ្យដោះបំពង់ស៊ីម៉ាំងកែច្នៃទាំងនេះចេញជំនួសនូវបំពង់ស៊ីម៉ាំងធម្មតាឡើងវិញ។
នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤ ក្រុមក្មេងស្ទាវចំនួន ៦ម៉ូតូ ដែលសុទ្ធតែស៊េរីទំនើប និងថ្លៃៗទៀតនោះ បាន បើកប្រជែងគ្នា ហើយបើករោទិ៍ឮសូរប្រែនៗ លាន់ទ្រហឹងអឹងកងតាមដងផ្លូវសាធារណៈ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅតាមផ្ទះ។ បើអ្នកមានជំងឺបេះដូងវិញ នៅពេលជិះជិតក្រុមក្មេងស្ទាវទាំងនេះ និងឮសំឡេងយ៉ាងដូច្នេះ ច្បាស់ជាដួលសន្លប់ជាក់ជាមិនខាន។
ដោយសារមានសេចក្តីរាយការណ៍ និងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ លើសកម្មភាពអនាធិបតេយ្យក្នុងសង្គម របស់ក្រុមក្មេងស្ទាវទាំងនេះ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យកម្លាំង នគរបាលក្រុងកំពង់ចាម និងកម្លាំងនគរបាលជំនាញពាក់ព័ន្ធផ្សេងទៀត បើកប្រតិបត្តិការចុះចាប់ពួកគេ ដើម្បីយក មកអប់រំ ធ្វើកិច្ចសន្យា និងឲ្យដោះបំពង់ស៊ីម៉ាំងច្នៃចេញពីម៉ូតូ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «រយៈពេល៤ថ្ងៃនេះ ចេញរូបភាពថ្មីមួយទៀត គឺក្រុមក្មេងទំនើង បាន រៀបចំម៉ូតូកែច្នៃ ពីស៊ីម៉ាំងធម្មតា ដាក់ស៊ីម៉ាំង ឮសូរប្រែនៗ សំឡេងខ្លាំងដូចឡាន GMC ចឹង! ឥឡូវនេះ ខ្ញុំបាន ទទួលបញ្ជាពីប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក លន់ លឹមថៃ យើងបានស្ទាក់ចាប់ម៉ូតូទាំងនេះ ចំនួន ៦ គ្រឿង ដើម្បីអប់រំឲ្យធ្វើកិច្ចសន្យា ហើយណែនាំទៅពួកគេបានស្ម័គ្រចិត្ត ដោះស៊ីម៉ាំងកែច្នៃទាំងនេះចេញប្រគល់ឲ្យ នគរបាល ហើយដាក់ស៊ីម៉ាំងធម្មតាវិញ»។
លោកស្នងការ បែន រ័ត្ន បានបញ្ជាក់នូវវិធានការសម្រាប់ទប់ស្កាត់បញ្ហាទាំងនេះថា «ចំពោះករណីនេះ យើងនឹងធ្វើ បន្តទៀត ហើយខ្ញុំបានទាក់ទងទៅនាយកសាលាទាំងរដ្ឋ និងឯកជនក្នុងខេត្ត ដើម្បីជួយអប់រំយុវសិស្សទាំងនោះ កុំ ឲ្យមានការកែច្នៃនាំឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត»។
សម្រាប់ម៉ូតូទាំង៦គ្រឿង ដែលសមត្ថកិច្ចដកហូត បានក្នុងប្រតិបត្តិការលើកទី១នេះ បានរកឃើញម៉ូតូ ពាក់ស្លាក លេខក្លែងក្លាយមួយគ្រឿង និងម៉ូតូអត់មានស្លាកលេខចំនួន ៣គ្រឿងផងដែរ។ ស្នងការនគរបាលខេត្តកំពង់ចាម បានបន្តទៀតថា ចំពោះក្រុមទំនើង ដែលជិះម៉ូតូ ហើយកម្លាំងសមត្ថកិច្ចរបស់លោកឃាត់នោះ ត្រូវបង្ខំធ្វើតេស្តទឹក នោម ដើម្បីរកឲ្យឃើញថា តើក្នុងចំណោមពួកគេ មាននរណា ប្រើប្រាស់គ្រឿងអត់? ជាលទ្ធផល ក្រោយការធ្វើ តេស្តទឹកនោមរួច មានយុវជនម្នាក់ ត្រូវបានរកឃើញមានសារធាតុថ្នាំញៀនក្នុងខ្លួន។
សម្រាប់ជន ដែលធ្វើតេស្តរកឃើញមានសារធាតុញៀនក្នុងខ្លួននេះ លោកស្នងការ បែន រ័ត្ន បានទាក់ទងទៅក្រុម គ្រួសារ និងអាណាព្យាបាល មកធ្វើកិច្ចសន្យា និងទទួលយកទៅកែប្រែ ក៏ដូចជាធ្វើការព្យាបាលកាយសម្បទាធ្វើជា មនុស្សល្អឡើងវិញ។
មន្រ្តីនគរបាល ខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ផងដែរ ចំពោះប្រតិបត្តិការលុបបំបាត់សកម្មភាពក្រុមក្មេងទំនើង ក្រុមក្មេងស្ទាវ ដែលតែងតែបង្កការអុកឡុកនៅខេត្តនោះ ត្រូវបានលោកស្នងការចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បី ធ្វើការទប់ស្កាត់ ហើយបញ្ហាក្មេងទំនើងនេះ ហាក់បីដូចជាស្ងប់ស្ងាត់អស់រយៈពេលជាយូរណាស់មកហើយ ទើបតែ ពេលនេះ លេចវត្តមានឡើងវិញ ក៏ត្រូវទប់ស្កាត់បន្តទៀត មិនឲ្យធ្វើតាមទំនើងចិត្តនោះទេ៕